ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារទី៣ខែមីនាថាមនុស្សយ៉ាងតិច២១ នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋសាវ ប៉ាវឡូ និង រដ្ឋរីយ៉ូ ដឹ ហ្សាណេរ៉ូ ប្រទេសប្រេស៊ីលដោយបង្កឱ្យមានទឹកជំនន់ភ្លាមៗនិងបំផ្លាញផ្ទះសម្បែងជាច្រើន។
មនុស្ស៣២នាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅរដ្ឋ សាវ ប៉ាវឡូដែលនាំឱ្យមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់នេះ អាចនឹងកើនឡើងបន្ថែមទៀត។
ព្យុះខ្លាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដោយបង្កការបំផ្លិចបំផ្លាញនៅតំបន់ឆ្នេរសមុទ្រនៃរដ្ឋ សាវ ប៉ាវឡូនិងនៅសង្កាត់ទីក្រុងជាច្រើននៅជាយរដ្ឋរីយ៉ូ ដឹ ហ្សាណេរ៉ូ ។
ក្រុមអាជ្ញាធរបាននិយាយថាយ៉ាងហោចណាស់មនុស្ស១៦ នាក់បានស្លាប់កាលពីព្រឹកថ្ងៃអង្គារនៅរដ្ឋសាវ ប៉ាវឡូ បន្ទាប់ពីទឹកជំនន់និងការរលំបាក់ដីបានកើតឡើងនៅទីក្រុងដែលនៅជាប់សមុទ្រគឺទីក្រុងសាន់តូសទីក្រុងសាវ វីសង់តេនិងទីក្រុងក្វារូចា ។
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនេះ គឺជាអ្នកជួយសង្គ្រោះ ដែលបានស្លាប់ ដោយដីបាក់សង្កត់លើ៕ប្រែសម្រួល៖សុខា/sn
ក្រុមអ្នកសង្គ្រោះ ជីកកកាយដីដើម្បីសង្គ្រោះជនរងគ្រោះនៃបំណាក់ដីល្បាប់ភក់នៅទីក្រុងក្វារូចា ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៣ខែមីនាឆ្នាំ២០២០