ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាការពារនិងថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស និងចូលរួមថែរក្សាតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ និងតំបន់ជុំវិញនេះឱ្យមានបរិស្ថានល្អស្អាត រមណីយដ្ឋានមិនមានការបំពុល ដោយប្លាស្ទិក ស្របតាមពាក្យស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។ នេះគឺជាការថ្លែង របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា នៅក្នុងពិធីសម្ពោធ ដាក់ឱ្យអនុវត្តគម្រោងថែរក្សាបរិស្ថាន ដែលត្រូវបានដាក់ឈ្មោះថា «គម្រោង អ(R)» និងចែកដបទឹកដល់សិស្សានុសិស្សនៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាគម្រោងរបស់អង្គជឿជាក់លើ សិស្សជនបទកម្ពុជា (CSRT) ដើម្បីកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោក បានបញ្ជាក់ថា ការបដិសេធការប្រើប្រាស់ប្លាស្ទិកដូចជា ថង់យួរដៃ ដបទឹកបរិសុទ្ធ ជាដើមនេះ វាជួយធ្វើឱ្យបរិស្ថានស្អាត គ្មានការបំពុល ដោយសំរាមប្លាស្ទិក ខណៈសំណល់ផ្នែកនេះត្រូវបានគេចាត់ទុកថា ជាការបំពុលដល់បរិស្ថាន ដោយសារតែវាត្រូវការពេលវេលាជាច្រើនរយឆ្នាំ ដើម្បីធ្វើការបំបែកធាតុ ឬរលួយនៅលើផែនដី។
លោកបន្តថា តំបន់រមណីយដ្ឋានអង្គរ គឺជាទីតាំងរមណីយដ្ឋានដ៏ល្បីល្បាញលើ ពិភពលោកដែលមានទេសចរគ្រប់ជាតិសាសន៍ចូលទៅទស្សនា ដែលការណ៍នេះ ទាមទារឱ្យយើងយកចិត្តទុកដាក់កាន់តែខ្ពស់ពីអនាម័យបរិស្ថាន បរិស្ថានស្អាត គ្មានការបំពុលដោយសំណល់ប្លាស្ទិក។ លោកបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចូលរួមទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋដែលកំពង់រស់នៅក្នុងតំបន់ឧទ្យានជាតិ និងភ្ញៀវទេសចរទាំងអស់។ យើងត្រូវរួមសាមគ្គីគ្នាដើម្បីកម្ពុជាស្អាត។
លោកនេត្រ ភក្ត្រា បានថ្លែងថាក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះគម្រោងនិងសកម្មភាពរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្តួចផ្តើមគំនិតអនុវត្តគម្រោងការអប់រំអំពីប្លាស្ទិកក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។ អង្គការនឹងចែកចាយដបទឹកបរិស្ថាន ចំនួន ៤០០០០ ដបជូនដល់អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៦ នៅជុំវិញទីរួមខេត្តសៀមរាបក្នុងរយៈពេល ២ ឆ្នាំ។
លោកគូសបញ្ជាក់ថា ការសហការចូលរួមរបស់អង្គការ CRST ក្នុងការបង្រៀនមេរៀនពីបរិស្ថានដល់សិស្សានុសិស្ស អំពីបរិស្ថាន ការកាត់បន្ថយប្លាស្ទិក ចែកដបទឹកបរិស្ថានសកម្មភាពនេះមានគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋអោយចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស យកចិត្តទុកដាក់លើផាសុកភាព៕/B/Ha



