ដោយ:មូលសម្បត្តិ/ភ្នពេញ ៖ «យើងស្អាត សហគមន៍ យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក» នេះជាការលើកទឹកចិត្តដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍រស់នៅតាមតំបន់ទន្លេសាប។នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងថែរក្សាបរិស្ថាន ដែលត្រូវបានដាក់ឈ្មោះថា «គម្រោង អ» នាសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោកថាបឹងទន្លេសាបមានទេសភាពស្អាត សម្បូណ៌ដោយជីវៈចម្រុះ ជាពិសេសមច្ឆាជាតិជាច្រើនប្រភេទ មានប្រព័ន្ធអេកូឡូស៊ីដែលចាំបាច់ត្រូវតែទប់ស្កាត់កុំឲ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ដើម្បីប្រយោជន៍ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនា។
លោកបានលើកទឹកចិត្តឲ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍នេះ ផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីសហគមន៍នីមួយៗ ពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ ដោយមិនបោះចោលពាសវាល ពាសកាលតាមទីសាធារណៈ ឬក្នុងទឹកទន្លេ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណបរិស្ថា ជាពិសេសគឺការបំពុលប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេ និងសម្បូរត្រីច្រើនជាងគេនៅក្នុងតំបន់។លោកបន្ថែមថា ហេតុផលដែលថាថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ។
គម្រោងថែរក្សាបរិស្ថាន «គម្រោង អ» រៀបចំឡើងជាមួយគ្នានឹងការបង្រៀនមេរៀនស្តីពីបរិស្ថាន និងចែកដបទឹកបរិស្ថានដល់សិស្សានុសិស្ស ដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋអោយចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស យកចិត្តទុកដាក់លើផាសុកភាព។
លោក Aviv Palti ស្ថាបនិកមកពីប្រទេសអូស្ត្រាលី ដែលបានបង្កើតអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅខេត្តសៀមរាប បានថ្លែងថា ការចែកដបទឹកជូនសិស្សានុសិស្សនៅសាលារៀន នៅបឹងទន្លេសាប ព្រមទាំងការរៀបចំធុងចម្រោះទឹកដល់សិស្សានុសិស្សនៅអនុវិទ្យាល័យចុងឃ្នៀស ពេលនេះ គឺជាសកម្មភាពចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការអនុវត្តន៍វិធានការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ការពារប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៅបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេនិងសម្បូណ៌ត្រីច្រើនជាងគេ។ នេះជាចលនាមួយជំរុញឱ្យសាលារៀនដទៃទៀតចូលរួមអនុវត្តវិធានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន និងសហគមន៍ឱ្យបានសកម្ម ទី៥-ជា«យុទ្ធនាការនិយាយថា ទេ» ចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់តែម្តងហើយបោះចោល (single use plastic) និងងាកមកប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានជំនួសវិញ។
គួរបញ្ជាក់ថា សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន៖ ការធ្វើឲ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់, ធ្វើឱ្យបាត់បង់ សោភ័ណភាពទីក្រុងនិងទីប្រជុំជន, នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថាន វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវៈចម្រុះនៅក្នុងទឹកជាពិសេសមច្ឆជាតិអាចទទួលរងពីការធ្វើឱ្យស្លាក់ដោយសារតែពួកគេគិតថាជាចំណី ហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ, ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី , នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារតែសារធាតុគីមីដែលមានផ្ទុកក្នុងថង់ប្លាស្ទិក»៕/B