តារា K-pop នាងជុងហាបានដាក់ខ្លួននាងនៅដាច់ដោយឡែក ក្រោយបុគ្គលិកនាងពីរនាក់តេស្តវិជ្ជមានវីរុសកូរ៉ូណា ក្រោយធ្វើដំណើរទៅអ៊ីតាលី។

ផលិតកម្ម MNH Entertainment បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា តារាចម្រៀងអាយុ២៤ឆ្នាំ ដែលត្រឡប់ពីអ៊ីតាលីមកកូរ៉េខាងត្បូងកាលពីថ្ងៃទី២៤កុម្ភៈ តេស្តអវិជ្ជមានវីរុសកូរ៉ូណាគិតត្រឹមថ្ងៃអាទិត្យទី១មីនា។ ប៉ុន្តែបុគ្គលិករាំអមពីររបស់នាងបានឆ្លងវីរុសកូរ៉ូណា។

ម្នាក់ក្នុងចំណោមនោះបានបង្ហាញរោគសញ្ញាគ្រុនក្តៅក្រោយត្រឡប់មកដល់កូរ៉េខាងត្បូង ខណៈម្នាក់ទៀតទើបដឹងថាឆ្លងវីរុសកូរ៉ូណាក្រោយពេលធ្វើតេស្ត។

ផលិតកម្មនិយាយថា នាងជុងហានិងបុគ្គលិកដទៃទៀត “នឹងដាក់ខ្លួនពួកគេនៅដាច់ពីគេតាមការស្នើពីមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ” ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាល។

រឿងនេះកើតឡើងចំពេលមានការបារម្ភថាតារាកូរ៉េខាងត្បូងដទៃទៀត ដែលបានទៅអ៊ីតាលីថ្មីៗនេះ អាចនឹងឆ្លងវីរុសកូរ៉ូណា។ តារាដូចជា នាង សុង ហេក្យូ នាង ផាក មីនយ៉ុង និង តារាចម្រៀងអាយយូបានចូលរួមកម្មវិធីដើរម៉ូតប្រចាំសប្តាហ៍នៅទីក្រុងមីឡង់ ដែលរៀបចំឡើងពីថ្ងៃទី១៨ដល់២៤កុម្ភៈ។ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា អ្វីដែលធ្វើឱ្យកាន់តែបារម្ភគឺថា តារាភាគច្រើនគឺស្នាក់នៅសណ្ឋាគារតែមួយនៅទីក្រុងមីឡង់៕ ដោយ៖ កញ្ញាដាលីស

នាងជុងហា ដាក់ខ្លួននាងនៅដាច់ដោយឡែកពីគេ ក្រោយបុគ្គលិកនាងពីរនាក់ឆ្លងវីរុសកូរ៉ូណា