ជាមួយនឹងដំណោះស្រាយឆ្លើយតបប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព និងភាពអស្ចារ្យ បណ្តាក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់ចិននិងក្រុមហ៊ុនទើបចាប់ផ្តើមជាច្រើនកំពុងនាំមកនូវគុណតម្លៃយ៉ាងវិសេសវិសាលដល់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
ពីបច្ចេកវិជ្ជា AI បច្ចេកវិជ្ជា 5G មនុស្សយន្ត ការវិភាគទិន្នន័យធំៗរហូតដល់ប្រព័ន្ធ Blockchain ក្រុមហ៊ុននានាបានកំពុងរួមវិភាគទានជំនាញពិសេសៗរបស់ពួកគេដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសមរណានេះ។
ក្រុមអ្នកជំនាញបាននិយាយថាការប្រើប្រាស់បច្ចេកវិជ្ជាច្នៃប្រឌិតថ្មីៗយ៉ាងទូលំទូលាយសម្រាប់ការប្រយុទ្ធនឹងវីរុសកូរ៉ូណាអាចបង្កឱ្យមាននិន្នាការថ្មីនៅក្នុងការលូតលាស់ផ្នែកសេដ្ឋកិច្ចឌីជីថលរបស់ចិននាពេលអនាគត។
លោក លូ ជួនយីង ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការគ្រប់គ្រងអ៊ីនធឺណេតសកល ដែលជាផ្នែកមួយនៃវិទ្យាស្ថានសៀងហៃសម្រាប់ការសិក្សាអន្តរជាតិ បាននិយាយថា តួអង្គបច្ចេកវិជ្ជាចិនកំពុងស្វែងរកវិធីដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិជ្ជារបស់ពួកគេចំពេលវីរុសកូរ៉ូណាកំពុងរីករាលដាល។
លោកបាននិយាយថាល្បឿនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុនបច្ចេកវិជ្ជាក្នុងការកែច្នៃនូវបច្ចេកវិជ្ជាដែលមានស្រាប់សម្រាប់អនុវត្តក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនិងសមត្ថភាពរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាបារម្ភគឺបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលខុសត្រូវចំពោះសង្គម។
លោកលូនិយាយថា “ម៉្យាងវិញទៀត ក្រុមហ៊ុនបច្ចេកវិជ្ជាបានធានានូវសុខុមាលភាពរបស់ប្រជាជននិងជួយធ្វើឱ្យសង្គមមានដំណើរការឡើងវិញ។ ម្យ៉ាងវិញទៀត បច្ចេកវិជ្ជាកំពុងលេចឡើងថ្មីៗគឺមានសារៈសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិនឱ្យឈានដល់កម្រិតថ្មីមួយចំពេលវីរុសកំពុងរាលដាល។ ឥឡូវនេះបច្ចេកវិជ្ជាទាំងនេះនឹងអាចទទួលយកបានកាន់តែទូលំទូលាយនៅក្នុងប្រទេសចិននិងត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ក្រុមហ៊ុននានា និងសង្គម”។
នៅក្នុងសេណារីយ៉ូដ៏អាប់អួរ បណ្តាក្រុមហ៊ុនបច្ចេកវិជ្ជាខ្ពស់បានបង្កើតប្រព័ន្ធ AI ថ្មីនិងដំណោះស្រាយ 5G សម្រាប់អនុវត្តលើការគ្រប់គ្រងមេរោគផ្សេងៗ ដែលជួយពង្រឹងសមត្ថភាពដល់បុគ្គលិកពេទ្យជួរមុខ។
