កំពូលរថយន្ដអគ្គិសនីតម្លៃ ៣,០៦ លានដុល្លារដែលមានល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានដាក់បង្ហាញកាលពីថ្ងៃចន្ទទី២មីនា ដោយក្លាយជារថយន្ដដើរដោយថាមពលអគ្គិសនីថ្លៃបំផុតនៅលើផែនដី។
រថយន្ត Pininfarina Battista Anniversario នឹងផលិតឡើងត្រឹម ១៥០ គ្រឿងប៉ុណ្ណោះដោយក្រុមហ៊ុនអ៊ីតាលី ដែលមានឈ្មោះដូចរថយន្តនេះដែរ។
សម្រាប់តម្លៃ ៣,០៦ លានដុល្លារ អ្នកបើកបរអាចទិញរថយន្តអគ្គិសនី Nissan LEAF ផលិតនៅទីក្រុងសាន់ឌឺលែនបានចំនួន ៩១ គ្រឿង ដែលក្នុងមួយគ្រឿងៗមានតម្លៃ ៣៣.៦៦៨ ដុល្លារ។
រថយន្ត Battista Anniversario អាចបង្កើនសន្ទុះល្បឿនលឿនជាងរថយន្ត Formula 1 បច្ចុប្បន្ន ដោយអាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលតិចជាង ២ វិនាទី និង ឡើងដល់ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ១២ វិនាទី តែនៅតែអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រដោយមិនបំភាយឧស្ម័នពុល។
វាត្រូវបានគេផ្សព្វផ្សាយថាជារថយន្តមិនប៉ះពាល់ដល់បរិស្ថានដំបូងគេបំផុតលើពិភពលោកសម្រាប់អ្នកមានស្តុកស្តម្ភ។
រថយន្តនេះបំពាក់អាគុយកម្លាំង ១២០ គីឡូវ៉ាត់ម៉ោង ដែលអាចបង្កើតថាមពលបាន ១.៩០០ សេះ ដែលចែកចាយឱ្យទៅម៉ូទ័រអគ្គិសនីចំនួន ៤ នៃកង់នីមួយៗ៕ ដោយ៖ កញ្ញាដាលីស