ដោយសុផល/ភ្នំពេញៈធនាគារឯកទេសវីង(ខេមបូឌា)លីមីតធីតដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជានិងក្រុមហ៊ុនមេនូឡាយហ្វ៍(ខេមបូឌា)ដែលជាក្រុមហ៊ុនធានារ៉ាបរងអាយុជីវិតអន្តរជាតិឈានមុខគេមួយបានរួមសហការរៀបចំកម្មវិធីពិភាក្សាស្តីពីការពង្រឹងសិទ្ធិស្ត្រីនិងវិធីសាស្ត្រឆ្ពោះទៅរកភាពជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថល។
លោកម៉ានូរ៉ាចាន់អគ្គនាយកនៃធនាគារឯកទេសវីង(ខេមបូឌា)លីមីតធីតបានមានប្រសាសន៍ថា៖«ការពង្រឹងសិទ្ធិអំណាចស្ត្រីក្នុងការចូលរួមក្នុងវិស័យសេដ្ឋកិច្ចគឺជាគន្លឹះដើម្បីបិទគម្លាតយេនឌ័រ។វីង ប្តេជ្ញាឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅនេះតាមរយៈបណ្តាញផលិតផលនិងសេវាកម្មជាដើម។វាពិតជាចាំបាច់ក្នុងការវិនិយោគលើការពង្រឹងសិទ្ធិអំណាចស្ត្រីតាមរយៈការផ្តល់ជូនឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យានិងការអភិវឌ្ឍសហគ្រិនភាពដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់គ្រួសាររបស់ពួកគេផងដែរ» ។
ក្នុងបណ្តាញភ្នាក់ងាររបស់វីង៨០ភាគរយគឺជាស្ត្រីមេផ្ទះដែលពួកគាត់មានឱកាសអាចរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារហើយសមិទ្ធផលនេះបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។វីងបានចូលរួមគាំទ្រពួកគេឲ្យក្លាយជាអ្នករកប្រាក់កម្រៃបានដោយឯករាជ្យដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។
«ក្នុងចំណោមបុគ្គលិករបស់យើងទាំង ៤៧៨ នាក់ នៅក្នុងកម្ពុជា បុគ្គលិកជាង ២០០ នាក់ជាស្ត្រី និង ១៥នាក់ក្នុងចំណោមពួកគាត់មានមុខងារជាអ្នកដឹកនាំ។ពួកគាត់ទាំងអស់រួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ក្រុមហ៊ុនរួមទាំងជម្រុញក្រុមហ៊ុនរបស់យើងឲ្យក្លាយទៅជាអ្នកដឹកនាំផ្នែកឌីជីថលនៅលើទីផ្សារសម្រាប់អតិថិជនផងដែរ។ខ្ញុំលើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាចូលរួមជម្រុញនិងលើកទឹកចិត្តដល់ស្ត្រីទូទៅ ទាំងនៅកន្លែងធ្វើការក្នុងក្រុមគ្រួសារសង្គមនិងនៅគ្រប់ទីកន្លែង»នេះបើតាមប្រសាសន៍ លោក យូ សាមឺឌី នាយកគ្រប់ គ្រង នាយកដ្ឋានធនធានមនុស្ស របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
យោងតាមរបាយការណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបានបង្ហាញថា៦១ភគរយនៃអាជីវកម្មដែលចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាត្រូវបានគ្រប់គ្រងដោយស្ត្រីដែលតួលេខនេះខ្ពស់ជាងបណ្តាប្រទេសនៅតំបន់អាស៊ាន។របាយការណ៍នេះក៏បានបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៨ស្ត្រីចំនួន៩០ភាគរយបានដឹកនាំដំណើរការសហគ្រាសធុនតូចនិងមធ្យម។ពួកគេទទួលបានប្រាក់ចំណេញយ៉ាងសមរម្យទាំងនេះបានសបញ្ជាក់ឱ្យឃើញពីសារសំខាន់នៃការដោះស្រាយឧបសគ្គទាក់ទងនឹងបញ្ហាយេនឌ័រដែលរារាំងស្ត្រីមិនឱ្យមានឱកាសពេញលេញក្នុងតួនាទីជាអ្នកដឹកនាំ។
វីងនិងមេនូឡាយហ្វ៍(ខេមបូឌា)យកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងបានរួមចំណែកធ្វើឱ្យ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប្រសើរឡើង។វីងតែងតែប្រើប្រាស់ផលិតផលប្រកបដោយភាពច្នៃប្រឌិតដើម្បីជម្រុញបរិយាប័ន្នហិរញ្ញវត្ថុក្នុងប្រទេសដោយបានរួមបញ្ចូលទាំងអ្នកមិនមានគណនីធនាគារ។មិនស្ថិតក្នុងបណ្តាញធនាគាររីឯក្រុមហ៊ុនមេនូឡាយហ្វ៍(ខេមបូឌា)ជាក្រុមហ៊ុនអន្តរជាតិដំបូងបង្អស់ ដែលនាំយកផលិតផលធានារ៉ាប់រងអាយុជីវិតនិងផែនការការពារហិរញ្ញវត្ថុរយៈពេលវែងមកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២៕S/