ដោយ:អង្គរតូច/សៀមរាប ៖ មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃពីររូប បានយករថយន្តអង្គភាពទៅដឹកជញ្ជូនឈើខុសច្បាប់ ត្រូវមេព្រៃស្ទាក់ចាប់យកទៅអនុវត្តនិតិវិធី។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកម៉ុងប៊ុនលិម បានអោយដឹងថា មន្ត្រីនគរបាលក្រសួងមហាផ្ទៃដែលប្រព្រឹត្តទី១ឈ្មោះព្រៀក សីហា ភេទប្រុស និងទី២ឈ្មោះអ៊ន រិទ្ធ ភេទប្រុស។ លោកបានអោយដឹងទៀតថា មន្ត្រីនគរបាលទាំងពីររូបខាងលើ បានដឹកឈើលេខ១ ប្រភេទផ្ចឹក២២៣ដុំ ស្មើ៥.៥៧ម៉ែត្រគូប ដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៍ត្រេអ៊ី ពាក់ស្លាកលេខ ន.ប 3.0759 ចេញពីខេត្តព្រះវិហារ។ លុះល្ងាចថ្ងៃ១ខែមីនា មកដល់ចំណុចស្រុកស្វាយលើ ហើយមានការសង្ស័យ ក៍បានឃាត់ដើម្បីពិនិត្យមើល។ ប៉ុន្តែអ្នកបើកបរមិនឈប់ទេដោយ កាន់តែបន្ថែមល្បឿនទៅមុខ។ លុះដល់ចំណុចឃុំបឹងមាលា នៃស្រុកស្វាយលើ រថយន្តនេះបែកកង់ ទើមសមត្ថកិច្ចឆែកឆេរ និងនាំយកមករក្សាទុកផ្នែករដ្ឋបាលព្រៃឈើឃុំព្រះដាក់ នៃស្រុកបន្ទាយស្រី។

លោកនាយខណ្ឌ បញ្ជាក់ថា ក្រោយពីសាកសួរ និងស្តាប់ចម្លើយ មន្ត្រីនគរបាលដែលប្រព្រឹត្ត ប្រគល់អោយអង្គភាពបន្តនិតិវិធី។ ឈើ៥.៥៧ម៉ែត្រគូប ត្រូវទុកពេល៣០ថ្ងៃអោយម្ចាស់ចូលខ្លួនបង់ពិន័យជាអន្តរកាល ឯរថយន្តប្រគល់អោយអង្គភាពវិញ។

យ៉ាងណា មន្ត្រីនគរបាលពីររូប ដែលយករថយន្តអង្គភាពមកដឹកឈើល្មើសច្បាប់ បាននិយាយថា ខ្លួនពិតជាបានស៊ីឈ្នួលដឹកឈើអោយគេមែន។ប៉ុន្តែមិនពាក់ពន្ធ័ជាមួយមេ អង្គភាព ឬមេនគរបាលខេត្តព្រះវិហារឡើយ៕/B