អត្ថបទៈសុផានីតា/កោះកុង៖ដីចំណីព្រែកជិត១ហិកតានៅភូមិទួលគគីរលើឃុំទួលគគីរស្រុកមណ្ឌលសីមាកំពុងរងការចាក់ដីទន្ទ្រានធ្វើជាសម្បត្តិឯកជនទាំងបំពានមិនខ្វល់នឹងការប្រឈមចំពោះមុខច្បាប់នោះទេនិងបង្កប៉ះពាល់ដល់ពលរដ្ឋដែលធ្លាប់អាស្រ័យផលនេសាទទៀតផង។
ក្រុមប្រជាពលរដ្ឋរស់នៅភូមិគគីរលើ បានប្រាប់រស្មីកម្ពុជាដោយសុំមិនបង្ហាញអត្តសញ្ញាណនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះថា ពួកគាត់ជាកសិករដែលធ្លាប់តែដើររើសខ្យង,ងាវ,ចាក់ច្រែង,ដាក់លបក្តាម ជាលក្ខណៈគ្រួសារសម្រាប់ចិញ្ចឹមជីវិត។ប៉ុន្តែចំណីព្រែកនិងព្រៃលិចទឹកទាំងនេះត្រូវបានគេកំពុងចាក់ដីលុបព្រៃលិចទឹកជិត១ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
ពលរដ្ឋបន្តថាអ្នកដែលរំលោភបំពានជាឋានៈតួនាទីជាយោធាផ្កាយ២នៅកងវិស្វកម្មក្រសួងការពារជាតិនៅរាជធានីភ្នំពេញដោយគ្មានអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានមកឃាត់ឬមានវិធានការលើសកម្មភាពល្មើសក្នុងតំបន់សហគមន៍ទួលគគីរនេះទេ។សកម្មភាពចាក់ដីលុបចំណីព្រែកនិងព្រៃលិចទឹកនេះគឺត្រូវបានគេសង្កេតឃើញថាជំទប់ទី២ឃុំទួលគគីរនិងកូនប្រសារចេញមុខមកកាងមើលការខុសត្រូវ។ពលរដ្ឋក៏ដាក់ការសង្ស័យទៀតថាច្បាស់លាស់មានការពាក់ព័ន្ធនឹងអាជ្ញាធរភូមិឃុំទើបការចាក់ដីលុបចំណីព្រែកនិងព្រៃលិចទឹកប្រព្រឹត្តទៅបានដោយរលូនផ្ទុយពីច្បាប់ហាមឃាត់។
ចំណែកលោកហុយហនមេភូមិទួលគគីរលើបានទទួលស្គាល់ថាពិតជាមានការចាក់ដីបំពានចំណីព្រែកសាធារណៈប្រាកដមែន។កន្លងទៅលោកចុះហត្ថលេខាលើលិខិតចាក់ដីចំណុចខាងលើដោយកំណត់ឱ្យទុកចំណីព្រែក២០ម៉ែត្រ។ប៉ុន្តែមិនដឹងថាហេតុអ្វី?បានជាម្ចាស់ដីត្រឡប់ជាចាក់ដីលុបលើចំណីព្រែកទៅវិញ។
លោកស្រីគឹមសុខេមមេឃុំទួលគគីរមិនសុំការបកស្រាយពន្យល់បានទេពីសកម្មភាពលួចចាក់ចូលចំណីព្រែកនិងព្រែលិចទឹកក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។ពាក់ព័ន្ធនឹងបទល្មើសរំលោភបំពាកចំណីព្រែកនិងព្រៃលិចទឹកនេះដែររស្មីកម្ពុជាមិនអាចស្វែងរកប្រភពទំនាក់ទំនងយោធាផ្កាយ២នៅកងវិស្វកម្មក្រសួងការពារជាតិបាននៅឡើយទេ។ព្រោះតែអាជ្ញាធរភូមិនិងឃុំហាក់មានការលាក់លៀមពុំព្រមបង្ហាញអត្តសញ្ញាណ។
ប្រធានសហគមន៍ការពារធនធានធម្មជាតិទួលគគីរគឺលោកមុំវណ្ណថាឱ្យដឹងថាការរំលោភបំពានសម្បត្តិធម្មជាតិបានធ្វើឱ្យការប៉ះពាល់ជាខ្លាំងដល់ពពួកជីវចម្រុះដែលយកព្រៃកោងកាងជាជម្រករស់នៅព្រមទាំងប្រឈមនឹងផុតពូជ។ក៏រឹតតែបង្កការលំបាកបាត់បង់ចំណូលដល់ប្រជាពលរដ្ឋប្រកបរបរនេសាទជាលក្ខណៈគ្រួសារក្រីក្រផងដែរ។បន្ថែមលើនេះលោកវណ្ណថាគូសបញ្ជាក់ថាក្នុងនាមរូបលោកជាប្រធានសហគមន៍លោកសោកស្តាយនៅពេលឃើញអ្នកមានអំណាចហ៊ានបំពានព្រៃលិចទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋមិនខ្វល់នឹងច្បាប់។
លោកក៏ស្នើសុំយ៉ាងទទូចដល់លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្មមន្ទីរដែនដីជាពិសេសលោកស្រីមិថុនាភូថងអភិបាលខេត្តកោះកុងពន្លឿនការចុះមានវិធានការឱ្យឆាប់រហ័ស។មិនដូច្នេះចំណីព្រែកនិងព្រៃលិចទឹកនឹងរងការបំផ្លិចបំផ្លាញអស់គ្មានសល់ទេព្រោះតែអ្នកអាងអំណាចខ្នងបង្អែកការពារ៕S/