ដោយ៖សនសក្តាកំពង់ឆ្នាំង៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៣ខែមិនាឆ្នាំ២០២០នេះបានរៀបចំប្រារព្វខួបអនុស្សាវរីយលើកទី១០៩ទិវានារីអន្តរជាតិ៨មិនាក្រោមប្រធានបទ«មានសន្តិភាពមានការលើកកម្ពស់យេនឌ័រ»ក្រោមអធិបតីភាពលោកម៉មឈឿមទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ។
លោកស្រីកែវសេងសុចិន្តាអនុប្រធានការិយាល័យវិទ្យុតំណាងឱ្យនារីនៃមន្ទីរព័ត៌មានខេត្តបានឱ្យដឹងថាមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងស្ត្រីដែលបានបម្រើការងារលើវិស័យព័តមានមានចំនួន១៧រូប។ក្រៅពីនោះក៏មានស្ត្រីដែលបម្រើការឱ្យវិស័យព័ត៌មានឯកជនផងដែរ។
នៅលើវិស័យព័ត៌មានដូចជាពិធីការនីអ្នកបច្ចេកទេសអ្នកយកព័ត៌មានអ្នកតែងនិពន្ធអត្ថបទព័ត៌មាននិងបញ្ចូលសំឡេងដែលធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមានវិទ្យុជាតិរបស់ខេត្តនិងទូរទស្សន៍របស់ខេត្តផងដែរ។លោកស្រីបន្តថាតាមរយៈនៃសកម្មភាពទាំងនេះបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជនបានយល់ដឹងអំពីតម្លៃរបស់ស្ត្រី តាមរយៈនាទីអប់រំ វប្បធម៌ និង ព័ត៌មានផងដែរ ។
លោកម៉មឈឿមប្រធានមន្ទីរព័ត៌មានបានមានប្រសាសន៍ដោយលើកឡើងថាស្ត្រីនៅក្នុងវិស័យព័ត៌មានគឺពិតជាមានសារៈសំខាន់មិនអាចខ្វះបានដែលជាដៃគូដ៏ប៉ិនប្រសព្វក្នុងការជម្រុញអភិវឌ្ឍន៍អោយវិស័យព័ត៌មានបានកាន់តែប្រសិទ្ធភាពទ្វេរឡើងផងដែរ ។
ចំពោះប្រធានបទនាឆ្នាំនេះ«មានសន្តិភាពមានការលើកកម្ពស់យេនឌ័រ»ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និង អរគុណសន្តិភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ ។បែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង កំពុងអភិវឌ្ឍន៍លើគ្រប់វិស័យព្រមទាំងមានការចូលរួមដោយស្មើភាពនិងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។
លោកប្រធានមន្ទីរបានបញ្ជាក់ថាការលើកកម្ពស់សមភាពយេនឌ័រជាពិសេសវប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័នរួមទាំងបុរសទាំងស្ត្រីដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិស្ថានភាពជីវភាពឋានៈតួនាទីរបស់ស្ត្រីក៏ដូចជាសុខុមាលភាពសង្គមដោយធ្វើការទប់ស្កាត់និងកាត់បន្ថយអំពើហិង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
លោកម៉មឈឿមបានណែនាំដល់ស្ត្រីដែលបម្រើការងារលើវិស័យព័ត៌មានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតក្នុងការចូលរួមកិច្ចការងារសង្គមជាតិ។ធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិតប្រាកដដល់សាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់រាល់បញ្ហាវិជ្ជមាននិងអវិជ្ជមាននៅក្នុងសង្គម ពិសេសគឺលុបបំបាត់ទាំងស្រុងរាល់ព័ត៌មានក្លែងក្លាយ ៕S/