
ដោយៈសុផល,មេសា/ភ្នំពេញៈ «មកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ពុំមានប្រជាជនកម្ពុជាណាម្នាក់ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ (COVID-19) នោះទេ»។នេះជាការអះអាងរួមគ្នារបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រនៅក្នុងសន្និសីទសារព័ត៌មានស្តីពីកូវីដ១៩ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខភិបាល។
លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថាមកដល់ថ្ងៃទី២ខែមីនានេះពុំមានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ (COVID-019)នោះទេ។វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត សំណាកបុគ្គលដែលសង្ស័យសរុបចំនួន១៣៥នាក់គិតមកត្រឹមថ្ងៃទី២ខែមីនា តែមិនមានរកឃើញអ្នកណាម្នាក់នៅក្នុងប្រទេសកម្ពុជាមានវីរុសកូវីដ១៩ នោះឡើយ។ កន្លងមក មានតែមួយករណីគត់ដែលបានរកឃើញលើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយបុរសរូបនេះបានជាសះស្បើយ និងបានវិលត្រឡប់ទៅប្រទេសកំណើតវិញហើយដែរ ក្រោយពីក្រសួងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា« ក្រសួងសុខាភិបាលបានខិតខំខ្លាំងណាស់ ។ យើងគ្មានហេតុផលអ្វីការត្រូវលាក់លៀមទេ បើកើតថាកើត បើអត់ថាអត់»។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ក្រសួងសុខាភិបាលបានចូលរួមធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការជួយដល់អ្នកដំណើរ និងអ្នកបម្រើការនាវាខ្នាតយក្សMSWesterdam ដោយជោគជ័យ ហើយក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានរួចហើយដែរនូវលទ្ធផលនៃការពិនិត្យ និងធ្វើតេស្តសំណាកមនុស្សលើនាវានេះ បានចំនួនសរុប ១.៥៨០នាក់ ដែលមិនមានអ្នកណាម្នាក់ត្រូវបានរកឃើញថាមានវីរុសកូវីដ១៩ នោះឡើយ។បើគិតពីថ្ងៃដែលនាវាបានចាកចេញពីហុងកុង មកទល់ពេលនេះ មានរយៈពេល ៣១ថ្ងៃ និងបើគិតពីថ្ងៃដែលអ្នកដំណើរចុះចេញពីនាវានៅកំពង់ផែក្រុងព្រះសីហនុ មកដល់ពេលនេះ គឺមានរយៈពេល ១៨ថ្ងៃ ហើយដែរ។
លោកបានបញ្ជាក់ថា ជាការសន្និដ្ឋានរួមចុងក្រោយ គឺមនុស្សនៅលើនាវា MS Westerdam ទាំងអស់ (ដែលមាន ៤១ សញ្ជាតិ) មិនមានអ្នកណាម្នាក់មានវីរុសកូវីដ១៩ នោះឡើយ ហើយពួកគេបានទៅដល់ផ្ទះសម្បែងនៅតាមប្រទេសរបស់ពួកគេរៀងៗខ្លួន ហើយក៏មិនមានការរាយការណ៍ណាមួយថា មានអ្នកណាម្នាក់មានបញ្ហាសុខភាពពាក់ព័ន្ធទៅនឹងវីរុសកូវីដ១៩ នេះដែរ។

លោកស្រី ឡូរ៉ង់ បារ៉ែល ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រមានសមត្ថភាពខ្ពស់ក្នុងការធ្វើតេស្តរកមេរោគ ជាពិសេសប្រភេទវីរុសឆ្លងតាមដង្ហើមឬវីរុសកូវីដ -១៩។វិទ្យាស្ថានប៉ាស្ទ័របានយកសំណាកមកធ្វើតេស្តរាល់ថ្ងៃដើម្បីរកមេរោគកូវីដ១៩ តែរហូតមកដល់ពេលនេះ ពុំបានរកឃើញពលរដ្ឋកម្ពុជាណាម្នាក់កើតជំងឺនេះឡើយ។លោកស្រីបានបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រ នឹងបន្តសហការជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

លោកស្រី លី អាឡាម ប្រធានអង្គការសុខភាពពិភពលោក(
លោកស្រី លី អាឡាម ប្រធានអង្គការសុខភាពពិភពលោក(WHO) បានឱ្យដឹងថា រហូតមកដល់ពេលនេះ ពុំទាន់មានកូវីដ១៩ រាតត្បាតនៅសហគមន៍ក្នុងប្រទេសកម្ពុជានៅឡើយទេ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងផងដែរថា ពាក់ព័ន្ធព័ត៌មានដែលថា អ្នកដួលសន្លប់នៅតាមទីតាំងផ្សេងៗក្នុងប្រទេសកម្ពុជា ដែលក្នុងនោះករណីដួលស្លាប់នៅខេត្តព្រះសីហនុ ជាព័ត៌មានមិនពិតទេ។យើងមានការសហការពីក្រុមក្រួសារ អ្នកជំនាញកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យជំនាញ ពោលគឺធ្វើតាមនីតិវិធីវេជ្ជសាស្ត្រ។
ក្រសួងសុខាភិបាល សូមអំពាវនាវហើយ អំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមព័ត៌មានប្រឌិតទាំងនោះ ដែលគ្មានការពិត រំលោភសិទ្ធិអ្នកដទៃ មាននិន្នាការនយោបាយបោកប្រាស់ បង្ហោះរូបបុគ្គលមួយឬច្រើន ដែលខ្វះសីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលមិនមានការអនុញ្ញាតពីសាមីជនដែលមានហេតុការណ៍សុខភាពទាំងនោះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសបុគ្គលទាំងនោះផង ប៉ះពាល់កិត្តយសប្រទេសផង និងសេចក្តីថ្លៃថ្នូរសង្គមជាតិផង។
ក្រសួងបានបង្កើតក្រុមការងារឆ្លើយតបការចម្លងវីរុសកូវីដ១៩ ដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្ទាល់ និងមានសមាជិកមកពីផ្នែកពាក់ព័ន្ធ ពីមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ និងមានទីប្រឹក្សាមកពីអង្គការសុខភាពពិភពលោក (WHO) មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិក (US-CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) លោកជំទាវ ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីរៀបចំធ្វើផែនការ សម្របសម្រួល ដឹកនាំ ចាត់ចែង ឆ្លើយតប និងចាត់វិធានការការពារការចម្លងជំងឺកូវីដ១៩ នេះ៕សរន/Ha