ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី២៩ កុម្ភៈ កន្លងទៅថ្មីៗនេះ អ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ប្រកួតសងសឹក បានត្រឹមស្មើពិន្ទុជាមួយ អ្នកប្រដាល់ថៃ កេង កាត់ (Keng Kat) ។
អ្នកប្រដាល់ទាំង ២ រូបនេះ ធ្លាប់មានប្រវត្តិប្រកួតគ្នា ជាច្រើនលើកមកហើយៗ រិទ្ធី ពុំធ្លាប់មានប្រវត្តិឈ្នះ កេង កាត់ នោះឡើយ គឺបានត្រឹមតែស្មើពិន្ទុ និង ចាញ់តែប៉ុណ្ណោះ ។ ជំនួបលើកនេះ អាចចាត់ទុកថា រិទ្ធី ត្រៀមខ្លួនបានល្អ ទៅចុះ ដែលគេប្រកួតបានស្មើពិន្ទុ។ ស្ថានភាព ក្នុងពេលប្រកួត រិទ្ធី បានព្យាយាម ប្រើគ្រប់ស្នៀតគុន ដែលគេមាន ដើម្បីយកឈ្នះ កេង កាត់ តែកេង កាត់ ក៏កាន់តែអស្ចារ្យណាស់ ទៅទៀត ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នាពេញទាំង ៥ ទឹក ដែលលទ្ធផលបានត្រឹមតែស្មើពិន្ទុ គ្នាប៉ុណ្ណោះ ។ រិទ្ធី មិនមានឱកាសបានសងសឹក យកឈ្នះ កេង កាត់ ឡើយ ។
ចាន់ ស៊ីណាត ក្លិបនិរោធន៍មានជ័យ ត្រូវអ្នកប្រដាល់ថៃ ឡាំ ណាំឆូក (Lam Namchhok) ទាត់មួយជើងឆ្វេង បណ្ដាលឲ្យសន្លប់ នៅដើមទឹកទី១ តែម្ដង។ នេះជាការប្រកួត ដែល ឡាំ ណាំឆូក ប្រើពេលវេលាខ្លីមែនទែន ។ ស៊ីណាត ដែលចង់ស៊ីជើងក្រោម ឡាំ ណាំឆូក នោះ ត្រូវ ឡាំ ណាំឆូក ទាត់ជើងក្រោម សងវិញ បន្ទាប់គេប្រើជើងឆ្វេង ទាត់ចំថ្គាមស្ដាំរបស់ ស៊ីណាត បណ្ដាលឲ្យស៊ីណាត សន្លប់ក្រោកលែងរួចតែម្ដង ។
ឡុង សំណាង ហៅ សែម ណាង ក្លិបសាលវ័ន្ដកីឡា ប្រកួតឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃ អារ៉ាំ ប៊យ (Aram Boy) ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា ដ៏តឹងតែង ពេញ៥ទឹកនោះ ៕v