លោកណេតាន់យ៉ាហ៊ូឈ្នះការបោះឆ្នោតនៅអ៊ីស្រាអែល

266
ចែករម្លែក

នាយករដ្ឋមន្រ្តីបេនចាមីន ណេតានីញ៉ាហ៊ូបានដណ្តើមជ័យជម្នះនៅថ្ងៃអង្គារទី៣មីនានេះនៅក្នុងការបោះឆ្នោតទូទៅនៅអ៊ីស្រាអែល ខណៈការស្ទង់មតិបោះឆ្នោតនានាបានដាក់នាយករដ្ឋមន្រ្តីដែលគេចោទប្រកាន់រូបនេះស្ថិតក្នុងជំហររឹងមាំក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់។

ការបោះឆ្នោតកាលពីថ្ងៃចន្ទ ដែលជាការបោះឆ្នោតលើកទី ៣ របស់អ៊ីស្រាអែលក្នុងរយៈពេលតិចជាងមួយឆ្នាំ ត្រូវបានកោះរៀបចំឡើង បន្ទាប់ពីការបោះឆ្នោតមិនដាច់ស្រាច់ក្នុងខែមេសានិងខែកញ្ញា បានធ្វើឱ្យរដ្ឋជ្វីហ្វមួយនេះជាប់គាំងនយោបាយ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលបាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ពួកគេបានបញ្ចប់ការរាប់សន្លឹកឆ្នោតទាំងអស់ហើយ ប៉ុន្តែការត្រួតពិនិត្យដែលពួកគេកំពុងធ្វើមានន័យថាលទ្ធផលនឹងត្រូវផ្សព្វផ្សាយនៅយប់នេះ។

ប៉ុន្តែការស្ទង់មតិការបោះឆ្នោតដោយបណ្តាញចំនួន ៣ បានផ្តល់ឱ្យគណបក្សលីឃូដស្តាំនិយមរបស់លោកណេតាន់យ៉ាហ៊ូរវាង ៣៦ និង ៣៧ អាសនៈនៅក្នុងសភាអ៊ីស្រាអែល ដែលមាន ១២០ អាសនៈ។

នោះនឹងកត់សម្គាល់ជាលទ្ធផលល្អបំផុតមិនធ្លាប់មានរបស់បក្សលីឃូដក្រោមការដឹកនាំរបស់លោកណេតាន់យ៉ាហ៊ូ ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៩៦-១៩៩៩ ហើយការកាន់អំណាចបច្ចុប្បន្នបានចាប់ផ្តើមក្នុងឆ្នាំ ២០០៩។

ការប៉ាន់ប្រមាណទាំងនោះបានផ្តល់ឱ្យបក្សលីឃូដនិងសម្ព័ន្ធមិត្តស្តាំនិយមរបស់ខ្លួនរួមទាំងគណបក្សអ័រហ្សូដុកនូវអាសនៈសរុបចំនួន ៥៩ ដែលខ្វះ២អាសនៈទៀតនឹងទទួលបានសំឡេងភាគច្រើននៅក្នុងសភា។

គូប្រជែងដ៏សំខាន់របស់បក្សលីឃូដ គឺគណបក្សកណ្តាលនិយម ខៀវនិងស ត្រូវគេព្យាករណ៍ថានឹងឈ្នះចន្លោះពី ៣២ ទៅ ៣៤ អាសនៈ។

ដោយរាប់បញ្ចូលទាំងសម្ព័ន្ធមិត្តឆ្វេងនិយមរបស់ខ្លួនក៏ដូចជាសម្ព័ន្ធបញ្ជីអារ៉ាប់រួម ដែលជាជំរំប្រឆាំងនឹងលោកណេតាន់យ៉ាហ៊ូ ត្រូវគេរំពឹងថានឹងអាចគ្រប់គ្រងបានពី ៥៤ ទៅ ៥៥ អាសនៈ។

ខណៈមិនទាន់មានការធានាថាលោកណេតាន់យ៉ាហ៊ូអាចបង្កើតរដ្ឋាភិបាលចម្រុះបាននោះ លោកបានសាទរការបោះឆ្នោតកាលពីថ្ងៃចន្ទថាជាជោគជ័យដ៏ធំសម្បើម។

លោកបានប្រាប់ហ្វូងអ្នកគាំទ្រដ៏មានអំនួតនៅទីក្រុងតែលអាល់វីវយ៉ាងដូច្នេះថា “នេះជាជោគជ័យដ៏សំខាន់បំផុតនៃជីវិតរបស់ខ្ញុំ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សលីឃូដបាននិយាយថាលោកណេតាន់យ៉ាហ៊ូបាននិយាយទៅកាន់ប្រមុខគណបក្សស្តាំនិយមទាំងអស់រួចហើយ និង “បានព្រមព្រៀងបង្កើតរដ្ឋាភិបាលជាតិដ៏រឹងមាំមួយសម្រាប់អ៊ីស្រាអែលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

មេដឹកនាំបក្សខៀវនិងស គឺអតីតមេទ័ពជើងគោក លោក បេននី ហ្គាន បានសារភាពថា “ខកចិត្តខ្លាំង” ចំពោះលទ្ធផល។

ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា មិនខ្វល់ថាលទ្ធផលឆ្នោតយ៉ាងណានោះទេ លោកណេតាន់យ៉ាហ៊ូនៅតែត្រូវឡើងតុលាការនៅថ្ងៃទី១៧មីនា​ ក្រោយរងការចោទប្រកាន់ពីបទស៊ីសំណូក ក្លែងបន្លំ និង រំលោភសេចក្តីទុកចិត្ត៕ ដោយ៖ កញ្ញាដាលីស

លោកណេតាន់យ៉ាហ៊ូជឿថានឹងអាចបង្កើតរដ្ឋាភិបាលបាន ក្រោយឈ្នះការបោះឆ្នោត

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