កុមារម្នាក់បានស្លាប់នៅពេលទូកពេញទៅដោយជនចំណាកស្រុកឆ្ពោះទៅកាន់កោះក្រិកបានក្រឡាប់កាលពីថ្ងៃចន្ទទី២មីនា ដែលជាផ្នែកមួយនៃរលកមនុស្សរាប់ពាន់នាក់ដែលព្យាយាមសម្រុកឆ្លងកាត់ព្រំដែនគោកនិងសមុទ្ររបស់ក្រិក។
មរណភាពរបស់កុមារនេះគឺជាករណីលើកដំបូងចាប់តាំងពីតួកគីដែលជាប្រទេសជិតខាងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានបន្ធូរបន្ថយការរឹតត្បិតលើអ្នកដែលមានបំណងធ្វើដំណើរទៅអឺរ៉ុបហើយជនចំណាកស្រុករាប់ពាន់នាក់បានចាប់ផ្តើមប្រមូលផ្តុំគ្នានៅជួរព្រំដែនជាមួយប្រទេសក្រិក។
អាជ្ញាធរក្រិកបាននិយាយថា ពួកគេបានបញ្ឈប់មនុស្សជាង ២៤.០០០ នាក់ដែលប៉ុនប៉ងឆ្លងដែនខុសច្បាប់នៅព្រំដែនគោកជាមួយប្រទេសតួកគី ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ហើយបានចាប់ខ្លួនមនុស្ស ១៨៣ នាក់ ដែលភាគតិចបំផុតជាជនជាតិស៊ីរី។
សេចក្តីប្រកាសរបស់តួកគីបានកត់សម្គាល់ពីការចាកចេញពីគោលនយោបាយមុនរបស់ខ្លួនក្នុងការរាំងខ្ទប់ជនភៀសខ្លួននិងជនចំណាកស្រុកផ្សេងទៀតក្រោមកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។ ប្រធានាធិបតី រីស៊ីប ថាយយីប អឺដូហ្គាន ដែលប្រទេសរបស់គាត់ទទួលជនភៀសខ្លួនស៊ីរីជាង ៣,៥ លាននាក់បានទាមទារការគាំទ្របន្ថែមទៀតពីអឺរ៉ុបក្នុងការដោះស្រាយវិបត្តិពីសង្គ្រាមស៊ីរីនៅភាគខាងត្បូងប្រទេសរបស់ខ្លួន។
ខណៈបណ្តាប្រទេសអឺរ៉ុបប្រញាប់ប្រញាល់គាំទ្រក្រិក លោកអឺដូហ្គានបាននិយាយកាលពីថ្ងៃចន្ទថា ពួកមេដឹកនាំលោកខាងលិចបានតេមកគាត់និងជំរុញឱ្យគាត់ដកសម្តីវិញអំពីការបើកទូលាយព្រំដែន។ លោកបានប្រាប់ពួកគេវិញថា “អ្វីៗចប់អស់ហើយ។ ទ្វារបានបើកហើយឥឡូវនេះ។ អ្នកនឹងមានចំណែកទទួលរ៉ាប់រងនូវបន្ទុកមួយនេះ”។
លោកបាននិយាយទៀតថា “ឆាប់ៗនេះចំនួនប្រជាជនដែលទៅព្រំដែននឹងមានរាប់លាននាក់”៕ ដោយ៖ កញ្ញាដាលីស