Home ព័ត៌មានជាតិ សេដ្ឋកិច្ច លោក​ហ៊ុន​ម៉ា​...

លោក​ហ៊ុន​ម៉ា​ណែ​ត​សម្ពោធ​គម្រោង​វិនិយោគ​ចំនួន​៤​ទឹកប្រាក់​៤៥០​លាន​ដុល្លារ​នៃ​សហព័ន្ធ​ក្រុមហ៊ុន​TitanStone

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​បើកសម្ពោធ​គម្រោង​ធំៗ វិនិយោគ​ចំនួន​៤ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​៤៥០​លាន​ដុល្លារ​របស់​សហព័ន្ធ​ក្រុមហ៊ុន​TitanStoneGroup​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល រាជធានី​ភ្នំពេញ​។​

​គម្រោង​ធំៗ​វិនិយោគ​ចំនួន​៤​ដែលមាន​ទឹកប្រាក់​ប្រមាណ​ជា​៤៥០​លាន​ដុល្លារ​រួមមាន​៖​គម្រោង​ក្រុមហ៊ុន​ធានា​រាប់​រង​,​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​,​គម្រោង​អគារ​ពាណិជ្ជកម្ម​,​និង​គម្រោង​អគារ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បានទទួល​ស្គាល់​និង​កោតសរសើរ​អំពី​ការវិនិយោគ​របស់​សហ​ព័ន្ធ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា និង​ការបន្ត​នាំយកមក​នូវ​បច្ចេកវិទ្យា​អន្តរជាតិ និង​ធនធាន​សំខាន់ៗ​មក​កម្ពុជា​។

​លោក​បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រឹងមាំ និង​មាន​សក្តានុពល​ពេញលេញ​ក្នុងការ​ស្វាគមន៍​សហព័ន្ធ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ដូចជា​សហព័ន្ធ​ក្រុមហ៊ុន​TitanStoneGroup​ដើម្បី​វិនិយោគ​។​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ប្រកបដោយ​ថាមពល​និង​គ្រប់ភាគី​ទាំងអស់​ទាំង​រាជរដ្ឋាភិបាល​វិស័យ​ឯកជន​។​

​បរិយាកាស​អំណោយផល​នៃ​សុខសន្តិភាព ហើយក៏​ជា​សក្ខីកម្ម​មួយ​បង្ហាញ​យ៉ាងច្បាស់​ផងដែរ​ថា អំពី​ទំនុកចិត្ត​របស់​វិនិយោគទុន​ជាតិ​និង​អន្តរជាតិ​និង​បរិយាកាស​អាជីវកម្ម​វិនិយោគ​នៅ​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​។​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​មានការ​កើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​”​។​

​លោក​សូម​អបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ និង​និយោជិត​គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន Titan Stone Group​ក្នុង​ការបន្ត​ពង្រីក​វិសាលភាព​វិនិយោគ​លើ​វិស័យ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​និង​ឈានដល់​ការបើក​សម្ភោ​ធ​ជា​ផ្លូវការ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ទី​តាន ស្តូ​ន ឡៃ​ហ៍ (Titan Stone Life Insurance PLC)​។​ដែលជា​គម្រោង​ទី​៣ បន្ទាប់ពី​ភាពជោគជ័យ​នៃ​ដំណើរការ​គម្រោង​ទី​១ Picasso City Garden និង​គម្រោង​ទី​២KYiCenter​។​

