ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្លិបបាល់ទាត់ ភ្នំពេញក្រោន បានចាប់ផ្ដើមយុទ្ធនាការហ្វឹកហ្វឺនកីឡាបាល់ទាត់ ឈ្មោះថា ‘SCG Kick & Share’ ដែលឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបី រួមមាន កំពត កំពង់ចាម និងរាជធានីភ្នំពេញ។ យុទ្ធនាការនេះ គឺក្រោមកិច្ចសហការរវាងក្រុមហ៊ុនអេសស៊ីជីជាមួយក្លិបបាល់ទាត់ ភ្នំពេញក្រោន។ព្រឹត្តិការណ៍ហ្វឹកហ្វឺនបាល់ទាត់នេះធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតីស្រឡាញ់កីឡា ជាពិសេស កីឡាបាល់ទាត់នៅក្នុងចំណោមកុមារអាយុក្រោម ១២ឆ្នាំ។
លោកសនសីហានាយកផ្នែករ៉ែរបស់ក្រុមហ៊ុនអេសស៊ីជីបានថ្លែងថាជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមចំពោះសហគមន៍ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោនដើម្បីលើកកម្ពស់កីឡានៅក្នុងសហគមន៍តាមរយៈកម្មវិធីមួយឈ្មោះថា“SCGKick&Share”។«យើងចង់ឲ្យកុមារនៅក្នុងសហគមន៍របស់យើងមានស្មារតីចេះស្រឡាញ់កីឡា។យើងចង់ឲ្យក្មេងៗជំនាន់ក្រោយធ្វើរឿងល្អៗសម្រាប់សង្គម និងជៀសវាងគ្រឿងញៀនដាច់ខាត»។
នៅឯព្រឹត្តិការណ៍ហ្វឹកហ្វឺនបាល់ទាត់ដល់កុមារនៅខេត្តកំពតលោកលីហៀងអគ្គលេខាធិការក្លិបបាល់ទាត់ ភ្នំពេញក្រោន បានលើកឡើងថា ភ្នំពេញក្រោន និងក្រុមហ៊ុន អេសស៊ីជី មានគោលដៅរួមមួយ ក្នុងការប្រើប្រាស់រូបភាពកីឡាដើម្បីបញ្ជូនសារទៅកាន់កុមារ និងយុវជន។ «យើងជឿជាក់ថា កីឡានាំមកនូវសុខភាពល្អ ហើយក្មេងដែលឆ្លាត គឺក្មេងដែលមានសកម្មភាពច្រើន និងសកម្ម។
សារនៅថ្ងៃនេះ គឺថា តាមរយៈកីឡា តាមរយៈភ្នំពេញក្រោន យើងចង់ធ្វើជាគំរូល្អមួយដល់ក្មេងៗ»។
កុមារា កុមារី ប្រមាណជាង ១០០នាក់ មកពីសាលារៀននៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានចូលរួមសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ជាមួយកីឡាករដែលពួកគេចូលចិត្ត មកពីក្លិប ភ្នំពេញក្រោន ដែលក្នុងនោះរួមមាន កីឡាករលេចធ្លោ អន ចាន់ប៉ូលីន និងកីឡាករ សឿត បារាំង ផងដែរ ។
កីឡារទាំងពីររូបផ្ញើសារដូចគ្នា ទៅដល់កុមារដែលបានចូលរួម «ចូរយើងលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងជៀសវាងគ្រឿងញៀនឲ្យបានដាច់ខាត»។
កុមារាបនបញ្ញាជាសិស្សាបឋមសិក្សាមកពីសាលារៀននៅក្នុងស្រុកបន្ទាយមាសដែលបានចូលរួមនៅក្នុងសកម្មភាពហ្វឹកហ្វឺនបាល់ទាត់‘SCGKick&Share’បាននិយាយថារូបគេមានសេចក្ដីរំភើបរីករាយណាស់ ដែលបានរៀនតិចនិកខ្លះៗពីកីឡាករអាជីព ព្រោះរូបគេចូលចិត្តលេងបាល់ទាត់នៅសាលា។
កុមារា បញ្ញា និយាយថា «ទៅថ្ងៃអនាគត ខ្ញុំក៏ចង់ក្លាយជាកីឡាករបាល់ទាត់មួយរូបដែរ»។
កម្មវិធីហ្វឹកហ្វឺនបាល់ទាត់ដល់កុមារ“SCGKick&Share”ធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមហ៊ុន អេសស៊ីជី សហការជាមួយក្លិប ភ្នំពេញក្រោន ។ គិតមកទល់នឹងពេលនេះ មានសិស្សានុសិស្សជាច្រើនពាន់នាក់នៅតាមបណ្ដាខេត្តមួយចំនួនបានទទួលបទពិសោធន៍ពីសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ទាំងនេះ។កម្មវិធីនេះអាចរួមចំណែកគាំទ្រដល់កុមារដែលស្រឡាញ់កីឡាករបាល់ទាត់ អាចសម្រេចក្ដីសុបិនរបស់ពួកគេដើម្បីក្លាយខ្លួនជាតារាបាល់ទាត់នៅពេលអនាគត។
សម្រាប់ឆ្នាំនេះ ក្លិបភ្នំពេញក្រោន និងក្រុមហ៊ុន អេសស៊ីជី នឹងធ្វើសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ “SCG Kick & Share” នេះ នៅខេត្តកំពត ខេត្តកំពង់ចាម និងនៅរាជធានីភ្នំពេញ៕S/