រដ្ឋមន្រ្តីអូឡាំពិកជប៉ុនបាននិយាយកាលពីថ្ងៃអង្គារទី៣មីនាថា កិច្ចសន្យា រៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូគ្រាន់តែបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវធ្វើក្នុងអំឡុងឆ្នាំ ២០២០ ប៉ុណ្ណោះ។
ការឆ្លើយតបរបស់លោកស្រី សីកូ ហាស៊ីម៉ូតូ ទៅនឹងសំណួរនៅក្នុង សភា ជាន់ខ្ពស់បានបញ្ជាក់ថា កីឡាអូឡាំពិកអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ ហើយមិនចាំបាច់ចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដាដូចដែលបានគ្រោងទុកនោះទេ។ ការប្រកួតប៉ារ៉ាឡាំពិកនឹងបើកនៅថ្ងៃទី ២៥ ខែសីហា។
កីឡាអូឡាំពិកទីក្រុងតូក្យូកំពុងត្រូវបានគំរាមកំហែងដោយវីរុសកូរ៉ូណាឆ្លង រាលដាលយ៉ាងឆាប់រហ័សដែលគេស្តីបន្ទោសចំពោះការស្លាប់ចំនួន ១២ នាក់នៅក្នុងប្រទេសជប៉ុននិងបានបិទសាលារៀន ការប្រកួតកីឡា និងព្រឹត្តិការណ៍ដែលទាក់ទងនឹងកីឡាអូឡាំពិកភាគច្រើននៅក្នុងប្រទេសនេះ។ វីរុស ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិន ត្រូវបានរកឃើញនៅក្នុង ប្រទេសយ៉ាងតិចចំនួន ៧០ ដោយមានករណីឆ្លងជាង ៩០.០០០ ករណី និង អ្នកស្លាប់ចំនួន ៣.១០០ នាក់។
លោកស្រីហាស៊ីម៉ូតូ បានប្រាប់សភាថា “IOC មានសិទ្ធិលុបចោលការប្រកួត នេះបានលុះត្រាតែកីឡានេះមិនប្រារព្ធធ្វើឡើងក្នុងអំឡុងឆ្នាំ២០២០។ នេះអាចត្រូវ បានបកស្រាយថា ការប្រកួតអាចត្រូវបានពន្យារពេល ដរាបណាការប្រកួត ត្រូវបានប្រារព្ធឡើងក្នុងឆ្នាំប្រក្រតិទិន”។
ទោះយ៉ាងណា ការលើកឡើងអំពីលទ្ធភាពផ្លាស់ប្តូរផែនការនេះ ត្រូវបាន ជំទាស់យ៉ាងរហ័សនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិគណៈកម្មាធិការអូឡាំពិក អន្តរជាតិនៅប្រទេសស្វីស។
អ្នកនាំពាក្យរបស់ IOC លោក ម៉ាក អាដាំ បាននិយាយនៅឯសន្និសីទខ្លីមួយថា “យើងនឹងមានការប្រកួតនៅថ្ងៃទី ២៤ ខែកក្កដា”។
ប្រធាន IOC លោក ថូម៉ាស បាច់ និង អ្នករៀបចំនៅក្រុងតូក្យូបាននិយាយ ម្តងហើយម្តងទៀតថា ពួកគេរំពឹងអូឡាំពិកបើកតាមកាលបរិច្ឆេទកំណត់។ អ្នកខ្លះទៀតលើកឡើងថា វីរុសកូរ៉ូណាអាចបង្ខំឱ្យលុបចោល ផ្អាក ឬ រើព្រឹត្តិការណ៍ទៅទីក្រុងផ្សេង។
IOC បានចេញសេចក្តីថ្លែងការណ៍កាលពីព្រឹកថ្ងៃអង្គារទី៣មីនា ដោយសម្តែងនូវ “ការប្តេជ្ញាចិត្តពេញទំហឹងចំពោះភាពជោគជ័យនៃកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ដែលធ្វើឡើងពីថ្ងៃទី២៤កក្កដាដល់ថ្ងៃទី៩សីហាឆ្នាំ២០២០”៕ ដោយ៖ កញ្ញាដាលីស/Ha