ដោយ:វណ្ណៈ/ព្រះសីហនុ ៖ រថយន្តដឹកថ្ម ក្រួស០១គ្រឿងចុះចំណោតដាច់ហ្វ្រាំង រអិលទៅបុកម៉ូតូ សំណាងល្អម្ចាស់ម៉ូតូ ដឹងខ្លួនទាន់ពេលក៏លោតចោលម៉ូតូគេចផុតពីសេចក្តីស្លាប់ ចំណែករថយន្តបន្តរទៅបុកលូដែល កងវិស្វកម្ម ដាក់ទុកសាងសង់ផ្លូវ បណ្តាលអោយក្រឡាប់ផកងាជើង សង្កត់អ្នកបើកបររថយន្ត(ស្លាប់)នៅកន្លែង។
ហេតុការណ៍នេះកើតឡើង លើផ្លូវ បេតុង១៤៩C ត្រង់ចំណុច ចំណោតអាឡាំងឌឺឡុងទី២ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុកាលពីថ្ងៃត្រង់ថ្ងៃទី២ ខែមិនា ឆ្នាំ២០២០នេះ។
របាយការណ៍ប៉ូលីសបានឲ្យដឹងថា រថយន្តដឹកថ្ម ០១គ្រឿងម៉ាក ISUZU ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3A-1505 ជាកម្មសិទ្ធរបស់ឈ្មោះ ថុង ថារិទ្ធមានអាស័យដ្ឋានផ្លូវ១៣៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភំ្នពេញ អ្នកបើកបរឈ្មោះ ហុង វ៉ាន់នី ភេទប្រុស អាយុ ២៧ឆ្នាំ(ស្លាប់)ស្នាក់នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម។
ក្នុងរបាយលារណ៍បន្តរថា រថយន្តនេះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវចុះចំណោត រថយន្តដាច់ហ្វ្រាំងបានជ្រុលមកបុកប៉ះម៉ូតូ ០១គ្រឿងពីក្រោយម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខព្រៃវែង1G-5545 អ្នកបើកបរឈ្មោះ លឹម វល័ក្ខ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ព្រូរថយន្ត ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
រថយន្តនេះបុកម៉ូតូពីក្រោយហើយជ្រុលមកបុក លូរបស់ក្រុមវិស្វកម្ម កំពុងធ្វើផ្លូវ ដាក់នៅជាយផ្លូវ ទើបក្រឡាប់ បណ្តាលឲ្យឈ្មោះ ហុង វ៉ាន់នី អ្នកបើកបររថយន្ត (ស្លាប់)នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូ លោតចេញផុតពីម៉ូតូមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។
បច្ចប្បន្នវត្ថុតាង រថយន្ត និង ម៉ូតូខូចខាតកម្រិតធ្ងន់ សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕/B