ពួកគេកំពុងឆ្លើយតបទៅនឹងអ្វីដែលលោកប្រធានាធិបតីស៊ី ជីនពីងបានសង្កត់ធ្ងន់កាលពីថ្ងៃទី ២៣ ខែកុម្ភៈថា កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើងដើម្បីបង្ហាញឱ្យបានពេញលេញនូវសក្តានុពលនិងកម្លាំងចលករដ៏ខ្លាំងក្លានៃការអភិវឌ្ឍរបស់ចិននិងខិតខំដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅឆ្នាំនេះ។
ដោយហេតុថាកំពុងមានការលំបាកលើហេដ្ឋារចនាសម្ពន្ធ័ដែលពឹងលើបច្ចេកវិជ្ជានៅតាមទីក្រុងធំៗដែលសម្បូរមនុស្សរស់នៅ ក្រុមហ៊ុន AI ធំៗដូចជា Megvii, Cloud-Walk និង SenseTime បានបង្កើតប្រព័ន្ធរាវរកគ្រុនក្តៅជាមួយនឹងឧបករណ៍ត្រួតពិនិត្យដែលមិនចាំបាច់ប៉ះពាល់ជាមួយមនុស្ស និង ប្រព័ន្ធបន្លឺសញ្ញាដាស់តឿនដោយស្វ័យប្រវត្តិ។
ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនបានឈានជើងចូលមកដែរដោយប្រមូលយកទស្សនៈពីអ្នកប្រើប្រាស់ដើម្បីជួយរដ្ឋបាលក្នុងស្រុកបង្កើតវិធានការបង្ការ។ តាមរយៈការប្រើប្រាស់ទិន្នន័យនៃស្មាតហ្វូនចំនួន ១,៦ ពាន់លានគ្រឿងនៅចិន ពួកវាបានផ្តល់នូវការយល់ដឹងអំពីលំហូរចរាចរណ៍នៅក្នុងខេត្តនិងក្រុងនានា។
ទិន្នន័យនេះជួយអាជ្ញាធរក្នុងការទស្សន៍ទាយថាតើវីរុសអាចឆ្លងរាលដាលទៅទិសដៅណា ហើយដូច្នេះអាចដាក់ចេញនូវវិធានការគោលដៅដើម្បីការពារការផ្ទុះឡើងនៃវីរុសឬកុំឱ្យការរាលដាលកាន់តែដុបដាបឡើង។
ខណៈការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបំលាស់ទីទ្រង់ទ្រាយធំរបស់ប្រជាជនមានសារៈសំខាន់ក្នុងការការពារការរីករាលដាលនៃមេរោគបន្ថែមទៀតនោះ ក្រុមហ៊ុនបច្ចេកវិជ្ជាធំៗរបស់ចិនបានកំពុងផ្តល់ការជួយជ្រោមជ្រែងលើការគ្រប់គ្រងសហគមន៍។
ឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុន Tencent Holdings Ltd និងក្រុមហ៊ុន Alibaba Group Holding Ltd បានណែនាំប្រព័ន្ធចេញចូលអេឡិចត្រូនិចសម្រាប់តំបន់លំនៅដ្ឋាន។ ទាំងនេះអនុញ្ញាតឱ្យក្រុមអ្នកគ្រប់គ្រងលំនៅដ្ឋានអាចតាមដានបានច្បាស់លាស់អំពីមនុស្សដែលចេញចូលពីសង្កាត់របស់ពួកគេ រួមទាំងពេលវេលា ភាពញឹកញាប់នៃការចេញចូល និង ស្ថានភាពសុខភាពរបស់ពួកគេ។
ប៉ុន្តែសម្ពាធដ៏ធំបំផុតគឺនៅតែមានចំពោះបុគ្គលិកពេទ្យជួរមុខ ដែលកំពុងធ្វើការគ្រប់ម៉ោងដើម្បីព្យាបាលអ្នកជំងឺ។
ដើម្បីជួយដល់បុគ្គលិកពេទ្យទាំងនោះ ក្រុមហ៊ុន Yitu Technology Co និងក្រុមហ៊ុន SenseTime បានបង្កើតប្រព័ន្ធរូបភាពវេជ្ជសាស្ត្រផ្អែកលើបច្ចេកវិជ្ជា AI ដែលអាចធ្វើការវិភាគសួតដោយស្វ័យប្រវត្តិនិងស្នើឱ្យមានជម្រើសនៃការព្យាបាល។ ជាលទ្ធផល នេះអនុញ្ញាតឱ្យវេជ្ជបណ្ឌិតធ្វើការសម្រេចចិត្តបានលឿននិងត្រឹមត្រូវជាងមុន។
