ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងសុំឲ្យសិល្បករសិល្បការិនីខ្មែរបញ្ឈប់ការជេរបញ្ចោរគ្នាតាម Facebook ដែលធ្វើឱ្យសាធារណជនមើលទៅខ្វះសីលធម៌ក្នុងនាមជាបុគ្គលសាធារណៈដែលផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនានារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«សិល្បករសិល្បការិនីដែលកន្លងមក នេះមានការជេរបញ្ចោរគ្នាតាម Facebook តើខ្ញុំអាចសុំបានទេរឿងនេះគឺជារឿងមិនគប្បីទាល់តែសោះ ។យើងជាសិល្បករសិល្បការិនីជាបុគ្គលសាធារណៈដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬក៏បង្ហាញមុខនៅក្នុងចំណោមសាធារណជនរាប់ពាន់រាប់ម៉ឺននាក់មួយកន្លែងៗប៉ុន្តែយើងបែរជាជេរគ្នានៅតាមFacebookរឿងនេះវាមិនសមទាល់តែសោះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីយល់ឃើញថាបើមានរឿងអ្វីមួយគួរតែពិភាក្សាគ្នាឬនិយាយតាមតាមទូរស័ព្ទដើម្បីរកដំណោះស្រាយហើយចៀសវាងការជេរបញ្ចោរគ្នាតាមFacebook ៕