ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា ប៊ូ ចាន់ដាណែត កំពុងតែឆាបឆក់ដណ្តើមបានទីផ្សារសម្តែងគួរឲ្យកត់សម្គាល់។ តាមរយៈការសម្តែង តែ ប៉ុន្មានរឿងសោះ ក៏បានធ្វើឲ្យតួស្រីមួយដួងនេះ សាយភាយកេរ្តិ៍ឈ្មោះ ពាសពេញប្រទេសតែម្តង ទាំងនោះគឺបណ្តាលមកពីទេពកោសល្យសម្តែង ពីធម្មជាតិរបស់ របស់នាង ទើបធ្វើឲ្យ ដាណែត មានឈ្មោះបោះសំឡេងខ្លាំងបែបនេះ។
ដោយដណ្តើមបានភាពល្បីល្បាញលឿនបែបនេះ ប៊ូ ចាន់ដាណែត បានធ្វើឲ្យម្ចាស់អាជីវកម្មជាច្រើនចង់បាននាងមកធ្វើជាដៃគូ ជាពិសេសគឺការផ្សព្វផ្សាយ ផលិតផលថែរក្សាសម្រស់។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញា ប៊ូ ចាន់ដាណែត ត្រូវបាន ក្រុមហ៊ុន មិនាលឹម ត្រេឌីង ឯ.ក ពេញចិត្តពេញថ្លើម ដោយជ្រើសរើសកញ្ញា ជាអ្នកតំណាងផលិតផល BellaCare Super Premium Collagen។ អ្នកនាង មន មិនា នាយិកា ក្រុមហ៊ុន បានប្រាប់ថា កញ្ញា ដាណែត ពិតជាស័ក្តិសមជាអ្នកតំណាង ផលិតផលរបស់អ្នកនាង ព្រោះតែកន្លងមក តារាសម្តែង ច្រមុះស្រួចរូបនេះ បានប្រើប្រាស់ផលិតផលនេះ អស់រយៈពេលជិតមួយឆ្នាំ ហើយបានដឹងពីគុណភាព ទើបនាង ព្រមចុះកុងត្រាធ្វើអ្នកតំណាងផលិតផលតែម្តង។
តារាសម្តែង កញ្ញាប៊ូ ចាន់ដាណែត បានឲ្យដឹងថា នេះជាកាដូផ្នែកទូតសុច្ឆន្ទៈ លើកដំបូងសម្រាប់ឆ្នាំ២០២០ ព្រោះកន្លងមកនាង មិនធ្លាប់ចុះកុងត្រា ជាមួយ ផលិតផលផ្សេងៗទេ ប្រសិនបើ នាងមិនបានសាកពីគុណភាព ។ នាងថា ដោយសារ តែប្រើប្រាស់ហើយ ឃើញគុណភាពល្អបែបនេះ ទើបនាងចុះកុងត្រារយៈពេល១ឆ្នាំ។ ដាណែត បន្តថា ប្រសិនបើនាងមិនមានអ្វីប្រែប្រួលទេ ក្រៅពីចុះមួយឆ្នាំនេះហើយ នាងនិងខាងក្រុមហ៊ុន អាចសិក្សាពីគ្នា នឹងបន្តកុងត្រាបន្តបន្ទាប់ទៀត។
ងាកមកការងារសិល្បៈវិញ ដាណែត បានប្រាប់ថា នាងចង់សម្រាកបន្តិចក្នុងឆ្នាំ ២០២០នេះ ព្រោះតែជាឆ្នាំប្រលងចេញ បញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់នាង ដូច្នេះហើយ ប្រសិនបើនាង ទទួលការងារជាអ្នកសម្តែងក្នុងខ្សែភាពយន្តភាគបន្តទៀត នាងអាចនឹងគ្មានពេលមើលមេរៀន សម្រាប់ប្រលងចេញ អ៊ីចឹង ចងឬមិនចង់ ក៏នាងត្រូវតែផ្អាកការងារសិល្បៈមួយរយៈសិនដែរ៕/Ha