​អ្នកឃ្លាំមើល​សង្គ្រាម​បាន​រាយការណ៍​ថា​ការវាយប្រហារ​ដោយ​យន្តហោះ​ឌ្រូ​ន​របស់​តួ​ក​គី​នៅ​ខេត្ត​អ៊ី​ត​លី​ប​(Idlib) ភាគ​ពាយព្យ​នៃ​ប្រទេស​ស៊ី​រី បានសម្លាប់​ទាហាន​​រដ្ឋាភិបាល​១៩ នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​០១​មីនា​ខណៈ​ដែល​ភាព​តានតឹង​បាន​កើន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​(​ស៊ី​រី​)​និង​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​(​តួ​ក​គី​)​។​

​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ី​រី Observatory បាន​និយាយថា អ្នក​ទាំង​១៩​នាក់​នេះ​បាន​ស្លាប់​នៅក្នុង​ការវាយប្រហា​រលើ​ក្បួន​រថយន្ត​យោធា​នៅ​តំបន់​ចា​បាល់ ​អាល់​ហ្ស​វីយ៉ា​និង​នៅ​មូលដ្ឋាន​មួយ​នៅ​ជិត​ទីក្រុង​ម៉ា​អា​រេ​ត អាល់​-​នូ​ម៉ាន ។​

​របាយការណ៍​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​តួ​ក​កី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ី​រី​២​គ្រឿង​នៅ​ក្នុង​ការវាយលុក​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​រដ្ឋាភិបាល​​ក្រុង​ដា​ម៉ាស​នៅ​ខេត្ត​អ៊ី​ត​លី​ប ជា​ទី​ដែល​ពួក​យុទ្ធជន​អ៊ីស្លាម​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បង្ក​ឧបសគ្គ​ធំ​បំផុត​ដល់​រដ្ឋភិបាល​ក្រុង​ដា​ម៉ាស់​ក្នុង​ដណ្តើម​​ការគ្រប់គ្រង​ប្រទេស​ស៊ី​រី​ទាំងស្រុង​ឡើងវិញ​។​

​បន្ទាប់ពី​មាន​អំពើ​ហិង្សា​ជា​ច្រើន​សប្តាហ៍​នៅក្នុង​ខេត្ត​នេះ តួ​ក​កី​បាន​បញ្ជាក់​អំពី ប្រតិបត្តិការ​យោធា​ពេញទំហឹង​មួយ​ប្រឆាំង​កងទ័ព​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ បន្ទាប់​ពី​ទាហាន​តួ​ក​គី​ចំនួន​៣៤ នាក់​ត្រូវបាន​សម្លាប់​កាលពី​សប្តាហ៍​មុន​នៅក្នុង​ការវាយប្រហារ​តាម​អាកាស ដែល​ត្រូវបាន​ស្តីបន្ទោស​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​​ដា​ម៉ាស​។​

​ស្ថានការណ៍​នៅ​ខេត្ត​អ៊ី​ត​លី​ប គឺ​មាន​ភាពវឹកវរ​និង​អស្ថិរភាព​រួច​ទៅ​ហើយ​នៅពេល ដែល​រដ្ឋាភិបាល​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នេះ​បាន​បង្កើន​ការវាយប្រហារ​​លើ​តំបន់​នេះ​ដើម្បី​ដណ្តើមយក​តំបន់​របស់​ក្រុមប្រឆាំង​ចុងក្រោយ​នោះ​មក​វិញ នៅក្នុង​សង្គ្រាម​ស៊ីវិល​រយៈពេល​៩ ឆ្នាំ​មកនេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ផ្សែងហុយ​ពីលើ​ភូមិ​មួយ​នៅ​ខេត្ត​អ៊ី​ត​លី​ប ប្រទេស​ស៊ី​រី​បន្ទាប់ពី​មានការ​វាយប្រហារ​តាម​អាកាស​ដោយ​រុស្ស៊ី