នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូបានសន្យាកាលពីថ្ងៃអាទិត្យទី១មីនាថានឹងកាត់យកផ្នែកសំខាន់ៗនៃតំបន់វេសប៊ែង ក្នុងពេលប៉ុន្មាន “សប្តាហ៍” ប៉ុណ្ណោះ ប្រសិនបើជាប់ឆ្នោតជាថ្មី ខណៈលោកព្យាយាមអន្ទងចិត្តអ្នកបោះឆ្នោត នៅមួយថ្ងៃមុនការបោះឆ្នោតលើកទី ៣ របស់ប្រទេសក្នុងពេលត្រឹមមួយឆ្នាំ។
ការស្ទង់មតិចុងក្រោយបានចង្អុលបង្ហាញអំពីការប្រកួតប្រជែងដ៏ស្វិតស្វាញមួយទៀតរវាងបក្សស្តាំនិយមរបស់ណេតាន់យ៉ាហ៊ូគឺបក្សលីឃូដ និង គណបក្សកណ្តាលនិយម គឺបក្សខៀវនិងស ដែលដឹកនាំដោយអតីតមេបញ្ជាការយោធាលោកបេននី ហ្គាន។
គ្រប់គណបក្សទាំងអស់បានលើកឡើងពីការព្រួយបារម្ភអំពីសេចក្ដីព្រងើយកន្ដើយរបស់អ្នកបោះឆ្នោត ចំពេលមានភាពជាប់គាំងនយោបាយគ្មានទីបញ្ចប់ ដែលរឹតធ្វើឱ្យអ្នកបោះឆ្នោតអល់អែកមិនចង់ចេញទៅបោះឆ្នោត។
លោកណេតាន់យ៉ាហ៊ូ ដែលជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេបំផុតរបស់អ៊ីស្រាអែល ត្រូវបានចោទប្រកាន់នៅមុនពេលការបោះឆ្នោតមុនៗពីបទលេងល្បិចនៅវិនាទីចុងក្រោយដើម្បីពង្រឹងមូលដ្ឋានស្តាំនិយមរបស់គាត់។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសាធារណៈអ៊ីស្រាអែល លោកបាននិយាយថា ការកាត់យកជ្រលងភ្នំហ្សកដានីដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និង ផ្នែកផ្សេងទៀតនៃតំបន់វេសប៊ែល គឺជាអាទិភាពកំពូលរបស់លោកក្នុងចំណោមបេសកកម្មបន្ទាន់ធំៗចំនួន ៤ ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយ ២៤ ម៉ោងមុនការបោះឆ្នោតចាប់ផ្តើម យ៉ាងដូច្នេះថា “វានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដែលយូរបំផុតគឺពីរខែ”។
ផែនការសន្តិភាពមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ ដែលគេរិះគន់យ៉ាងខ្លាំងនោះ បានផ្តល់ឱ្យរដ្ឋជ្វីហ្វមួយនេះនូវភ្លើងខៀវដើម្បីកាត់យកជ្រលងភ្នំហ្ស៊កដានីនិងបានស្នើឱ្យមានគណៈកម្មាធិការមួយដើម្បីកំណត់ព្រំដែនពិតប្រាកដនៃដែនដីនេះ។
លោកណេតាន់យ៉ាហ៊ូបាននិយាយថា “គណៈកម្មការផែនទីអាម៉េរិក-អ៊ីស្រាអែលរួមគ្នាបានចាប់ផ្តើមធ្វើការមួយសប្តាហ៍មកហើយ”៕ ដោយ៖ កញ្ញាដាលីស