ផឹកឈាមពស់វែក ស៊ីសាច់តុកកែនិងខ្យាដំរីឆៅ ជាផ្នែកមួយនៃការហាត់រៀនរស់នៅក្នុងព្រៃក្នុងអំឡុងសមយុទ្ធយោធារួមគ្នារវាងកងទ័ពអាម៉េរិកនិងថៃ រួមជាមួយដៃគូ២៩ប្រទេសទៀតដែលត្រូវធ្វើឡើងនៅក្នុងខេត្តចាន់ថាប៊ូរីនិងឈុនប៊ូរី ប្រទេសថៃ។
សមយុទ្ធ ពស់វែកមាសទី៣៩នេះ បានចាប់ផ្តើមតាំងពីថ្ងៃ២៤កុម្ភៈ ហើយនឹងចប់នៅថ្ងៃ០៦មីនា ។វារួមមានការហ្វឹកហាត់ខាងផ្តល់ជំនួយមនុស្សធម៌ ជួយសង្គ្រោះគ្រាអាសន្ននិងប្រឆាំងភេរវកម្ម។តែលំហាត់យោធាប្រចាំឆ្នាំដែលមានការចូលរួមពីទាហានរាប់ពាន់នាក់នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះការហាត់ស៊ីអាហារជាសាច់សត្វព្រៃឆៅដើម្បីការមានជីវិតនៅក្នុងពេលជាប់នៅក្នុងព្រៃ។
ក្រៅពីអាម៉េរិកនិងថៃ ប្រទេសចំនួន២៩ទៀតក៏ចូលរួមក្នុងសមយុទ្ធដ៏ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកនេះដែរ។វាបង្រៀនទាហានឲ្យចេះរស់ក្នុងស្ថានភាពអាក្រក់បំផុតនៅក្នុងព្រៃ។ទាហានអាម៉េរិកប្រមាណ៤.៥០០នាក់ ចូលរួមសមយុទ្ធនេះ ទាំងនៅលើដីនិងក្នុងសមុទ្រ ជាមួយដៃគូមកពីសិង្ហបុរី ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី។
កាលពីថ្ងៃអង្គារសប្តាហ៍មុននៅជំរំមួយក្នុងខេត្តចាន់ថាប៊ូរី ក្រោមការបង្ហាត់បង្ហាញពីគ្រូថៃ ទាហានអាម៉េរិកបានហាត់ផឹកឈាមពស់ដែលគេថាជាប្រភពផ្តល់ជាតិទឹកដល់រាងកាយឡើងវិញ ក្នុងអំឡុងបេសកកម្មនៅក្នុងព្រៃនៅពេលទាហានថៃបង្ហាញជំនាញចាប់និងសម្លាប់ពស់វែក។
ពួកទាហានអាម៉េរិកក៏ត្រូវបង្ខំឲ្យស៊ី សាច់ពស់ឆៅ ខ្យាដំរីនិងតុកកែផងដែរ។ពួកគេក៏ត្រូវបានបង្រៀនរបៀបស្វែងរកទឹកនៅក្នុងព្រៃនិងសម្គាល់រុក្ខជាតិដែលអាចស៊ីបាន។
នៅតាមឆ្នេរនៃខេត្តឈុនប៊ូរីឯណោះវិញ ទាហានថៃនិងអាម៉េរិកក៏ហាត់បើកនាវានាំកម្លាំងឡើងគោកហើយយន្តហោះបានធ្វើការទម្លាក់គ្រាប់បែកជាមុននៅពេលទាហានម៉ារីនធ្វើដូចជាបាញ់លើកងទ័ពសត្រូវហើយឧទ្ធម្ភាគចក្រចុះយកទាហានត្រូវរបួស។
ការហ្វឹកហាត់ដោះគ្រាប់មីនក៏ត្រូវបានធ្វើឡើងជាមួយនឹងយន្តហោះយោធា F-35B Green Knights ចេញពីនាវាមួយបានធ្វើការវាយប្រហារលើដី ហើយយន្តហោះ F-16 របស់ថៃធ្វើការគាំទ្រពីអាកាស។រថពាសដែក ឧទ្ធម្ភាគចក្រនិងយន្តហោះផ្សេងទៀតក៏បានចូលរួមក្នុងប្រតិបត្តិការវាយប្រហារលើឆ្នេរ ដូចពិតៗនេះដែរ៕ប្រែសម្រួល៖វាសនា/Ha
សមយុទ្ធពស់វែកមាសលើកទី៣៩ឆ្នាំ២០២០រយៈពេល១០ថ្ងៃ នឹងបញ្ចប់នៅថ្ងៃ០៦មីនា