ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេរមភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថាការធានាការពារឱ្យបាននូវរាល់សមិទ្ធផលសង្គមសេដ្ឋកិច្ចដែលកម្ពុជាខិតខំសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ។

ជាពិសេសការការពារឱ្យបានដាច់ខាតនូវឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងការពង្រឹងតួនាទីសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិតម្រូវឱ្យកងយោធពលខេមរភូមិន្ទត្រូវពឹងផ្អែកជាចម្បងលើការអភិវឌ្ឍសមត្ថភាពនិងបណ្តុះជាប់ជានិច្ចនូវមនសិការស្នេហាជាតិជាចាំបាច់។ដូចប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៣។

សម្តេចជំរុញឱ្យកងយោធពលខេមរភូមិន្ទចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យទៅជាកម្លាំងការពារជាតិដ៏រឹងមាំមានវិន័យម៉ឺងម៉ាត់និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងលើកតម្កើងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ការថ្លែងបញ្ជាក់នេះនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៩និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខឆ្នាំ២០២០របស់កងពលធំអន្តរាគមន៍លេខ៣ ខេត្តព្រះវិហារ កាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតក៏បានផ្តាំផ្ញើដល់មេបញ្ជាការមេបញ្ជាការរងគ្រប់លំដាប់ថ្នាក់នាយទាហាននាយទាហានរងនិងពលទាហានទាំងអស់របស់កងពលធំអន្តរាគមន៍លេខ៣និងបណ្តាស្ថាប័នកងឯកភាពចំណុះសូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទក៏ដូចជាច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗនិងត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាក្នុងការលើកស្ទួយជីវភាពរស់នៅនិងសុខមាលភាពរបស់កងទ័ពនិងត្រៀមកម្លាំងមធ្យោបាយនិងសម្ភារៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាមនុស្សឬធម្មជាតិនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហានរបស់កងពលធំអន្តរាគមន៍លេខ ៣ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ នៅក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ, ការពារបូរណទឹកដី និងចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព។

ទាំងអស់នេះផ្តើមឡើងពីការតាំងចិត្តការប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នានិងស្មារតីស្នេហាជាតិរបស់យោធិនម្នាក់ៗនិងសូមគាំទ្រនិងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានសកម្មខ្លាំងក្លាថែមទៀតសម្រាប់ឆ្នាំ២០២០និងបណ្តាឆ្នាំខាងមុខហើយត្រូវធ្វើការដកពិសោធន៍ពិនិត្យ។វាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានមុនៗដើម្បីធានាបាននូវនិរន្តរភាពនៃប្រសិទ្ធភាពការងារប្រព័ន្ធការងារឹងមាំនិងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ៕S/