ដោយ:ដេប៉ូ/ភ្នំពេញ ៖ ស្របពេលដែលទិវាអំណានជាតិ លើកទី៥ដែលនឹងត្រូវរៀបចំឡើងនាថ្ងៃទី១១ខែមីនាឆ្នាំ២០២០ខាងមុខនេះរដ្ឋមន្រ្តីក្រសួងអប់រំយុវជនកីឡាបានធ្វើការជំរុញដល់ឱពុកម្តាយនិងសាលារៀនគ្រប់កន្លែងត្រូវទម្លាប់ការអានរបស់កុមារតាំង តែវ័យក្មេងទៅដើម្បីឱ្យពួកគេក្លាយជាអ្នកអាន ដែលអាចទទួលបាននូវចំណេះដឹងទូលំទូលាយនៅពេលធំពេញវ័យឡើង។
ការលើកឡើងបែបនេះធ្វើឡើងដោយលោក ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា នាសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំទិវាជាតិអំណាន លើកទី៥ ក្រោមប្រធានបទ «ការអានបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍» កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០កន្លងមក។
បញ្ជាក់ក្នុងពិធីនេះលោករដ្ឋមន្រ្តីក្រសួងអប់រំបានមានប្រសាសន៍ថាពលរដ្ឋខ្មែរ ជាពិសេសសិស្សានុសិស្សត្រូវបង្កើតឲ្យមានវប្បធម៌នៃការអាននៅទូទាំងប្រទេសព្រោះថា អំណានគឺជាកំណប់វិជ្ជាមហាសាល។
ជាមួយការលើកឡើងបែបនេះលោករដ្ឋមន្រ្តីក្រសួងអប់រំក៏បានជំរុញឱ្យសាលារៀនគ្រប់កន្លែងនៅប្រទេសកម្ពុជាត្រូវរៀបចំបណ្តាល័យឱ្យត្រូវទៅតាមស្តង់ដាជាតិនិងអន្តរជាតិ។ក្រៅពីនេះត្រូវតែមានសៀវភៅគ្រប់គ្រាន់ទៅតាមវ័យរបស់សិស្សចូលចិត្តអានហើយត្រូវកំណត់ម៉ោង និងពេលវេលាច្បាស់លាស់ដើម្បីសិស្សបានចូលអានឱ្យបានគ្រប់គ្នា ហើយទទួលបានចំណេះដឹងកាន់តែច្រើនឡើង។
ទន្ទឹមជាមួយការជំរុញដល់សាលារៀនគ្រប់កន្លែងត្រូវរៀបចំបណ្តាល័យកាន់តែទំនើបនិងស្អាតល្អជាងមុនេះដែរ លោក ហង់ជួនណារ៉ុនក៏បានជំរុញដល់ឱ្យពុកម្តាយគ្រប់គ្នាត្រូវកែប្រែឥរិយាបទរបស់កូនតូចៗឱ្យចេះស្រឡាញ់សៀវភៅនិងអានសៀវភៅចៀសវាងលេងអ្វីផ្សេងដែលគ្មានប្រយោជន៍។
លោកថា”ឱពុកម្តាយត្រូវចេះនាំកូនទៅកាន់បណ្តាល័យឬបណ្តាគាររកទិញសៀវភៅអានឱ្យបានញឹកញាប់។នៅផ្ទះក៏ដូច្នេះដែរត្រូវកំណត់ឱ្យកូនមានទម្លាប់អានសៀវភៅទៅតាមវ័យរបស់គេ។ក្រៅពីនេះត្រូវទម្លាប់អានរឿងឱ្យកូនតូចៗស្តាប់។ការធ្វើបានដូច្នេះនៅពេលធំពេញវ័យទៅកុមារមិនត្រឹមតែមានទម្លាប់អានទេ នៅមានចំណេះដឹងទូលំទូលាយផងដែរ”។
ក្រៅពីនេះ លោករដ្ឋមន្រ្តីក្រសួងអប់រំក៏បានជំរុញឱ្យឱពុកម្តាយត្រូវតែចេះរៀបចំទូរដាក់សៀវភៅតាមផ្ទះសម្បែងដើម្បីឱ្យកូនៗអាចយកមកអាន ដែលទម្លាប់នេះធ្វើឱ្យកុមារចាប់អារម្មណ៍ការអានកាន់តែច្រើននិងគេអាចធ្វើការសិក្សាស្រាវជ្រាវបានទូលំទូលាយកាន់តែច្រើន។
ដោយឡែកទាក់ទិនទៅនឹងការរៀបចំទិវាជាតិអំណាន១១ មីនា ឆ្នាំ២០២០ខាងមុខនេះដែរ ត្រូវបានលោក ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំលើកឡើងថាធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធាណជន និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ការអាន និងតែងនិពន្ធនៅកម្ពុជា។
លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ទិវាជាតិអំណានលើកទី៥នៅក្នុងឆ្នាំ២០២០នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់ថា តិចណូដែលមានស្តង់សៀវភៅចំនួន១០៤ចូលរួម។សម្រាប់ទិវាជាតិអំណានឆ្នាំនេះដែរត្រូវរៀបចំមានលក្ខណៈធំជាងមុន និងមានកម្មវិធីពិសេសជាងឆ្នាំមុនៗហើយលោករំពឹងថា នឹងមានអ្នកចូលរួមច្រើន ជាងឆ្នាំមុនៗ។
ទាក់ទិនទៅនឹងការប្រាព្ធទិវាជាតិអំណានលើកទី៥នេះដែរលោករដ្ឋមន្រ្តីក្រសួងអប់រំបានមានប្រសាសន៍ថា មានគោលដៅសំខាន់ក្នុងការបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា និងការឆ្លើយតបទៅនឹងគោលដៅអប់រំជាតិ ព្រោះថានាក្នុងយុគសម័យបច្ចេកវិទ្យា មនុស្សអានតាមបែបផ្សេងៗពីគ្នា ហើយការអានច្រើន គឺបង្កើនចំណេះដឹងកាន់តែច្រើននិងអាចមានឱកាសទទួលបានការងារកាន់តែច្រើននិងជីវិតកាន់តែប្រសើរឡើងដូចគ្នា។
គួរបញ្ជាក់ថាក្នុងទីវាអំណានជាតិ លើកទី៥ដែលនឹងត្រូវរៀបចំឡើងនាថ្ងៃទី១១ខែមីនាឆ្នាំ២០២០ខាងមុខនេះក៏នឹងមានរៀបចំពិធីប្រកួតប្រជែងនិងប្រកាសលទ្ធផលជ័យលាភីលើវិញ្ញាសារអានអត្ថបទ ការស្មូតកំណាព្យ និងការតែងនិពន្ធជាដើម។ក្រៅពីនេះក៏មានការសិក្ខាសាលាស្តីពី”អំណានដំបូង”និងសិក្ខាសាលារស្តីពីការគ្រប់គ្រងបណ្តាល័យនិងផ្សព្វផ្សាយបណ្តាល័យដោយមានការចូលរួមពីគណៈប្រតិភូរាជធានីខេត្តទាំង២៥ ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានាថែមទៀត៕/B