​ភ្នំ​ម៉េ​រ៉ាពី​(Merapi) នៅ​ឥណ្ឌូនេស៊ី​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី ០៣ ខែ​មីនា ដោយ​បាន​បញ្ចេញ​កម្អែរ​ភ្នំភ្លើង​និង​បាញ់ផេះ​ទៅលើ​អាកាស​កម្ពស់​ជាង ៦ គីឡូម៉ែត្រ ដែល​បង្ក​ឱ្យ​មាន​ការព្រមាន​ដល់​ការហោះហើរ​នៃ​យន្តហោះ​។​

​ជា​ការឆ្លើយតប​នឹង​ការព្រមាន​នេះ អាកាសយានដ្ឋាន Adi Soemarmo នៅ​ទីក្រុង​សូ​ឡូ នៅ​ខេត្ត​ចា​វ៉ា​កណ្តាល ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​។​

​ភ្នំភ្លើង​កម្ពស់ ២.៩៦៨​ម៉ែត្រ ដែល​ស្ថិត​នៅក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​បំផុត​នៅ​ប្រទេស​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ៣០ គីឡូម៉ែត្រ​ពី​ទីក្រុង​យ៉ុក​យ៉ា​កាតា​ នៅ​កោះ​ចា​វ៉ា​(​ជ្វា​)​ជា​ទី​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​នៃ​ប្រទេស​នេះ​។​

​ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​ជា​បន្តបន្ទាប់​នៅក្នុង​ឆ្នាំ ២០១០ ដែល​បាន​សម្លាប់​មនុស្ស​ជាង​៣៥០ នាក់​និង​ប៉ះពាល់​តំបន់​ជាច្រើន​ដែល​នៅក្បែរ ៗ​នោះ​នៅ​ខេត្ត​ចា​វ៉ា​កណ្តាល​។​

​ភ្នំភ្លើង​នេះ​បាន​ផ្ទះ​ឡើង​អស់​រយៈពេល​៤៥០​វិនាទី​នេះ កាលពី​ម៉ោង​៥:២២ ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយ​បង្ហុយ​ផេះ​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ​។​​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកទេសចរ​នៅ​ទីក្រុង​យ៉ុក​យ៉ា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​មើល​ការផ្ទុះ​ភ្នំភ្លើង​Merapi នៅ​ថ្ងៃ​អង្គារ​ទី​០៣ ខែ​មីនា​