ដោយៈ មេសា/ ភ្នំពេញៈ ថវិកាចំនួន 0២ ម៉ឺនដុល្លារអាមេរិក ដែលជាបច្ច័យបានមកពីពិធីបុណ្យគម្រប់ខួប ៧ ថ្ងៃ និង ១០០ ថ្ងៃ ឧទ្ទិសកុសលជូនឧបាសិកា ប៊ួយ ទង ត្រូវជាម្តាយរបស់លោក អ៊ុក សាវុធ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខកាលពីថ្ងៃពុធទី ២៩ ខែ មករា ឆ្នាំ ២០២០កន្លងទៅ ត្រូវបានលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ និង លោកស្រី ទ្រី អេង ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀល ថ្ងៃអង្គារទី ០៣ ខែ មីនា ឆ្នាំ២០២០នេះ តាមរយៈលោកបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានវត្តមានលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាផង ។

លោក អ៊ុក សាវុធ បានមានប្រសាសន៍ថា ការផ្តល់បច្ច័យជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ គឺធ្វើឡើងតាមបណ្តាំរបស់ម្តាយរបស់លោក គឺឧបាសិកា ប៊ួយ ទង ដើម្បី ជាការរួមចំណែកទ្រទ្រង់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាក្នុងមួយថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាទាំងពីរទីតាំង គឺនៅរាជធានីភ្នំពេញ និង ខេត្ត សៀមរាប មានកុមារកម្ពុជា ជាមធ្យមប្រមាណជាង ៣ ០០០ នាក់មកពិគ្រោះជំងឺក្រៅ ក្នុងនោះមានប្រមាណជា ១៥ ភាគរយ ឬ ប្រមាណជា ៥០០ នាក់ ត្រូវដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យដោយសារជាជំងឺធ្ងន់ ហើយមន្ទីរត្រូវចំណាយថវិកាប្រមាណ ៤២ លានដុល្លារក្នុងមួយឆ្នាំសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ។
លោក បណ្ឌិត ចន ណារិទ្ធបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុក សាវុធ និងក្រុមគ្រួសារសម្រាប់ទឹកចិត្តដ៏សប្បុរសនេះ ហើយថាទង្វើដ៏សប្បុរសនេះ គឺជាគំរូបដ៏ឧត្តមសម្រាប់សង្គមខ្មែរទាំងមូល ។

គួររំឭកថា មន្ទីរពេទ្យគន្ធបុប្ផាបានបង្កើតឡើងកាលពីឆ្នាំ ១៩៩២ ផ្តល់នូវសេវាពិនិត្យ ព្យាបាលជូនទារក កុមារ និង ស្ត្រីកម្ពុជាដោយឥតគិតថ្លៃ ។ ចំណែក មូលនិធិ គន្ធបុប្ផាកម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាល ។ ថ្វីដ្បិតបច្ចុប្បមន្ទីរពេទ្យគន្ធបុប្ផាមានថវិកាគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដំណើរការរបស់ខ្លួន ប៉ុន្តែ ក៏នៅត្រូវការថវិកាជាច្រើនបម្រុងទុក ដើម្បី និរន្តរភាពមន្ទីរពេទ្យនាពេលខាងមុខ ៕ Kh


