ដោយ:គង់ហេង/កំពង់ចាម ៖ រោងចក្រផលិតក្បែកជើងឈ្មោះ « ស្កាយណាយពីរ» ដែលមានកម្មករ កម្មារិនីប្រមាណ ២.៥០០ នាក់ដែលមានទីតាំងស្ថិតក្នុងស្រុកជើង គឺបានសម្រេចឳ្យកម្មករ កម្មការិនីចំនួន ៤០ ភាគរយធ្វើការងារផ្លាស់វេណគ្នា គឺធ្វើការមួយថ្ងៃសម្រាកមួយថ្ងៃ ហើយថ្ងៃសម្រាកក៏ទទួលបានប្រាក់ខែ ៥០ ភាគរយ នៃប្រាក់ខែសរុប។

នេះជាការថ្លែងប្រកាសជាសាធារណ:របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តអង្គរបាន ស្ថិតក្នុងឃុំអង្គរបាន ស្រុកកងមាស នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ដោយសារវិប្បត្តិជំងឺផ្លូវដង្ហើមកូរ៉ូណា ឬកូវិត១៩ ដែលជាបញ្ហាសកលនោះ គឺរោងចក្រផលិតស្បែកជើង« ស្កាយណាយពីរ»នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានខ្វះវត្ថុធាតុដើមសម្រាប់ការផលិត។ បណ្តាលឳ្យមានការតវ៉ាពីកម្មករ កម្មការិនីរបស់រោងចក្រនេះប្រមាណ២.៥០០ នាក់។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា ប៉ុន្តែបច្ចុប្បន្នខាងម្ចាស់រោងចក្រស្កាយណាយ បានពិភាក្សាជាមួយខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តនេះ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអាជ្ញាធរខេត្តកំពង់ចាម គឺបានសម្រេចឳ្យកម្មករ កម្មការិនីចំនួន ៤០ ភាគរយ នៃកម្មករកម្មការិនីសរុបជាង ២.៥០០ នាក់ធ្វើការផ្លាស់វេណគ្នា។

លោកបានមានប្រសាសន៍បន្តថា កម្មករកម្មារិនីធ្វើការមួយថ្ងៃ សម្រាកមួយថ្ងៃ គឺដោយថ្ងៃសម្រាកនោះកម្មករកម្មការិនីទទួលបានប្រាក់ខែចំនួន ៥០ ភាគរយ នៃប្រាក់ខែសរុប។ កម្មករកម្មការិនីបានយល់ព្រម ដោយមិនធ្វើការតវ៉ាបន្តទៀតទេ។ ប៉ុន្តែបញ្ហានេះមិនមែនបណ្តាលមកពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ«អ៊ីប៊ីអេ»នោះទេ គឺបណ្តាលមកពីវិប្បត្តិវីរ៉ុសជំងឺផ្លូវដង្ហើមកូវិត១៩ បង្កឳ្យខ្វះវត្ថុធាតុដើម។

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពង់ចាមបានឳ្យដឹងនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ថា ពិតមែនហើយពាក់ព័ន្ធការខ្វះវត្ថុធាតុដើមបច្ចុប្បន្ននាំឳ្យមានការព្យួរកិច្ចសន្យាការងារកម្មករកម្មការិនីផ្លាស់វេណគ្នា គឺរោងចក្រផលិតស្បែកជើង«ស្កាយណាយពីរ»មានទីតាំងស្រុបកជើងព្រៃដែលមានកម្មករកម្មការិនីចំនួនជាង ២.៥០០ នាក់។

លោកប្រធានមន្ទីរបានបន្តថា ការព្យួរកិច្ចសន្យាការងារនេះ គឺកម្មករកម្មការិនីធ្វើការផ្លាស់ថ្ងៃគ្នា ហើយថ្ងៃដែលព្យួរមិនមកធ្វើការនោះកម្មករកម្មការិនីក៏ទទួលបានប្រាក់ខែចំនួន ៥០ ភាគរយប្រាកដមែន។ ការព្យួរកិច្ចសន្យាការងារនេះបានអនុវត្តន៍ទៅចំនួនប្រហែលពីរសប្តាហ៍ហើយ ហើយក្រៅពីរោងចក្រមួយនេះនៅខេត្តកំពង់ចាមពុំមានរោងចក្រផ្សេងណាព្យួរការងារដោយសារខ្វះវត្ថុធាតុដើមឡើយ៕/B