ដោយៈសុផល/ភ្នំពេញ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃអង្គារទី៣ខែមីនាឆ្នាំ២០២០។កិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ តាមសំណើរបស់រាជរដ្ឋាភិបាល។ក្នុងនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការផ្លាស់ប្តូរឈ្មោះក្រសួងឧស្សាហកម្ម មួយផង មកប្រគល់ជូន គណៈកម្មការជំនាញរដ្ឋសភានានា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
សេចក្តីព្រាងច្បាប់ទាំង៦ ដែលរដ្ឋសភា សម្រេចទទួលយកមកពិនិត្យសិក្សា នាពេលនេះ មាន៖១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
២- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាមដល់គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
៤- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ានដល់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការសាធារណការដឹកជញ្ជូនទូរគមនាគមន៍ប្រៃសណីយ៍ឧស្សាហកម្មរ៉ែថាមពលពាណិជ្ជកម្មរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៃរដ្ឋសភានិងគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
៥.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបីស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
៦.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភាពិនិត្យសិក្សា ដោយសហការជាមួយ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ៕S/