ដោយ:គូលែន/សៀមរាប ៖ កម្ពុជា និងកូរ៉េ បានសហការនិងរួមគ្នាធ្វើមនុស្សធម៌ ដោយផ្ដល់សាលារៀន និងលំនៅដ្ឋានជួនសិស្សានុសិស្ស និងប្រជាពលរដ្ឋ​នៅស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីលើកស្ទួយវិស័យអប់រំ និងលើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋនៅតាមជនបទ ។ការផ្តល់ជូនមនុស្សធម៌ផ្នែកអប់រំនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២០។

អង្គការមិត្ដកម្ពុជា និងសមាគមឡាយអ៊ិនក្លឹបរបស់ប្រទេសកូរេ៉ បានសហការ​និងរួមគ្នា​ធ្វើមនុស្សធម៌ ដោយផ្ដល់សាលារៀន និងលំនៅដ្ឋានជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីលើកស្ទួយវិស័យអប់រំ និងលើកស្ទួយជីវភាពប្រជាពរដ្ឋនៅតាមជនបទ ។

លោក សាត មាស ប្រធានអង្គការមិត្ដកម្ពុជា បាននិយាយថា ការផ្ដល់ជូន​មនុស្សធម៌ផ្នែកអប់រំនេះ រូមមានអាគារសិក្សាចំនួន២ខ្នង ស្មើនឹង៤បន្ទប់ បន្ទប់ទឹក សំភារសិក្សា ម្ហូបអាហារ ស្រះទឹក ធ្វើខ្លោងទ្វារ របងសាលា តុកៅអី និងការអភិឌ្ឍន៍នៅក្នុងសាលាជាច្រើនទៀតដោយ ដោយចំណាយថវិកា​ប្រមាណ២០ម៉ឺនដុល្លារអាម៉េរិក ដើម្បីឲ្យសិស្សានុសិស្សនៅជនបទ​បានសិក្សារៀនសូត្រ។

លោកបានបន្តថា ខណៈដែលជនបទនោះកំពុងខ្វះខាតសាលារៀន និងមានការកើនឡើងនូវអត្រាសិស្សចូលរៀនថ្មី។ជាមួយគ្នានោះ លំនៅឋាន​ចំនួន៤ខ្នង ដែលមួយខ្នងទំហំមួយខ្នង៦ម៉ែត្រ គុណនឹង៤ម៉ែត្រ ត្រូវបាន​ផ្ដល់ជូនពលរដ្ឋចំនួន៤គ្រួសារផងដែរ ដើម្បីដោះស្រាយភាពជីវភាព ខណៈដែលជីវភាពពួកគាត់ក្រីក្រនិងស្នាក់នៅក្នុងខ្ទមតូចធ្វើពីស្បូវ។ លោកបានបន្ថែមថា ការផ្ដល់មនុស្សធម៌ដល់សាលារៀននិងលំឋានដល់ពលរដ្ឋ​នៅជនបទដាច់ស្រយាលនេះ ដើម្បីធ្វើយ៉ាងណាឲ្យសិស្សមានទឹកចិត្ដ​សិក្សារៀនសូត្រផង និងជួយឲ្យពលរដ្ឋមានទីជម្រកត្រឹមត្រូវផងដែរ។

លោកបានបន្តទៀតថា អង្គការនេះបានដឹកនាំសប្បុរសជនពីប្រទេសកូរ៉េមកធ្វើ​សកម្មភាពតាំងពីឆ្នាំ២០១៣រហូតមកដល់សព្វថ្ងៃនេះរួមមាន កម្មវិធី ពាក់ព័ន្ធនិងវិស័យអប់រំ ។លើសពីនេះទៅទៀត អង្គការមិត្តកម្ពុជាបានជួយសាង​សង់ផ្ទះ អណ្តូងទឹក ខ្លោងទ្វារសាលា របងសាលា អគារសិក្សា ផ្ដល់សំភារសិក្សា ចែកកង់ឲ្យសិស្ស និងមានសកម្មភាពជាច្រើនផ្សេងទៀតនៅតាមបណ្ដា​ខេត្ដជាច្រើនទៀតផងដែរ។

លោក គីម សាងស៊ូ តំណាងក្លឹបឡាយអ៊ិនប្រទេសកូរ៉េ បានឲ្យដឹងថា ប្រទេសកម្ពុជា ធ្លាប់បានជួយដល់ប្រទេសកូរ៉េ និងដើម្បីរិតចំណងមិត្ដភាពនៃ​ប្រទេសទាំងពីរនេះឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។ជាមួយគ្នានោះលោក​ក៏ចង់ឲ្យកុមារនៅជនបទបានសិក្សាបន្ដទៅថ្នាក់ខ្ពស់បន្ថែមទៀត ខណៈដែល​បច្ចុប្បន្នសាលានេះមានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះ។

លោកបានបន្ដថា អង្គការទាំងពីរនេះ នឹងមានគម្រោងផ្ដល់សាលារៀនមួយខ្នង​ទៀត បណ្ណាល័យ ព្រមទាំងការិយាល័យគ្រូបង្រៀនផងដែរ៕/B/Ha