ដោយៈ មេសា/ភ្នំពេញៈ នៅពេលសាកល្បងសួរទៅសិស្សវិទ្យាល័យ និស្សិតមហាវិទ្យាល័យគ្រូបង្រៀន មន្ត្រីរាជការ បុគ្គលិកបម្រើការតាមស្ថាប័នឯកជន ជាពិសេសពិធីករ ពិធីការិនី តាមទូរទស្សន៍ និង កម្មវិធីផ្សេងៗជាដើម អំពីការអានខែ មីនា ដែលជាខែទី ៣ នៃ ប្រតិទិនសកនាពេលបច្ចុប្បបន្នេះ យើងនឹងបានចម្លើយប្រហាក់ប្រហែលគ្នា គឺពួកគេភាគច្រើនបំផុត អានថា មិនា ឬ មិណា ។
វចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបរិយាថា ដើមឡើយ គេហៅថាខែ “ មីន “ លុះក្រោយមកទើបហៅថាខែ”មីនា”។វចនានុក្រមដដែលនេះបានពន្យល់ថាតាមសំឡេងអក្សរខ្មែរត្រូវអានថា“មីនា“គឺមី-នា។ប៉ុន្តែទម្លាប់ទាញឱ្យអានថា“មីណា”ពាក្យនេះក៏បានក្លាយទៅជាអញ្ញត្រសព្ទគឺពាក្យដែលមានលក្ខណៈដោយឡែក ។ ដូច្នេះបើតាមត្រឹមត្រូវ គឺត្រូវអានថា មីណា ដូច្នេះទៅវិញ ។ពាក្យថា មីនា គឺជាភាសាបាលី មកពីពាក្យថា “ មីន “ (ប្រែជាភាសាខ្មែរថា ត្រី ឬ មច្ឆា ) ដែលតាមសូរសៀងភាសាបាលីថា “ មីណៈ “ មិនមែន “ មីនៈ ” ទេ ព្រោះក្នុងភាសាបាលីគ្មានសំឡេង អ៊ៈ ទេ មានតែ សំឡេង អៈ ។
ប៉ុន្តែដើមឡើយ ខ្មែរមិនទាន់មានអក្សរ “ ណ “ នៅឡើយ ទើបបុរាណខ្មែរ ប្រើប្រអក្សរ “ ន “ ដែលមានសូរសំឡេងជ្រលិះៗនឹងសំឡេង“ណ“ជាជំនួសវិញទើបពាក្យនេះត្រូវបានសរសេរមានរូបរាងជា “ មីន “ ។ ទោះជាពាក្យនេះ ត្រូវបានសរសេរថា មីន ក្តី ក៏នៅតែត្រូវអានថា មីណៈ ដដែលគឺដើម្បីឱ្យត្រូវតាមសូរសៀងដើម នៃ ភាសាបាលី ។
រីឯមូលហេតុដែលត្រូវ សរសេរថា មីន នោះ មកពីកាលណោះខ្មែរយើងមិនទាន់មានអក្សរ “ ណ “ ។ ពាក្យជាច្រើន ក៏ត្រូវបានប្រើអក្សរ ” ន ” ជាជំនួសដូចគ្នានេះដែរ ។
ពេលវេលាបានកន្លងផុតទៅជាច្រើនរយឆ្នាំ ខ្មែរបង្កើតបានអក្សរ “ ណ “ មួយទៀតសម្រាប់ប្រើប្រាស់ ហើយពាក្យពេចន៍មួយចំនួនដែលធ្លាប់សរសេរជាអក្សរ “ ន “ ក៏ត្រូវបានកែតម្រូវទៅសរសេរជាអក្សរ “ ណ“តាមខ្លឹមសារជាក់ស្តែងនៃពាក្យនោះៗ។ប៉ុន្តែការកែប្រែនេះមិនមែនធ្វើឡើងបានចប់សព្វគ្រប់ត្រឹម។
តែរយៈពេលខ្លីឡើយគឺត្រូវការពេលវេលាយូរឆ្នាំសម្រាប់កែតម្រូវជាបន្តបន្ទាប់ដែលប្រការនេះបានសេចក្តីថានៅមានពាក្យមួយចំនួនដែលត្រូវសរសេរជាអក្សរ“ណ“នោះនៅមិនទាន់បានកែតម្រូវរួចរាល់ចប់សព្វគ្រប់នៅឡើយ គឺនៅសរសេរជាអក្សរ “ ន “ នៅឡើយ ដូចជាពាក្យថា មីន នេះជាដើម។
នៅក្នុងភាសាបាលីនាមសព្ទមួយចំនួនដែលបញ្ចប់ដោយសំឡេងអៈនៅពេលត្រូវការធ្វើឱ្យទៅជាពហុវចនៈនោះ ត្រូវប្តូរសំឡឹង អៈ ឱ្យទៅជា អា ។ ដូច្នេះពាក្យថា មីន (មីណៈ = ត្រី ១ ) ទៅជា មីនា ( មីណា= ត្រីចាប់ពី ២ ឡើងទៅ ) ៕S/
- ចំណងជើងរូបៈ តាមវចនានុក្រមសម្តេច ជួន ណាត ខែ មីនា ត្រូវបញ្ចេញសំឡេងអានថា មី ណា (មីនា)- រូបៈ អ៊ីនធឺណេត