ទីភ្នាក់ងារសារព័ត៌មានបារាំង បានរាយការណ៍ថាប៉ូលិសប្រដាប់ដោយអាវុធត្រូវបានដាក់ពង្រាយនៅផ្សារទំនើបមួយនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅថ្ងៃចន្ទទី០២ខែមីនាបន្ទាប់ពីមានសេចក្តីរាយការណ៍ថាបុគ្គលិកដែលមិនពេញចិត្ត បានឃុំខ្លួនមនុស្សមួយក្រុមធ្វើជាចំណាប់ខ្មាំង។
អភិបាលក្រុងម្នាក់បានប្រាប់ក្រុមអ្នកកាសែតថាសន្តិសុខម្នាក់បានកំពុងឃុំឃាំងមនុស្ស៣០នាក់នៅក្នុងការិយាល័យរដ្ឋបាលមួយហើយបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់។
លោកហ្វ្រង់ស៊ីស ហ្សាម៉ូរ៉ា អភិបាលក្រុងសាន់ហ្សួន នៅជាយក្រុងម៉ានីលនេះបាននិយាយថា ” ព័ត៌មានដំបូងដែលយើងទទួលបានគឺថាគាត់មានអាវុធនិងគ្រាប់បែកដៃជាច្រើន”។
លោកបានបន្ថែមថា” មានមនុស្សម្នាក់ត្រូវបានបាញ់កាលពីពេលមុននេះ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ”។
ផ្សារទំនើបនេះ ដែលមានមនុស្សដើរទិញអ៊ីវ៉ាន់និងបុគ្គលិកច្រើននាក់ដែលត្រូវបានគេប្រាប់ឱ្យចាកចេញពីអាគារនោះ បន្ទាប់ពីឭសំឡេងកាំភ្លើងបាញ់យ៉ាងហោចណាស់មួយគ្រាប់។
មូលហេតុយ៉ាងណាជុំវិញចាប់ឃុំខ្លួនធ្វើជាចំណាប់ខ្មាំងនិងការបាញ់សម្លាប់នេះមិនទាន់មានសេចក្តីរាយការណ៍លម្អិតបន្ថែមនោះទេ៕ប្រែសម្រួល៖សុខា
ប៉ូលិសប្រដាប់ដោយអាវុធត្រូវបានបញ្ជូនទៅផ្សារទំនើបនេះ បន្ទាប់ពីមនុស្សច្រើននាក់ត្រូវបានឃុំខ្លួនជាចំណាប់ខ្មាំង