ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអំពា វនាវឲ្យប្រជាពលរដ្ឋកម្ពុជាជួយពង្រឹងសេដ្ឋកិច្ចក្នុងស្រុកដោយបង្វែរការធ្វើដំណើរកំសាន្តទៅក្រៅប្រទេសមកធ្វើដំណើរកំសាន្តនៅក្នុងប្រទេសវិញដើម្បីជួយទ្រទ្រង់ដល់វិស័យទេស ចរណ៍នៅក្នុងស្រុក និងជួយដល់អ្នកប្រកប អាជីវកម្មខាងសេវាទេសចរណ៍ដែលកំពុងជួបវិបត្តិដោយសារតែការរីករាលដាលនៃវិរុស Covid-19 ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវបែបនេះនៅព្រឹកថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២០ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសា កលវិទ្យាល័យអាស៊ីអឺរ៉ុបនៅវិទ្យាស្ថានជាតិអប់រំ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ការរីករាលដាលនៃ វិរុស Covid 19 បានធ្វើឲ្យមានបញ្ហាប្រឈមធំជាងគេគឺវិស័យទេសចរណ៍ ។សម្តេចអំពាវនាវចំពោះប្រជាពលរដ្ឋត្រូវខិតខំជួយដល់វិស័យនេះ ។ សម្តេចបានលើកឡើងថាឆ្នាំកន្លងទៅមានទេសចរខ្មែរទៅលេងក្រៅប្រទេសជាងមួយលាននាក់ដូច្នេះយើងគួរបង្វែរមកធ្វើទេសចរណ៍នៅក្នុងប្រ ទេសរបស់យើងអោយស្គាល់ប្រទេសយើងឲ្យអស់សិនមុននឹងទៅកាន់ប្រទេសផ្សេង។

សម្តេចបានមានប្រសាសន៍ថា៖ត្រូវវិស័យទេសចរណ៍របស់យើងពិសេសខិតខំជួយទៅដល់ពួកមគ្គុទេសក៍ទេសចរណ៍ខ្មែរយើង ។ សម្តេចបានលើកឡើងថា៖ ទេសចរខ្មែរយើងដើរមើលអង្គរ មើលប្រាងប្រាសាទជ្សេងៗកន្លងមកយើងបានត្រឹមតែមើលទេ ។ តែយើងមិនដែលបានដឹងថាអំពីប្រវត្តិនៃប្រាសាទរបស់យើងច្បាស់លាស់នោះទេ ។ សម្តេចបានស្នើដល់ពលរដ្ឋខ្មែរនៅពេលទៅទស្សនាប្រាសាទឬរមនិយដ្ឋានជ្សេងៗគួរតែរកមគ្គុទេសទេសចរណ៍ឲ្យធ្វើការណែនាំ ព្រោះ វាបានជួយធ្វើឲ្យយើងយល់ដឹងអំពីប្រវត្តិនៃកេរ្តិ៍តំណែលពីដូនតាផងនិងបានជួយដល់មគ្គុទេសក៏ទេសចរណ៍ឲ្យមានការងារធ្វើនិងមានប្រាក់ចំណូលផងដែរ ៕