ដោយៈរ៉ាម៉ន/ភ្នំពេញៈបើមិនមានការប្រែប្រួលទេនៅម៉ោង៨ព្រឹកថ្ងៃទី៤ខែមីនាស្អែកនេះនៅសាលប្រជុំសាលាខេត្តកណ្ដាលសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលនិងអភិបាលរងខេត្តកណ្តាល។លោកគង់សោភ័ណ្ឌជាអភិបាលខេត្ត។រីឯលោកនុតពុធដារ៉ាដែលជាអភិបាលរងខេត្តក្រចេះនឹងត្រូវផ្ទេរមកជាអភិបាលរងខេត្តកណ្ដាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួសលោកម៉ៅភិរុណ។
នៅឆ្នាំ១៩៩៩លោកគង់សោភ័ណ្ឌជាអភិបាលរងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។នៅឆ្នាំ២០០៩លោកជាអភិបាលស្រុកខ្សាច់កណ្តាល។នៅឆ្នាំ២០១៧លោកជាអភិបាលស្រុកល្វាឯម។នៅដើមខែតុលាឆ្នាំ២០១៧លោកត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្តាល។នៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០លោកត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។។
ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះត្រូវបានសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាសម្រេចផ្លាស់ប្តូរមកជាអភិបាលរង កណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ។
លោកនុត ពុធដារ៉ានៅឆ្នាំ២០០៥ លោកត្រូវបានផ្ទេរមកបម្រើការងារជាអភិបាលរងខណ្ឌឬស្សីកែវ ។នៅឆ្នាំ២០១២ត្រូវបានតែងតាំងឱ្យកាន់តំណែងចំនួនពីរអាណត្តិជាអភិបាលខណ្ឌដង្កោរាជធានីភ្នំពេញ។ក្រោយចប់អាណត្តិអភិបាលខណ្ឌកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩លោកត្រូវបានតែងតាំងជាអភិបាលរងខេត្តក្រចេះ។បច្ចុប្បន្នលោកក៏ជាជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ៕S/



