
ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព,ACU) បានឃាត់ខ្លួនអតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ នៅក្នុងខេត្តព្រះសីហនុ នាំយកមកអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់វិធានការតាមនីតិវិធី។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១ខែមីនា ឆ្នាំ ២០២០។នេះបើតាមប្រភពអះអាង។
អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ដែលឃាត់ខ្លួនឈ្មោះ លោក នួន ប៉ុក គឺពាក់ព័ន្ធករណីប្រព្រឹត្តអំពើពុរលួយកាលនៅកាន់តំណែង។
លោក នួន ប៉ុក ត្រូវបានដកតំណែងកាលពីជាង១ឆ្នាំមុន បន្ទាប់ពីស្រាវជ្រាវរកឃើញកំហុសឆ្គងជាច្រើន។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ លោក នួន ប៉ុក ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក ហ៊ុន ភី ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ លោកនួប ប៉ុក ផ្លាស់ប្តូរដោយដាក់លោកចេង ស្រុង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុថ្មី។
ទាក់ទងករណីនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចសុំការអត្ថាធិប្បាយបានទេ នៅព្រឹកថ្ងៃទី៣ ខែមីនា៕សរន