ដោយ​:​បានលុង​/​រតនគិរី​:​នៅ​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ពលរដ្ឋ​ជាង​ពី​រយ​នាក់​នៅ​ស្រុក​លំផាត់​បាន​បន្ដ​មកជួប​ជុំគ្នា​នៅមុន​សាលាខេត្ត​រតនគិរី​គឺ​ជំរុញ​អាជ្ញាធរ​ខេត្ដ​ឱ្យជួយ​អន្ដរាគមន៍​ទៅ​តុលាការ​ដើម្បី​ដោះលែង​មនុស្ស​ពីរ​នាក់​ដែល​មន្ដ្រី​បរិស្ថាន​បាន​ចាប់ឃុំខ្លួន​។​
គួររំលឹកថា​កាលពី​ថ្ងៃទី​២៧​ខែកុម្ភ​:​ឆ្នាំ​២០២០​មន្ត្រី​បរិស្ថាន​ខេត្ដ​មួយក្រុម​បាន​ទៅ​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​គឺ​លោក​អ៊ុ​ធា​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជនជាតិ​ទំពួន​និង​ឈ្មោះ​បិ​ន​យាង​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​ជនជាតិខ្មែរ​ពួកគេ​ជា​កសិករ​មាន​ទីលំនៅ​ភូមិ​កៃ​សាន់​ឃុំ​សេ​ដា​ស្រុក​លំផាត់​។​

​សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹងថា​កា​ចាប់​មនុស្ស​ពីរ​នាក់​មានឈ្មោះ​ដូចខាងលើ​នោះ​ខាង​មន្ដ្រី​បរ​ស្ថាន​មិនបាន​បង្ហាញ​ដីកា​តុលាការ​ទេ​គឺ​ចោទថា​បាន​ពាក់ព័ន្ធ​ករណី​កាន់កាប់​ដី​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ខុសច្បាប់​នៅត្រង់ចំណុច​អូរ​ជីប​ឃុំ​សេ​ដា​។​
ក្រោយពី​ចាប់ខ្លួន​រួច​មន្ដ្រី​បរិស្ថាន​បាន​យក​ពួកគេ​ទៅ​ឃុំ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​។​លុះ​ថ្ងៃទី​២៨​ខែកុម្ភ​:​ពលរដ្ឋ​នៅ​ឃុំ​សេ​ដា​បាន​លើកគ្នា​ជាង​មួយរយ​នាក់​ទៅ​សុំឱ្យ​ដោះលែង​វិញ​។​ប៉ុន្ដែ​ជនរងគ្រោះ​មិន​ត្រូវបាន​ដោះលែង​នោះទេ​គឺ​មន្ដ្រី​បរិស្ថាន​និង​អា​អ្ញាធរ​ខេត្ដ​ថាឱ្យ​រក​តំណាង​ចូលមក​ដោះស្រាយ​តាម​សម្រួល​ហើយ​ទីបំផុត​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​។​

លាង​មុំ​ត្រូវជា​ប្រពន្ធ​លោក​អ៊ុ​ធា​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ពួកគាត់​មាន​គ្នា​ជាង​ពី​រយ​នាក់​បាន​បន្ដ​មកជួបជុំ​នៅមុខ​សាលា​ខេត្ដ​គឺ​សុំឱ្យ​អាជ្ញាធរ​ជួយ​អន្ដរាគមន៍​ទៅ​តុលាការ​ដើម្បី​ដោះលែង​អ្នក​ទាំងពីរ​មកវិញ​។​លាង​មុំ​បាន​បញ្ជាក់ថា​ពួកគាត់​នឹង​បន្ដ​ជួបជុំគ្នា​លុះត្រាតែ​តុលា​ការព្រម​ដោះលែង​អ្នក​ទាំងពីរ​ឱ្យមាន​សេរីភាព​វិញ​។​

​ព្រោះ​ដីចម្ការ​ដែល​បាន​អាស្រ័យ​ផល​នៅ​ទីនោះ​គឺ​ទិញ​ត​ពី​អ្នកផ្សេង​ដែល​គេ​កាប់​រាន​រួច​ពួកគាត់​មិនបាន​ទៅ​កាប់​ព្រៃឈើ​នោះទេ​។​បើ​ខាង​បរិស្ថាន​យល់ថា​ទិញ​ដី​ត​ពី​គេ​ត្រូវមាន​កំហុស​នោះ​គួរតែ​ប្រាប់​ពលរដ្ឋ​នៅ​ទីនោះ​ឱ្យដឹង​ជាមុន​ហើយ​បើ​ពួកគាត់​នៅតែ​បំពាន​ចាំ​ដាក់ទោស​ទៅ​ចុះ​។​

លោក​ម៉ឺង​ស៊ី​នាថ​អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី​កាលពី​រសៀល​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​ករណី​មនុស្ស​ពីរ​នាក់​ដែល​មន្ដ្រី​បរិស្ថាន​ចាប់ខ្លួន​រឿង​ចូលកាន់​ដី​ដែនជម្រកសត្វព្រៃ​លំផាត់​នោះ​ខាង​សាលា​ខេត្ដ​បាន​ប្រជុំ​និង​រក​ដំណោះស្រាយ​ដែរ​តែ​រឿងនេះ​តុលាការ​កំពុងធ្វើកា​ស្រាវ​បន្ដ​តាម​នីតិវិធី​។​

លោក​ស៊ី​នាថ​បាន​បញ្ជាក់ថា​ជនសង្ស័យ​បាន​សារា​ភាព​ថា​ខ្លួន​បាន​ចូលកាន់​កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​មិន​ស្របច្បាប់​មែន​តែ​យើង​សង្ឃឹមថា​ក្រោយពី​តុលាកា​បញ្ចប់​ការ​ស៊ើ​អង្កេត​រួច​ពួកគេ​អាច​ត្រូវ​ដោះលែង​វិញ​។​លោក​កែវ​ពិសុទ្ធ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ដ​រតនគិរី​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដោយ​ខ្លី​ថា​ជនសង្ស័យ​បាន​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៨​ខែកុម្ភ​:​ដើម្បី​រង់ចាំ​ការ​ស៊ើប​សង្កេត​បន្ដ​៕S/

​សកម្មភាព​របស់​ពល​រដ្ឋ​ដែល​មក​ផ្ដុំគ្នា​នៅមុខ​សាលា​ខេត្ដ​សុំ​ឲ្យ​ជួយ​ដោះលែង​ពីរ​នាក់​(​រូបថត​សុវណ្ណ​)​