
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ (អតីតអភិបាលខេត្តឧត្តរមានជ័យ)រួមទាំងបក្ខពួកមួយចំនួនត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នៅក្នុងសំណុំរឿងដីធ្លីនេះ គឺនៅមានមនុស្សពាក់ព័ន្ធមួយចំនួនទៀត ដោយក្នុងនោះមានអ្នកមានឥទ្ធិពលម្នាក់ផងដែរ (សុំមិនបញ្ចេញឈ្មោះ)។
ការសម្រេចចោទប្រកាន់លើលោក ស ថាវី និងបក្ខពួក គឺដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី២ ខែមីនា ដោយលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច និងដាក់ឲ្យស្ថិតក្រោមការពិនិត្យលើ ១.ឈ្មោះ ស ថាវី អាយុ៥៣ឆ្នាំ (នៅក្រៅឃុំ) ពីបទផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅចំណុចភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៥ នៃច្បាប់ភូមិបាល។ ទី២. ឈ្មោះ ឡុង ដារ៉ា ហៅ ណាង អាយុ៣៥ឆ្នាំ (មានខ្លួន)។ ទី៣. ឈ្មោះ ប៉ូច ថេន អាយុ៥២ឆ្នាំ (មានខ្លួន)។ ទី៤. ឈ្មោះ ឡូញ រស់ អាយុ៤០ឆ្នាំ (មានខ្លួន)។ ទី៥.ឈ្មោះ អ៊ុក ភក្តី ភេទប្រុស កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៦៦ (ក្រៅឃុំ)។ ទី៦. ឈ្មោះ យិន អ៊ិម ភេទប្រុស (ក្រៅឃុំ)។ ទី៧. ឈ្មោះ ម៉ាត់ ឌី ភេទប្រុស អាយុ៥០ឆ្នាំ (ក្រៅឃុំ)។ ទី៨. ឈ្មោះ យស់ ម៉ាលីណា ភេទស្រី (នៅក្រៅឃុំ)។ ៩. និងគូកន (នៅក្រៅឃុំ) ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅចំណុចភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបានសង្កត់ធ្ងន់ថា “ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្នលើ ១.ឈ្មោះ ស ថាវី វី អាយុ៥៣ឆ្នាំ (នៅក្រៅឃុំ) ។ ២. ឈ្មោះ ឡុង ដារ៉ា ហៅ ណាង អាយុ៣៥ឆ្នាំ (មានខ្លួន)។ ៣. ឈ្មោះ ប៉ូច ថេន អាយុ៥២ឆ្នាំ (មានខ្លួន)។ ៤. ឈ្មោះ ឡូញ រស់ អាយុ៤០ឆ្នាំ (មានខ្លួន)។ ៥.ឈ្មោះ អ៊ុក ភក្តី ភេទប្រុស កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៦៦ (ក្រៅឃុំ)។ ៦. ឈ្មោះ យិន អ៊ិម ភេទប្រុស (ក្រៅឃុំ)។ ៧. ឈ្មោះ ម៉ាត់ ឌី ភេទប្រុស អាយុ៥០ឆ្នាំ (ក្រៅឃុំ)។ ៨. ឈ្មោះ យស់ ម៉ាលីណា ភេទស្រី (នៅក្រៅឃុំ)។ ៩. និងគូកន (នៅក្រៅឃុំ)”។ ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ដើម្បីរារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំឲ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈកុំឲ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើស។
សូមជម្រាបថា មនុស្សចំនួន៣នាក់ ដែលមានឈ្មោះខាងលើ (ឡុង ដារ៉ា , ប៉ូច ថេន , ឡូញ រស់) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដទៃមានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យទាំង៣រូបនេះ មកកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
សូមជម្រាបថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃ១៥ម៉ឺនដុល្លារ ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។ ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាម៉េរិកប៉ុណ្ណោះ។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី។
ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន លោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុក ភក្តី ជាអ្នករៀបចំឡើង៕ សរន/Ha