ដើម្បីចៀសវាងកុំឱ្យកើតផ្តាសាយនៅរដូវរងា ពួកយើងភាគច្រើនតែងរកថ្នាំគ្រាប់វីតាមីន C មកលេប ហើយក្រុមវេជ្ជបណ្ឌិតនៅប្រទេសចិនថែមទាំងកំពុងពិនិត្យមើលប្រសិទ្ធភាពរបស់វាប្រឆាំងនឹងវីរុសកូរ៉ូណាទៀតផង។
ការស្រាវជ្រាវអំពីការប្រើប្រាស់វីតាមីន C ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដូចជា ក្រឡាភ្លើងនិងការបាត់បង់ការចងចាំ ក៏កំពុងដំណើរការផងដែរ។
យើងគ្រប់គ្នាបានចំណាយច្រើនជាង ១.១២៤ ពាន់លានដុល្លារទៅលើថ្នាំគ្រាប់វីតាមីន C ទូទាំងពិភពលោក ដោយតួលេខនេះរំពឹងកើនឡើងដល់ ១,៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៤។
ប្រជាប្រិយភាពរបស់វាត្រូវបានចាក់ឫសគល់ដោយជំនឿថាវីតាមីន C អាចការពារជំងឺផ្តាសាយបាន ដែលជាទ្រឹស្តីដំបូងបង្កើតឡើងក្នុងឆ្នាំ ១៩៧០ ដោយអ្នកវិទ្យាសាស្ត្រឈ្នះរង្វាន់ណូបែល លោកលីនូស ផូលលីង។ គាត់ជឿជាក់លើអត្ថប្រយោជន៍របស់វា ហើយលេបថ្នាំនេះ ៣ ក្រាមក្នុងមួយថ្ងៃ ទោះបីក្រោយមកការស្រាវជ្រាវភាគច្រើនរបស់គាត់លើវីតាមីន C ត្រូវបានសបញ្ជាក់ថាគ្មានប្រសិទ្ធភាពបង្ការផ្តាសាយក៏ដោយ។
ពិតណាស់នៅពេលនិយាយដល់មេរោគឆ្លងឬវីរុសដូចជាផ្តាសាយ គេទទួលស្គាល់ថា វីតាមីន C គឺជាផ្នែកមួយនៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ ថ្នាំគ្រាប់វីតាមីន C អាចជួយប្រឆាំងផ្តាសាយបានតាមរយៈការជំរុញដល់ការផលិតកោសិកាឈាមស ដែលប្រយុទ្ធប្រឆាំងនឹងជំងឺ ភ្ជាប់ខ្លួនវា ហើយសម្លាប់និងលុកលុយចូលអតិសុខុមប្រាណ។
ទោះយ៉ាងណា ការសិក្សាជាច្រើនបានបរាជ័យក្នុងការគាំទ្រទ្រឹស្ដីវីតាមី C របស់លោកផូលីងជាថ្នាំបង្ការ ហើយយោងតាមរបាយការណ៍ឆ្នាំ ២០១៧ របស់ក្រុមប្រឹក្សាត្រួតពិនិត្យមួយហៅថា Cochrane Collaboration បានឱ្យដឹងថា ក្តីសង្ឃឹមល្អបំផុតដែលយើងអាចរំពឹងពីការលេបវីតាមីន C ចំនួន ១.០០០ មីល្លីក្រាមជាមធ្យមប្រចាំថ្ងៃ គឺវាជួយបន្ថយរយៈពេលនៃជំងឺផ្តាសាយបាន ៨ ភាគរយ គឺ ប្រហែល ០,៤ ថ្ងៃ។
ការលេបថ្នាំនេះក្នុងកម្រិតខ្ពស់ជាងនេះត្រូវគេរកឃើញកាត់បន្ថយជំងឺផ្តាសាយបានបន្ថែមទៀត។ ការស្រាវជ្រាវពីសាកលវិទ្យាល័យហែលស៊ីនគីនក្នុងឆ្នាំ ២០១៧ បានរកឃើញថា ការលេបវីតាមីន C ប្រចាំថ្ងៃពី ៦ ទៅ ៨ ក្រាមអាចកាត់បន្ថយរោគសញ្ញានៃជំងឺផ្តាសាយបាន ១៩ ភាគរយ។ ប៉ុន្តែជាទូទៅ វីតាមីន C គ្មានប្រសិទ្ធិភាពបង្ការផ្តាសាយនោះទេ។
ក្នុងប្រទេសចិន ការសិក្សាមួយកំពុងធ្វើឡើងដើម្បីមើលថាតើការលេបថ្នាំវីតាមីន C អាចជួយប្រយុទ្ធនឹងវីរុសកូរ៉ូណាឬអត់។ ក្រុមអ្នកវិទ្យាសាស្ត្រនៅមន្ទីរពេទ្យចុងណាននៃសាកលវិទ្យាល័យវូហានកំពុងធ្វើតេស្តប្រសិទ្ធភាពរបស់ថ្នាំនេះលើអ្នកជំងឺ ១២០ នាក់ ដែលមានវីរុសកូរ៉ូណា ដោយផ្តល់ថ្នាំវីតាមីន C ២៤ ក្រាមឱ្យពួកគេលេបរាល់ថ្ងៃក្នុងពេលមួយសប្តាហ៍។ លទ្ធផលនៅមិនទាន់ចេញផ្សាយនៅឡើយទេ៕ ដោយ៖ កញ្ញាដាលីស