​ទាំងនេះ​គឺ​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​និង​និយោជិត​គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន​ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សក្តានុពល​ទីផ្សារ​និង​ការជឿទុកចិត្ត​របស់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ចំពោះ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា សព្វថ្ងៃនេះ វិស័យ​ធានារ៉ាប់រង​ក្នុង​រយៈកាល​ជិត​១០​ឆ្នាំ​ចុង​ក្រោយនេះ មាន​សន្ទុះ​រីកចម្រើន​និង​បោះជំហាន​ទៅមុខ​ដោយ​ភាពរឹងមាំ​ដោយ​ចំនួន​ប្រតិបត្តិ​ករ​មានការ​កើនឡើង​ជា​បន្តបន្ទាប់​ជាច្រើន​។​ក្នុងនោះ​រួមមាន​ទាំង​ក្រុមហ៊ុន​ធានារ៉ាប់រង​ធំៗ​កម្រិត​អន្តរជាតិ​ជាច្រើន​ក៏បាន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​នេះ​សបញ្ជាក់​ឱ្យឃើញថា​កម្រិតជីវភាព​និង​ចំណេះដឹង​ក្នុងការ​ថែទាំ​សុខភាព​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​លឿន​ហើយ​ជាមួយនឹង​លទ្ធភាព​នេះ​ពួកគាត់​ក៏​ចាប់ផ្តើម​មាន​ផែនការ​គិតគូរ​វែងឆ្ងាយ​ដើម្បី​បង្ការ​ហានិភ័យ​ក្នុងពេល​អនាគត​របស់​ខ្លួន​និង​របស់​សមាជិក​ក្រុមគ្រួសារ​ពួកគាត់​។

លោក​បញ្ជាក់ថា​វឌ្ឍនភាព​នេះ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ប្រកបដោយ​ថាមពល​នៃ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រាជរដ្ឋាភិបាល​វិស័យ​ឯកជន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្រោម​បរិយាកាស​អំណោយផល​នៃ​សុខសន្តិភាព​ស្ថិរភាព​ហើយក៏​ជា​សក្ខីកម្ម​បង្ហាញ​យ៉ាងច្បាស់​ផងដែរ​។​អំពី​ទំនុកចិត្ត​របស់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ចំពោះ​បរិយាកាស​អាជីវកម្ម​និង​វិនិយោគ​នៅ​កម្ពុជា​។​

​ជាពិសេស​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​និង​សូម​អរគុណ​វិនិយោគិន​ទាំងអស់​ដែល​បានជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​សម្រាប់​អាជីវកម្ម​របស់ខ្លួន​ហើយ​សូម​បន្តធ្វើ​ការបណ្ដាក់ទុន​វិនិយោគ​បន្ថែមទៀត​ដើម្បី​ទទួល​នូវ​ប្រយោជន៍​អតិបរមា​ពី​សន្តិភាព​,​ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច​ដែល​កម្ពុជា​កំពុង​តែមាន ទៅតាម​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​រៀងៗ​ខ្លួន​។

​រាជរដ្ឋាភិបាល​កម្ពុជា​តែង​បានចាត់ទុក​ការវិនិយោគ​និង​ធុរកិច្ច​ក្នុង​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។​វឌ្ឍនភាព​នៃ​វិស័យ​ឯកជន​ជា​វឌ្ឍនភាព​រួម​របស់​ប្រទេសជាតិ​។​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​និង​កង្វល់ៗ​ធំ​របស់​វិស័យ​ឯកជន​ក៏ដូចជា​ដើម្បី​ជំរុញ​សក្តានុពល​ចីរភាព​នៃ​កំណើន​,​និង​ភាព​ធន​មាំ​សម្រាប់​ដំណើរការ​រយៈពេល​វែង​ខាងមុខ​របស់​កម្ពុជា​។​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​និង​វិធានការ​ថ្មីៗ​ជាច្រើន​សំដៅ​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​វិស័យ​ឯកជន​រួមចំណែក​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​។​

​លោក​ហេង​វុទ្ធី​ប្រធាន​សមាគម​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា​បាន​ជឿជាក់ថា​គុណសម្បត្តិ​ពិសេស​របស់​ប្រទេស​កម្ពុជា​ត្រូវ​ការឱ្យ​វិនិយោគិន​បរទេស​ស្គាល់​ឱ្យបាន​កានតែច្រើន​។​សមាគម​កំពុង​ដើរតួនាទី​ជា​ស្ពាន​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​និង​សហគ្រាស​បរទេស​ដោយ​ដឹកនាំ​សហគ្រាស​ល្បីៗ​ចូល​វិនិយោគ​កម្ពុជា និង​ជួយ​ធ្វើឱ្យ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាពងាយស្រួល​។

