​ប៉ូលិស​ក្រុង​ឡុង​ដ៍​កំពុង​ស៊ើបអង្កេត​ការវាយដំ​បែប​ប្រកាន់​ជាតិ​សាសន៍​ពាក់ព័ន្ធ​នឹង​ការផ្ទុះ​វីរុស​កូរ៉ូ​ណា​ទៅ​លើ​និស្សិត​សិង្ហបុរី​ម្នាក់ ដែល​កំពុង​សិក្សា​នៅ​ទីនោះ​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​សារព័ត៌មាន​The Straits Times​ថា ការវាយប្រហារ​បែប​ប្រកាន់​ជាតិ​សាសន៍​នេះ​បាន​កើត​ឡើង​នៅក្នុង​វិថី​អស់​ស្វឺត​ជិត​ស្ថានីយ​Tottenham Court Road​កាលពី​ម៉ោង​ជាង​៩​យប់​ថ្ងៃ​២៤​កុម្ភៈ​។​ជនរងគ្រោះ​ជា បុរស​វ័យ​២៣​ឆ្នាំ ត្រូវ​គេ​ដាល់​អោយ​របួស​មុខ​។​

​ប៉ូលិស​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ជនរងគ្រោះ​ទេ តែ​គេ​ជា​និស្សិត​ឈ្មោះ​ចូ​ណា​ថាន់ ម៉ុក ទៅ​ពី​សិង្ហ​បុរី​។​ចូ​ណា​ថាន់ ម៉ុក​ដែល​កំពុង​សិក្សា​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣​នៅ​សកល​​វិទ្យាល័យ​ក្រុង​ឡុង​ដ៍ បាន​សរសេរ​រៀបរាប់​ហេតុការណ៍​របស់ខ្លួន​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​០៣​មីនា​។​

​ដោយ​បង្ហោះ​រូប​ហើម​មុខ​និង​ជាំភ្នែក​របស់ខ្លួន ចូ​ណា​ថាន់ ម៉ុក​បាន​និយាយថា​ការវាយប្រហារ​នេះ​បាន​កើត​ឡើង​នៅ​វិថី​អស់​ស្វឺត​បន្ទាប់​ពី​ខ្លួន​បាន​ដើរកាត់​មនុស្ស​​វ័យក្មេង​មួយក្រុម​។​

​លោក​បាន​អោយដឹងថា នៅ​ពេល​លោក​ងាក​មើល​ពួក​គេ មាន​ម្នាក់​និយាយថា​«​វីរុស​កូរ៉ូណា​»​។​បុរស​នេះ​បន្ទាប់​មក​ស្រែក​ថា «​ហាន​មើលមុខ​អញ​ផង ..»​ហើយក៏​​វាយ​គាត់​ម្តង​ហើយ​ម្តង​ទៀត​មុន​អ្នកដំណើរ​ឆ្លងកាត់​ចូល​មក​ឃាត់​។​

​ម៉ុក​បាន​និយាយថា បុរស​ម្នាក់​ទៀត​ក្នុង​ក្រុម​នេះ​បាន​ស្រែក​ថា​« អញ​មិន​ចង់បាន​កូរ៉ូណា​វីរុស​របស់​ឯង​ចូលមក​ក្នុង​ប្រទេសអ​ញ​ទេ​»​ហើយ​ក៏​ដាល់​គាត់​ចំ​មុខ​ថែម​​ទៀត​។​

​ក្រុម​នេះ​បាន​ភៀសខ្លួន​ចេញ​បាត់​មុន​ប៉ូលិស​មកដល់​។​ប៉ូលិស​បាន​អោយដឹងថា មិន​មាន​ការចាប់ខ្លួន​មនុស្ស​ទេ​ពាក់​ព័ន្ធ​នឹង​ឧបទ្ទវហេតុ​នេះ តែ​ខ្លួន​កំពុង​ព្យាយា​​ម​កំណត់​អត្តសញ្ញាណ​ជនដៃដល់​៕​ប្រែ​សម្រួល​៖​វាសនា​

ម៉ុក ដែល​កំពុង​សិក្សា​នៅ​ក្រុង​ឡុង​ដ៍ ថត​បង្ហាញ​រូប​ខ្លួនឯង​ត្រូវ​គេ​វាយ​ប៉ោង​មុខ​ជាំភ្នែក​។​លោក​បាន​សរសេរ​បង្ហោះ​ថា «​ហេតុ​អី​ក៏​នរណាម្នាក់​ក្លាយ​ជា​រងគ្រោះ​​ដោយសារ​តែ​ពណ៌​សម្បុរ​របស់ខ្លួន​។​ហេតុ​អី​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម​នៅពេល​មាន​គេ​ប្រើ​សម្តី​ប្រកាន់​ជាតិ​សាសន៍​លើ​ខ្ញុំ​»