ដោយមូលសម្បត្តិ/ភ្នំពេញ៖លោកសុខគាងអនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានចុះពិនិត្យមើលការចិញ្ចឹមជ្រូកពូជឦសាននៅស្ថានីយចិញ្ចឹមជ្រូកនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិសាស្ត្រខេត្តពោធិ៍សាត់នាថ្ងៃទី០១-០២ ខែមីនាឆ្នាំ២០២០។
លោកខៀវបូរិនអគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹងថានៅថ្ងៃនេះមន្ត្រីជំនាញបានរៀបចំបណ្តុះបណ្តាលឧទ្យានុរក្សដើម្បីពង្រឹងការចិញ្ចឹមជ្រូកដូចជាវិធានការជិវសុវត្ថិភាពនិងការបន្សុតពូជជ្រូកដើម្បីចែកជូននៅតាមសហគមន៍នៃតំបន់ការពារធម្មជាតិនៅកម្ពុជា។
លោកបានបន្ថែមថាពូជជ្រូកក្នុងស្រុកគឺជាពូជដែលមានសក្តានុពលធន់នឹងជំងឺនិងអាចស៊ីចំណីដែលផលិតនៅតាមមូលដ្ឋានហើយបំឡែងទៅជាសាច់បានខ្ពស់បើធៀបជាមួយពូជជ្រូកនាំចូល។ប្រភេទពូជនេះអាចត្រូវគេចិញ្ចឹមតាមបែបធម្មជាតិ។ជាពិសេសនៅភាគឦសាននៃកម្ពុជាដូចជាខេត្តក្រចេះស្ទឹងត្រែងមណ្ឌលគីរីនិងរតនគីរី។
ពូជជ្រូកប្រភេទនេះជាទូទៅសហគមន៍ចិញ្ចឹមព្រលែងឱ្យដើររកស៊ីចំណីក្នុងព្រៃដោយគ្រាន់តែផ្តល់ចំណីបន្ថែមតិចតួចដូចជាកាកសំណល់ផ្ទះបាយនិងប្រភេទរុក្ខជាតិដែលងាយដាំនៅជុំវិញផ្ទះ។ដោយសារតែទំនើបកម្មនៃផលិតកម្មជ្រូកដើម្បីបំពេញនូវតម្រូវការទីផ្សារការកែប្រែពូជដោយបង្កាត់ជាមួយពូជនាំចូលដើម្បីបង្កើនផលិតភាពបានធ្វើឱ្យពូជជ្រូកនេះថយចុះគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ជាពិសេសប្រភេទពូជជ្រូកក្នុងស្រុកនេះមិនបានប្រទះឃើញទៀតទេនៅតំបន់វាលទំនាប។ប៉ុន្តែមានការចិញ្ចឹមខ្លះៗតាមបែបព្រលែងនៅតាមតំបន់ខ្ពង់រាប ភូមិភាគឦសាននៃកម្ពុជា។
លោកសុខគាងបានលើកទឹកចិត្តដល់មន្ត្រីយកចិត្តទុកដាក់ពង្រឺងជីវភាពតាមរយៈការរៀបចំទីតាំងសម្រាប់ការចិញ្ចឹ ម និងបច្ចេកទេស ចិញ្ចឹម ឱ្យ បានល្អ។ ការបន្សុទ្ធពូជ និងអភិរក្សជ្រូកពូជក្នុងស្រុក ពិតជាមានសារៈសំខាន់ណាស់ ដោយសារពូជជ្រូកប្រភេទនេះធន់នឹងជំងឺ អាកាសធាតុក្នុងស្រុក និងមានលទ្ធភាពបំលែងចំណីមូលដ្ឋានដែលមានសារធាតុសរសៃខ្ពស់បានល្អជាសាច់និងមានតម្រូវការនៅលើទីផ្សារនាពេលបច្ចុប្បន្ន។
ការអភិរក្សនិងបន្សុទ្ធពូជជ្រូកក្នុងស្រុកនឹងជំរុញសហគមន៍មូលដ្ឋានឱ្យចិញ្ចឹមពូជជ្រូកប្រភេទនេះដើម្បីធានាផ្គត់ផ្គង់ដល់ទីផ្សារដែលជាប្រភពចំណូលមួយថ្មីសម្រាប់លើកកម្ពស់ជីវភាពរស់របស់គ្រួសារប្រជាសហគមន៍មូលដ្ឋាន។ការរៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានស្ថានីយចិញ្ចឹមជ្រូកពូជឦសានតាមធម្មជាតិសាកល្បង បានបង្កើតឡើងនៅក្នុងដែនជម្រកសត្វព្រៃ«ភ្នំឱរ៉ាល់» ជាដំបូង នាថ្ងៃទី១៦ខែមិថុនា២០១៨ដោយមានជ្រូកចំនួន៥៤ក្បាលនៅក្នុងលើផ្ទៃដីចំនួន៣ហិកតនៃតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
លោកស៊ុនគឹមហ៊ានប្រធានស្នាក់ការបរិស្ថានយោកនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានឱ្យដឹងថាបច្ចុប្បន្ននេះជ្រូកមានចំនួនកើនឡើងប្រមាណ១០០ក្បាលបន្ទាប់ពីមានការចូលរួមពីសហគមន៍មានការថែទាំពីមន្ត្រីឧទ្យានុរក្សដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។ស្ថានីយចិញ្ចឹមជ្រូកនៅតំបន់នេះដើរតួនាទីសំខាន់ដែលអាចបម្រើឱ្យតម្រូវការពីភ្ញៀវទេសចរ មកកម្សាន្តធម្មជាតិព្រៃភ្នំដូចជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង។
រមណីយដ្ឋាន បានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់ពាន់នាក់រៀងរាល់ឆ្នាំ។ ពូជជ្រូកឦសាន និងជួយឱ្យប្រជាសហគមន៍ទទួលចំណូលកាន់តែប្រសើរថែមទៀតពីការលក់ជ្រូក ជូនអ្នកទេសចរ កាត់បន្ថយពីការដាក់សំពាធលើធនធានធម្មជាតិ។
គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជាដើម្បីពង្រឹងងជីវភាពសហគមន៍ដោយយកចិត្តទុកដាក់ពង្រឹងលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ។
ក្នុងនោះមានការផ្តល់េពូជគោមាន់និងជ្រូកឦសាននិងការងារកសិកម្មប្រចាំគ្រួសារបានល្អប្រសើរ។គម្រោងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានចាប់ផ្តើមផ្តល់ជួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន២៥ សហគមន៍ ចាប់ឆ្នាំ២០១៧ រហូតដល់ឆ្នាំ ២០១៩។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន បានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួនជាង៦០កន្លែង លើផ្ទៃដីសរុបប្រមាណ ៧,២ លានហិកតា ក្នុងនោះមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេសគ្របដណ្តប់លើផ្ទៃដីព្រៃសរុបចំនួន២៨៥៦០៩ហិកតា។
សហគមន៍តំបន់ការពារធម្មជាតិបានដើរតួជាខ្សែក្រវ៉ាត់ការពារនិងអភិរក្សធនធានធម្មជាតិព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តាមរយៈការប្រើប្រាស់ផលអនុផលព្រៃឈើនិងការប្រកបមុខរបរចិញ្ចឹមជីវិតដូចជាធ្វើកសិកម្មការដាំដំណាំការចិញ្ចឹមសត្វនិងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិជាដើម៕S/