ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “សមយុទ្ធរួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នឹងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដែលជាសមយុទ្ធយោធាធ្វើរួមគ្នាប្រចាំឆ្នាំ ដែលមានចាប់តាំងពីឆ្នាំ២០១៦មក។
សមយុទ្ធនាគមាស ឆ្នាំ២០២០ គឺមានរយៈពេល១៩ថ្ងៃ ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដែលនឹងធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោ សែនជុំគិរី ដែលស្ថិតនៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី២ ខែមីនា ថា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គឺនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយមិនមានអ្វីប្រែប្រួលទេ។ ដោយសម្តេចពិជ័យសេនាបញ្ជាក់យ៉ាងដូច្នះថា “ជារួម គឺអ្វីៗទាំងអស់ដែលធ្វើការជាមួយគ្នាមក អត់មានគម្រោងណាមួយកាត់ ឬក៏ផ្អាកនោះទេ កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិនយើងនៅតែបន្តទៅមុខកាន់តែសកម្មថែមមទៀត ដោយសារថា កិច្ចសហប្រតិបត្តិការទាំងនោះ គឺដើម្បីផលប្រយោជន៍សុខសន្តិភាព និងដើម្បីផ្តល់ការងាយស្រួលអភិវឌ្ឍប្រទេសជាតិ យើងនិងបន្តធ្វើទាំងអស់ អត់មានអីកាត់បន្ថយទេ”។
ចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន លើវិស័យការពារជាតិ ត្រូវបានប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា ទំនាក់ទំនងនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ណាស់ក្នុងការធ្វើឲ្យសុខសន្តិភាព នងស្ថិរភាពនយោបបាយនៅកម្ពុជា គឺយ៉ាងណាក៏ដោយកម្លាំងប្រដាប់អាវុធ និងកងទ័ព ទាំងពីរ ជាការលើកទឹកចិត្តឲ្យភាគីទាំងពីរមានភាពកក់ក្តៅ និងនូវសុខសន្តិភាព។
ចំណែកលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គមេបញ្ជាការ បានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពចិនខាងមុខនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌»។ សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិនក្នុង ឆ្នាំ២០២០នេះ នឹងមានលក្ខណៈខុសប្លែកជាងឆ្នាំមុនៗបន្តិច ដោយសារតែឆ្នាំ២០២០នេះ សមយុទ្ធរួមរវាងកម្ពុជានិងចិន នឹងមានការចូលរួមសង្កេតការណ៍និងវាយតម្លៃពីកងទ័ពនៃប្រទេសជិតខាងរបស់កម្ពុជា។
អ្នកនាំពាក្យអគ្គមេបញ្ជាការបានបញ្ជាក់ទៀតថា សមយុទ្ធនាគមាសឆ្នាំ២០២០ នឹងធ្វើឡើងលើរបៀបវារៈជាច្រើន ប៉ុន្តែសង្កត់ធ្ងន់លើការប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌ជាអាទិភាពតែប៉ុណ្ណោះ ហើយជាមួយគ្នានោះ ក៍មានសព្វាវុធ និងឧទ្ធម្ភា គចក្រ ច្រើនជាងមុនផងដែរ ខណៈកម្លាំងត្រៀមទាំងសងខាងនឹងចូលរួមប្រមាណជាងពីរពាន់នាក់។
សមយុទ្ធនៅក្នុងខែមីនាខាងមុខនេះ នឹងធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោ សែនជុំគិរី ដែលស្ថិតនៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំង ភេរវកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គ ការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំ ២០២០នេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាគចក្រ និង អាវុធគាំទ្រពីលើ អាកាសជាដើម៕/B