ដោយ:គង់ហេង/កំពង់ចាម ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់គាំពារសង្គមបន្ថែមទៀតដល់ស្រ្តីឆ្លងទន្លេ ឬក៏ប្រសូតកើតបានបុត្រចាប់ពីកូនម្នាក់ ដល់កូនភ្លោះបីនាក់ គឺដើម្បីឳ្យស្រ្តីជាមាតាមានសុខភាពល្អ និងលើកកម្ពស់ផ្នែកបញ្ញាស្មារតី និងកាយសមប្បទារបស់កុមារជាកូនឳ្យបានរឹងមាំល្អ។
នៅក្នុងពិធីអបអរសាទរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ក្រោមប្រធានបទ« មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម លើបញ្ហាសុខភាពរបស់ស្រ្តីយើង។
លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា ដោយក្នុងនោះបានផ្តោតសំខាន់លើស្រ្តីមានប័ណ្ណអាទិភាព ឬប័ណ្ណសមាសធម៌សង្គម គឺទទួលបានប្រាក់ឧបត្ថម្ភដែលបានចាប់អនុវត្តន៍ពីឆ្នាំ២០១៨ជា បី ដំណាក់កាល គឺម្នាក់ទទួលបានសរុបចំនួន ៧៦០.០០០ រៀល។ មានដំណាក់កាលពរពោះ ដំណាក់កាលឆ្លងទន្លេ និងដំណាក់កាលចាប់ពីកុមារប្រសូតដល់អាយុ ២ឆ្នាំ។
លោក អ៊ុន ចានដា បានថ្លែងទៀតថា ជាមួយនោះសម្រាប់ស្រ្តីជាកម្មករ កម្មការិនីមានប័ណ្ណ ប.ស.សក៏ត្រូវបានទទួលការពិនិត្យសុខភាព និងទទួលប្រាក់ឧបត្ថម្ភជាបីដំណាក់កាល ដូចគ្នានឹងស្រ្តីមានប័ណ្ណអាទិភាព ឬប័ណ្ណសមាសធម៌ដែរ។
លោកបានមានប្រសាសន៍បន្ថែមថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានសម្រេចដាក់ចេញនូវប្រាក់ឧបត្ថម្ភគាំពារសង្គមដល់ស្រ្តីដែលឆ្លងទន្លេ ឬប្រសូតបុត្រម្តងបានម្នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០០.០០០រៀល, បានកូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០.០០០ រៀល និងបានកូនភ្លោះ បី នាក់បានប្រាក់ឧបត្ថម្ភចំនួន ១.២០០.០០០រៀល។
លោកបានមានប្រសាសន៍បន្តថា ការឧបត្ថម្ភបន្ថែមតាមរយ:ការដាក់ចេញនូវកម្មវិធីនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីលើកកម្ពស់ស្រ្តីឳ្យមានសុខភាពល្អ ព្រមទាំងលើកកម្ពស់កុមារផ្នែកបញ្ញាស្មារតី និងកាយសមប្បទារឹងមាំ។
គួរបញ្ជាក់ថា ចាប់តាំងពីអនុវត្តន៍គោលនយោបាយគាំពារសង្គម គឺលើកកម្ពស់ដល់សុខភាពស្រ្តីឳ្យទទួលបានប្រាក់ឧបត្ថម្ភចំនួន បី ដំណាក់កាលខាងលើនោះ ខេត្តកំពង់ចាមមានស្រ្តីសរុបចំនួន ៣.១៦១ នាក់បានមកពិនិត្យផ្ទៃពោះ មកសម្រាល ឬប្រសូតចំនួន ១.៤០៩ នាក់ និងស្រី្តជាម្តាយនាំកុមារអាយុក្រោម ២ឆ្នាំបានចំនួន ៤.២១៨ នាក់៕/B