ដោយ:បូកគោ/កំពត ៖ ក្នុងករណីមិនសូវចាំបាច់ អភិបាលក្រុងស្រុក ក៏ដូចជាគ្រប់ប្រធានមន្ទីរអង្គភាពគួរចែករំលែកកិច្ចការងារមួយចំនួនដល់ថ្នាក់ក្រោមឱ្យបានធ្វើជំនួសផង។

ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពតប្រចាំខែកុម្ភៈ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថាអភិបាលក្រុងស្រុក ក៏ដូចជាប្រធានមន្ទីរអង្គភាពចំណុះ រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងាររបស់ខ្លួនទ្វេឡើង។ រាល់លទ្ធផលការងារដែលសម្រេចបានក្នុងខែនីមួយៗត្រូវតែរួមគ្នាពិនិត្យពិភាក្សា និងលើកបញ្ហាប្រឈម ឬចំណុចខ្វះខាតដាក់ចូលផែនការដើម្បីអនុវត្តបន្ត។

លោកអភិបាលខេត្តបានក្រើនរំលឹកថាជាមួយនឹងរបាយការណ៍ដែលបានដាក់មករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ក៏ដូចជាអភិបាលក្រុងស្រុកចាំបាច់ត្រូវតែមកតាមដានស្តាប់ ក្នុងកិច្ចប្រជុំប្រចាំខែនីមួយៗដើម្បីពន្យល់បន្ថែមៗ និងរួមគ្នាកែលម្អ ឬដោះស្រាយឱ្យបានទាន់ពេលវេលា។ បើមិនដូច្នេះទេ ការអនុវត្តបន្តអាចនឹងមិនចំគោលដៅ ហើយគ្មានប្រសិទ្ធភាពក្នុងការបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋានានានោះ។

លោកជាវ តាយ បានបន្តថានិយាយដោយខ្លី រាល់កិច្ចប្រជុំប្រចាំខែរបស់គណៈអភិបាលខេត្ត គឺគ្រប់ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុងស្រុកមិនគួរអវត្តមានទេដ្បិតការប្រជុំធ្វើឡើងមួយតែខែម្តង ពិសេសបានកំណត់ពេល និងដាក់កម្មវិធី ជាមុនទៀតផង។ ក្នុងករណីកិច្ចការងារខាងក្រៅមិនសូវចាំបាច់ គួរចែករំលែកដល់ថ្នាក់ក្រោមឱ្យបានធ្វើជំនួសផង ព្រោះភាគច្រើនក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត អនុប្រធានមន្ទីរ អង្គភាព ឬអភិបាលរងក្រុងស្រុកមកចូលរួមព្រោះតែប្រធានមន្ទីរ អង្គភាព ឬអភិបាលក្រុងស្រុកជាប់រវល់ការងារខាងក្រៅក៏អ្នកមកជំនួសនោះមិនហ៊ានអនុម័តអ្វីដែរ។ ជាធម្មតា ក្នុងកិច្ចប្រជុំខែនីមួយៗតែងតែមានរបៀបវារៈសំខាន់ៗដែលត្រូវលើកមកពិភាក្សា និងអនុម័ត ពោលគឺមិនមែនត្រឹមតែមកដើម្បីស្តាប់ការអានរបាយការណ៍ប៉ុណ្ណោះទេ៕/B