ដោយៈសរិទ្ធ/ភ្នំពេញ៖លោកវរសេនីយ៍ឯក ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ ខេត្តព្រៃវែង និង លោក ម៉ាន់ រចនា មន្ត្រីសុរិយោដីស្រុកកំចាយមារ ព្រមទាំងបក្ខពួក២នាក់ទៀត ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ ពីបទ “ឆបោក” ប្រាក់ជាង២លានដុល្លារ តាមរូបភាពលក់ដីខ្យល់ជាង៤០០ហិកតា ។
ក្រោយការចោទប្រកាន់រួចហើយលោកសឿនមុនីរ័ត្នព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនសំណុំរឿងនេះឱ្យលោកកីម៉ានេរ៉ាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីដោយភ្ជាប់ការស្នើសុំដាក់ឱ្យស្ថិតនៅការឃុំខ្លួនបណ្តោះអាសន្នផងដែរ។
តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះ ថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការលើឈ្មោះ ស៊ីវ សុខុមអាយុ៥៤ឆ្នាំជាអធិការនគរបាលស្រុកកំចាយមារឈ្មោះម៉ាន់រចនាអាយុ៣៩ឆ្នាំជាមន្ត្រីសុរិយោដីស្រុកកំចាយមារ ឈ្មោះ ពិន សារន់ អាយុ៥១ឆ្នាំ។ ឈ្មោះ គួន សុវណ្ណ អាយុ២៩ឆ្នាំ ពីបទ “ឆបោក” ប្រព្រឹត្តនៅចំណុចភូមិចំការចេក១ ឃុំក្រញូង និង ភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តាមមាត្រា៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
ទោះបីយ៉ាងណាបច្ចុប្បន្នជនទាំង៤នាក់នេះកំពុងស្ថិតនៅក្រៅឃុំបណ្តោះអាសន្នដែលតុលាការកំពុងបន្តនីតិវិធី អាចឈានដល់ការចាប់ខ្លួននាពេលខាងមុខនេះ។តាមអង្គហេតុពិតប្រាកដមួយបានបង្ហាញថា កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៧និងថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ឈ្មោះស៊ីវសុខុមឈ្មោះម៉ាន់រចនាឈ្មោះពិនសារន់និងឈ្មោះគួនសុវណ្ណបានចុះកិច្ចព្រមព្រៀងទិញលក់ដីជាមួយដើមបណ្តឹងឈ្មោះ តាំង ស្រ៊ីអ៊ុយ។
ក្នុងនោះមានឈ្មោះណមតុងឈ្មោះវ៉ែនវ៉ាន់យូនិងឈ្មោះឈុនអេងលើផ្ទៃដីសរុបចំនួន៤១០,៤៦ហិកតា ដែលមានទីតាំងទី១មានទំហំសរុប២៣១,៤១ហិកតាស្ថិតនៅភូមិចំការចេក១ឃុំក្រញូងស្រុកកំចាយមារខេត្តព្រៃវែង។ទីតាំងទី២មានទំហំ១៧៩,០៥ហិកតាស្ថិតនៅភូមិព្រៃទួលថ្មីឃុំក្របៅស្រុកកំចាយមារខេត្តព្រៃវែងតាមតម្លៃដែលបានឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀង ។
ប្រភពព័ត៌មានដដែល បន្តថា ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងទិញលក់លើកទី១ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ភាគីអ្នកលក់ទាំង៤នាក់ គឺ ឈ្មោះ ស៊ីវ សុខុម ឈ្មោះ ម៉ាន់ រចនា ឈ្មោះ ពិនសារន់ និង ឈ្មោះ គួន សុវណ្ណ បានទទួលប្រាក់ជាបន្តបន្ទាប់ពីភាគីអ្នកទិញ គឺឈ្មោះតាំងស្រ៊ីអ៊ុយឈ្មោះណម តុងឈ្មោះវ៉ែនវ៉ាន់យូនិងឈ្មោះឈុនអេងសរុបចំនួន២.០៣១.៣៨២ដុល្លារអាមេរិករួចហើយ។តែភាគីអ្នកលក់ពុំមានដីប្រគល់ឱ្យភាគីអ្នកទិញឡើយ ។
ទោះបីយ៉ាងណានៅថ្ងៃទី២ខែមីនា ឆ្នាំ២០២០នេះពុំទាន់អាចសុំការបញ្ជាក់ពីលោកវរសេនីយ៍ឯកស៊ីវ សុខុមអធិការនគរបាលស្រុកកំចាយមារ បានទេ ៕S/