ដ្រូននិងរ៉ូបូតក៏ចេញមកជួយផងដែរដើម្បីជួយទប់ស្កាត់ការឆ្លងមេរោគនៅតាមតំបន់មានមនុស្សកុះករដូចជា កន្លែងអង្គុយរង់ចាំនៅមន្ទីរពេទ្យ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន និងចំណតឡានក្រុង។
ប៉ូលិសប្រើដ្រូនដើម្បីចេញការព្រមាន។ ប្រសិនបើមនុស្សប្រមូលផ្តុំឬមិនពាក់ម៉ាស់ នោះដ្រូនដែលបំពាក់កាមេរ៉ា អាចថតនិងបញ្ជូនឈុតឆាកបែបនោះទាន់ពេលជាក់ស្តែងទៅកាន់បន្ទប់ត្រួតពិនិត្យ។ ប៉ូលិសនៅក្នុងបន្ទប់ត្រួតពិនិត្យអាចចេញការព្រមានទន់ភ្លន់ឬចេញធម៌ក្តៅទៅកាន់ប្រព័ន្ធអាសយដ្ឋានសាធារណៈ ដែលភ្ជាប់មកជាមួយដ្រូន។
ឥឡូវនេះដ្រូនធ្វើដំណើរនៅតាមច្រករបៀងនៃមន្ទីរពេទ្យមួយចំនួនដើម្បីផ្តល់ដំបូន្មានវេជ្ជសាស្រ្ត ចែកចាយថ្នាំឬអាហារ ដើរតួជាមគ្គុទេសក៍ រៀបចំការលាងសម្អាតមេរោគ ស្ទង់កម្តៅអ្នកជំងឺ និង ធ្វើការងារច្រំដែលផ្សេងៗទៀត។ នេះបានជួយកាត់បន្ថយបន្ទុកការលំបាកយ៉ាងច្រើនដល់បុគ្គលិកសុខាភិបាល។
លោក សៀង លីកាង អ្នកជើងចាស់ខាងទូរគមនាគមន៍និងជាអគ្គនាយកនៃសម្ព័ន្ធប្រើប្រាស់ព័ត៌មាន ដែលជាសមាគមឧស្សាហកម្មទូរគមនាគមន៍ បានទទួលស្គាល់ថា ការរីករាលដាលនៃវីរុសកូរ៉ូណាទំនងជានឹងមានផលប៉ះពាល់រយៈពេលខ្លីទៅលើការអភិវឌ្ឍឧស្សាហកម្មផ្អែកលើអ៊ីនធឺណេត។
ប៉ុន្តែក្នុងរយៈពេលវែង វាអាចចាក់បញ្ចូលនូវសន្ទុះអភិវឌ្ឍន៍ទៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់ចិន ដោយជំរុញឱ្យមានការផ្លាស់ប្តូរមករកប្រព័ន្ធឌីជីថលសម្រាប់ឧស្សាហកម្មប្រពៃណីមួយចំនួនធំ។
លោកសៀងនិយាយថា ឧទាហរណ៍ជាក់ស្តែង ឧស្សាហកម្មដែលចូលរួមដោយផ្ទាល់ក្នុងការបង្ការការរីករាលដាលនៃវីរុសកូរ៉ូណារួមទាំងផ្នែកថែទាំវេជ្ជសាស្ត្រ ភស្តុភារ មនុស្សយន្ត និង វិស័យសន្តិសុខ ទំនងជានឹងមានការកើនឡើងនូវម្រូវការសម្រាប់ប្រព័ន្ធ 5G និង AI បន្ទាប់ពីការរីករាលដាលនៃមេរោគ ដោយជំរុញបច្ចេកវិជ្ជានិងឧស្សាហកម្មពាក់ព័ន្ធនានា ដូចជា Cloud Computing ឱ្យចាប់ផ្តើមនូវយុគសម័យថ្មីមួយ។
លោកនិយាយថា សមត្ថភាពបច្ចេកវិជ្ជារបស់ក្រុមហ៊ុនបច្ចេកវិជ្ជាចិន ការឆ្លើយតបរហ័ស និង ភាពតស៊ូអត់ធន់ពេលកំពុងផ្ទុះមេរោគ បានបង្ហាញថា ការរីករាលដាលនៃវីរុសកូរ៉ូណាអាចជាចំណុចផ្ទុះឡើងនៃបច្ចេកវិជ្ជាថ្មីៗ គឺដូចករណីជំងឺសាឆ្នាំ ២០០៣ ដែរ ដែលបាននាំឱ្យផ្ទុះឡើងនៃពាណិជ្ជកម្មអេឡិចត្រូនិចនៅក្នុងប្រទេស៕ ដោយ៖ កញ្ញាដាលីស