ដោយបាយ័ន/សៀមរាប៖បន្ទាប់ពីមានសេចក្តីប្រកាសដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីស្តីពីការដាក់ចេញនូវវិធានការដើម្បីជួយដល់វិស័យទេសចរណ៍ ដោយការលើកលែងមិនយកពន្ធផ្ទះសំណាក់និងសណ្ឋាគាររយៈពេល៤ខែចាប់ពីខែកុម្ភៈដល់ខែឧសភាឆ្នាំ២០២០នេះ ហើយការមិនយកពន្ធនេះរាជរដ្ឋាភិបាលជាអ្នកបង់ជំនួស។

កាលពីថ្ងៃទី២ខែមីនាឆ្នាំ២០២០ អគ្គនាកដ្ឋានពន្ធដារបានរៀបចំសិក្ខាសាលាស្តីពីវិធានការសម្រួលផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ-ផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ ព្រមទាំងផ្សព្វផ្សាយអំពីពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ការប្រកាសពន្ធអាជីវកម្មតាមអនឡាញនិងវិធានវិក្កយបត្រទម្រង់ថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារក្រោមអធិបតី់ភាពលោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និងលោកទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។

ការមិនយកពន្ធនេះគឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពជំងឺឆ្លងCovid19ដែលធ្វើឲ្យភ្ញៀវទេសចរចិនធ្លាក់ចុះយ៉ាងខ្លាំងនោះ។យ៉ាងណាក៏ដោយបើទោះជាមានការលើកលែងនេះក៏ដោយ ក៏ប៉ុន្តែម្ចាស់សណ្ឋគារ និងផ្ទះសំណាក់ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ដាក់លិខិតប្រកាសពន្ធ ដូចដែលធ្លាប់បានអនុវត្តកន្លងមក។
អគ្គនាយកដ្ឋានពន្ធដារពុំមានការធ្វើសវនកម្មពេញលេញនោះទេ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២០នេះ ហើយជាមួយនឹងការមិនធ្វើសវនកម្មនេះសូមឲ្យវិស័យឯកជនដែលជាអ្នកជាប់ពន្ធប្រើប្រាស់កាតព្វដាក់លិខិតប្រកាសពន្ធ ក្នុងភាពស្មោះត្រង់ជាមួយគ្នា រួមចំណែកទាំងអស់គ្នាដើម្បីកំណើនសេដ្ឋកិច្ចជាតិ៕S/Ha

រូបថតៈម្ចាស់សណ្ឋាគារផ្ទះសំណាក់បានទទួលការលើកលែងបង់ពន្ធ៤ខែតែត្រូវដាក់លិខិតប្រកាសជាធម្មតា ដោយរដ្ឋទទួលបន្ទុកបង់ជំនួស(បាយ័ន)
