​សមាជិក​សភា​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០១​ខែ​មីនា​ថា យ៉ាងហោច​ណាស់​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៥ នាក់​ត្រូវបាន​សម្លាប់​ដោយ​រួមទាំង​កុមារ​​ម្នាក់​និង​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស បន្ទាប់​ពី​កងទ័ព​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដែល​មាន​ជម្លោះ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​មី​​យ៉ាន់​ម៉ា​។​

​លោក​ទុន ថា សេន សមាជិក​សភា​និង លោក​ឃី​ន ធូ ខា អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​នេះ​ឃី​ន​បាន​និយាយថា ការប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​សៅរ៍​នោះបាន​​កើត​ឡើង​បន្ទាប់ពី​ក្រុម​ឧទ្ទាម​នៃ​កងទ័ព​អា​រ៉ា​កាន់​(Arakan) បាន​វាយប្រហារ​ក្បួន​រថយន្ត​យោធា​ដែល​ឆ្លងកាត់​ទីប្រជុំជន​មួយ​នៅក្នុង​រដ្ឋ​នេះ​។​

​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​នេះ បាន​ស្តីបន្ទោស​កងទ័ព​រដ្ឋាភិបាល​ចំពោះ​ការស្លាប់​និង​របួស​ជន​ស៊ីវិល​ទាំងនោះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល មិនបាន​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណា​នោះ​ទេ​។​

​អ្នកនាំពាក្យ​ក្រុម​ឧទ្ទាម​នេះ បានអោយដឹង​ទៀត​ថា ការ​បាញ់កាំភ្លើង​ធំ​របស់​កងទ័ព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់ចំ​ភូមិ ដោយ​បាន​សម្លាប់​មនុស្ស​៤​នាក់​។ ប៉ុន្តែ អ្នកភូមិ​​ម្នាក់ បាន​និយាយថា យ៉ាងតិចណាស់​ជន​រ៉ូ​ហ៊ីង​យ៉ា​៥​នាក់​បាន​ស្លាប់ ដោយ​រួមទាំង​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ និង​ជន​រ៉ូ​ហ៊ីង​យ៉ា​១១​នាក់​ផ្សេង​ទៀត​បាន​រង​​របួស​។​

​រដ្ឋ​រ៉ាក់​ឃីន​គឺជារ​ដ្ឋ​ដែល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧៣០.០០០ នាក់​ត្រូវបាន​បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែស​ជា​ប្រទេស​នៅ​ជិតខាង​បន្ទាប់ពី​មាន​​ការបង្ក្រាប​ដោយ​យោធា​កាលពី​ឆ្នាំ ២០១៧ បន្ទាប់ពី​ក្រុម​ឧទ្ទាម​បាន​ឆ្មក់​វាយប្រហារ​លើ​ប៉ុស្ត​សន្តិសុខ​របស់​រដ្ឋាភិបាល​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រជាជន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ​នៅ​ទីក្រុង​មួង​ដរ​ក្នុង​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២៧​ខែ​កុម្ភៈ ឆ្នាំ​២០២០