ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ជើងខ្លាំង ពុយ វណ្ណៈ នៃក្លិបឃ្លាំងមឿងកីឡា និង ឡុង បេនលឿន នៃក្លិបសាលវ័ន្ដកីឡា បានឆ្លងផុតវគ្គប្រកួតជម្រុះជុំទី២ នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ដូចគ្នា នៅក្នុងការប្រកួតជម្រុះ ចុងក្រោយនៃជុំទី២ ។ ពួកគេទាំង ២ រូប បានឡើងទៅប្រកួតជម្រុះបន្ត នៅជុំទី៣ ដែលនៅសល់ អ្នកប្រដាល់តែ ៨ រូបប៉ុណ្ណោះ ដែលនៅវគ្គទី៣ នេះ អ្នកឈ្នះ នឹងបានឡើង ទៅប្រកួតបន្ត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ឡុង បេនលឿន បានប្រកួតឈ្នះ អ្នកប្រដាល់ជើងខ្លាំង ជំនាន់ក្រោយ អេលីត ភក្ដី ក្លិបប៉ែនកាក់គុនខ្មែរ ដោយពិន្ទុ ។ ស្ថានភាព នៃការប្រកួត ពិតជាតឹងតែងមែន ដោយសារតែទាំងសងខាង សុទ្ធតែត្រូវកាឈ្នះ ដើម្បីឡើងទៅប្រកួតបន្ត នៅជុំទី៣ រូមគ្នា ។ ទោះជាខិតខំយ៉ាងណា ក៏បន្ទាប់ពីប្រកួតចប់ទឹកទី៣ ឡុង បេនលឿន បានក្លាយជាម្ចាស់កៅអី សម្រាប់ប្រកួតជម្រុះ នៅជុំទី៣ ។ ចំពោះ អេលីត ភក្ដី ហាលអាវ មិនមានសំណាង ឡើងទៅប្រកួបន្ត នៅជុំទី៣ ទៀតឡើយ។
ចំពោះ ពុយ វណ្ណៈ វិញ បានប្រកួតឈ្នះ អ្នកប្រដាល់ សូត្រ ខេវិន ក្លិបបក្សីស្លាបដែក ដោយពិន្ទុ ។ សម្រាប់អ្នកប្រដាល់ទាំង ២ រូបនេះ សុទ្ធតែជាអ្នកខ្លាំងដូចគ្នា មិនតែប៉ុណ្ណោះ ខេវិន ខ្ពស់ជាង វណ្ណៈ ទៀតផង ។ ខេវិន ជាអ្នកប្រដាល់ ដែលតែងតែប្រើជង្គង់ និងកែង វាយប្រហារគូប្រកួត តែគេមិនសូវមាន ភាពវាងវៃប៉ុន្មានឡើយ ព្រោះគេប្រើតែស្នៀត ដដែលៗ ទោះបីស្នៀតនោះ មិនអាចស៊ីគូប្រកួតបានក៏ដោយ ។ វណ្ណៈ ទាបក៏ពិតមែន តែគេការពារបានល្អ ពិសេសគេមិនវ៉ៃស្នៀត ច្រំដែលៗនោះទេ ។
វណ្ណៈ បានផ្លាស់ប្ដូរឥរិយាបទវ៉ៃភ្លាមៗ ប្រសិនបើស្នៀត ដែលគេកំពុងប្រើនេះ មិនអាចឆ្លងផុត ប្រព័ន្ធការពាររបស់គូប្រកួត ។ មិនតែប៉ុណ្ណោះ វណ្ណៈ គេចល័តចេញ ពីការវាយប្រហារ របស់គូប្រកួតបានលឿន និងវ៉ៃសងវិញ បានរហ័ស ។ ទោះបីយ៉ាងណា ក៏ការប្រកួតនេះ ស្ថិតក្នុងស្ថានភាពតឹងតែងគ្រាន់បើ។ ពុយ វណ្ណៈ ត្រៀមខ្លួនប្រកួតជម្រុះជុំទី៣ ជាមួយ ឡុង បេនលឿន ។ ចំពោះ សូត្រ ខេវិន ខ្ទាតចេញពីការប្រកួត ត្រឹមនេះហើយៗ នៅជុំទី៣ នរណា ក៏មានជំនឿចិត្តថា វណ្ណៈ នឹងឆ្លងផុតដែរ ។
ចំពោះការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ថៃ វិញនោះ អ្នកប្រដាល់ ដែលមានរហស្សនាមថា អ្នកលេងជួរភ្នំដងរែក បានយកឈ្នះ អ្នកប្រដាល់វ័យចំណាស់ថៃ ប្រា វីត (Pra Vith) ដោយពិន្ទុ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នាពេញទាំង ៥ ទឹក ។ ប្រា វីត ចាស់ហើយ តែគេក៏បានធ្វើឲ្យ សំអាត វេទនា មិនតិចដែរទេ តែអ្នកប្រដាល់ថៃរូបនេះ ក៏ឈឺសាច់ ដោយសារសំអាត មិនស្ទើរដែរទេ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ពានរង្វាន់ វិញនោះ សឿន ឆ្នើម ក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតចាញ់អ្នកប្រដាល់ អ៊ុំ កំសត់ ក្លិបព្រឺទទឹងកីឡា ដោយពិន្ទុ ។ ពួកគេមានរបួសដូចគ្នា នៅទឹកទី៤ តែរបួសនោះ មិនធ្ងន់ធ្ងរនោះទេ គឺគេអាចប្រកួតបន្តបាន រហូតចប់ទឹកទី៥ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ចាប់ផ្ដើមប្ដូរកែងជាមួយគ្នា តាំងពីទឹកទី១ មកម្ល៉េះ ៕v