ក្រុមអ្នកជំនាញចិនបានប្រកាសថា ខេត្តនានារបស់ចិន ដោយលើកលែងតែខេត្តហ៊ូប៉ី នឹងអាចគ្រប់គ្រងការឆ្លងវីរុសCOVID-19 នៅយ៉ាងយូរត្រឹមចុងខែមេសា។
លោកហ្សាង បូលី ប្រធានសាកលវិទ្យាល័យវេជ្ជសាស្ត្របុរាណចិន នៅទីក្រុងទៀនជីញ បាននិយាយថា ប្រជាជនចិនអាចដើរនៅតាមទីសាធារណៈដោយគ្មានពាក់ម៉ាស់មុខនៅយ៉ាងយូរត្រឹមចុងខែមេសា។ នេះបើយោងតាមសារព័ត៌មានAsia Times ។
ប៉ុន្តែពួកអ្នកដែលរស់នៅក្នុងខេត្តហ៊ូប៉ី ដែលជាស្នូលនៃការផ្ទុះឡើងនៃវីរុសនេះ អាចនឹងត្រូវបិទការចេញចូលរយៈពេលជាច្រើនខែទៀត ហួសពីខែមេសា។
ភាគច្រើននៃការស្លាប់ដោយសារវីរុសនេះគឺនៅប្រទេសចិន នៅខេត្តហ៊ូប៉ី។ ក្នុងចំណោមអ្នកស្លាប់ចំនួន ៣.០៤៨ នាក់ដែលបានបង្កឡើងដោយវីរុសនេះនៅទូទាំងពិភពលោកនោះ មានអ្នកស្លាប់ចំនួន២.៨០៣ នាក់គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ី។
លោកហ្សុង ណាន់សាន អ្នកឯកទេសខាងជំងឺផ្លូវដង្ហើមចិន ក៏បានប្រកាសក្នុងសន្និសីទកាសែតមួយនៅទីក្រុងក្វាងចូវ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរថា ប្រទេសចិនត្រូវបានរំពឹងថានឹងអាចគ្រប់គ្រងលើវីរុសនេះនៅយ៉ាងយូរត្រឹមចុងខែមេសា៕ ប្រែសម្រួល៖សុខា/sn/Ha

លោកហ្សាង បូលី ប្រធានសាកលវិទ្យាល័យវេជ្ជសាស្ត្របុរាណចិននៅទីក្រុងទៀនជីញ