​រីឯ​លោក​WeiQilin​ប្រធាន​ទីប្រឹក្សា​សហព័ន្ធ​ក្រុមហ៊ុន​TitanStoneGroup​បញ្ជាក់ថា​ប្រទេស​កម្ពុ​ជាមាន​ធនធាន​សម្បូរបែប​ទីតាំង​ភូមិសាស្ត្រ​ល្អ​និង​គោលនយោបាយ​សេដ្ឋកិច្ច​បើកទូលាយ​និង​ល្អ​បំផុត​ក​ក្នុង​ទ្វី​ង​អាស៊ី​។​ទៅ​ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា​មានឱកាស​ក្លាយជា​ទីក្រុង​ហុងកុង​តូច​នា​អាស៊ីអាគ្នេយ៍​ព្រមទាំង​អាច​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ថ្មី​មួយទៀត​នៅលើ​ពិភពលោក​។​

​លោក Ye WeiGou អគ្គនាយក​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group និង Titan Stone LifeInsurance ថ្លែងថា​ការធានារ៉ាប់រង​មិន​ត្រឹមតែ​ធានា​ដល់​សុខមាលភាព​ជីវិត​បុគ្គល​និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​ជំនួយ​មួយ​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផងដែរ​។​លោក​សង្ឃឹមថា​ក្នុងការ​នាំចូល​ពី​គោលការណ៍​នៃ​ការផ្តល់​ហិរញ្ញប្បទាន ដើម្បីឱ្យ​ប្រសិទ្ធភាព​វិនិយោគ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​។ ម្យ៉ាងវិញទៀត រចនាសម្ព័ន្ធ​ជាតិ​រប​ស់​ប្រទេស​កម្ពុជា​នៅមាន​ភាព​វ័យក្មេង​ដូច្នេះ​ឧស្សាហកម្ម​ធានារ៉ាប់រង​ពិត​ជាមាន​តម្រូវការ​ទីផ្សារ និង​អត្រា​រីកចំរើន​គឺ​ធំ​ទូលំទូលាយ​។​

​លោក​DengZhenyue​អគ្គនាយក​គ្រប់គ្រង​ទូទៅ​របស់​សហព័ន្ធ​ក្រុមហ៊ុន​TitanStoneGroup​និង​ជា​អគ្គ​ន​នាយក​អគ្គ​ចលនទ្រព្យ​TitanStoneRealEstateDevelopment​បាន​ថ្លែង​ដែរ​ថា​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​កំពុង​រីកចំរើន​យ៉ាង​ឆាប់រហ័ស​ប៉ុន្តែ​គុណភាព​ផលិតផល​លើ​ទីផ្សារ​មានគុណ​ភាពមិន​សម​មា​ត្រា​គ្នា​។​

​សហព័ន្ធ​ក្រុមហ៊ុន​TitanStoneGroup​កំពុង​បន្ត​បើក​ដំណើរការ​គម្រោង​ដែលមាន​គុណភាព​ខ្ពស់​ថ្មី​មួយទៀត​ដែល​មិន​ត្រឹមតែ​ផ្តល់នូវ​ការរស់នៅ​ប្រកបដោយ​សុវត្ថិភាព​និង​ផាសុកភាព​សម្រាប់​សាធារណៈជន​ប៉ុណ្ណោះ​ទេ​តែ​ក៏​សង្ឃឹមថា​យើង​នឹង​ក្លាយជា​សហព័ន្ធ​ក្រុមហ៊ុន​ដឹកនាំ​និង​ឈានមុខ​គេ​នៅលើ​ទីផ្សារ​ផងដែរ​៕S/

​រូបថត​៖​លោក ហ៊ុន ម៉ា​ណែ​ត បើកសម្ពោធ​គម្រោង​ធំៗ វិនិយោគ​ចំនួន​៤ របស់​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group (​រូប​ថ​តៈ មុនី​រ័ត្ន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular