ភ្នំពេញ​៖ តារា​សម្តែង​ល្បី​វ័យក្មេង អាង សុជាតា ហៅ កុមារី ឈូ​ឈូ បានធ្វើ​ការបដិសេធ ចំពោះ​រឿង​កុងត្រា​ផ្តាច់មុខ​ធ្វើ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហ្គោល​តែមួយ​។

​ក្រោយ​រៀបចំ​ពិធីជប់លៀង​អបអរ​ស្នាដៃ​កន្លងមក និង​ប្រកា​សមុខ​តារាចម្រៀង​១៥​រូប របស់​ផលិតកម្ម​ហ្គោល កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ​កន្លងមក បានបង្ហាញ​វត្តមាន​កុមារី ឈូ​ឈូ ជា​តារា​ប្រចាំ​ក្រោម​ទ្រនំ​នេះ​ផងដែរ​។ ជាមួយគ្នា​នោះ ក៏បាន​ធ្វើឱ្យ​មហាជន​និង​បណ្តា​អ្នក ដឹកនាំ​ផលិតកម្ម យល់ច្រឡំ​ចំពោះ​តារា​វ័យក្មេង​រូបនេះ​ថា ជា​តារា​ប្រចាំ​ផលិតកម្ម​ផ្តាច់មុខ ខណៈ​នាង​ក៏​ទទួល​ពានរង្វាន់​សរសើ​រ​ពី​យូ​ធូប (Youtube) ជាតា​រា​មាន​អ្នក​ចូល​ស្តាប់​ច្រើន គួរសម​។

​ឆ្លើយតប​នឹង​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០ ម្តាយ​របស់​តារា​ស្រី​រូបនេះ គឺ​អ្នកនាង សឿង ផាន​ផា​ភួង បានឱ្យដឹងថា ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​មក​កូនស្រី​បានចេញ​មុខ ច្រៀង​ឱ្យ​ផលិតកម្ម​ជាច្រើន​ហើយក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​គួរសម​បន្ទាប់ពី​លេច មុខ​សម្តែង​។ ចុងក្រោយ​នេះ​កូន​របស់​អ្នកនាង ក៏​លេចមុខ​ក្នុង​ផលិតកម្ម​ចម្រៀង​ចំនួន​ពីរ មួយ​គឺ ភ្លើង​មេ​ឌា និង ហ្គោល ប៉ុន្តែ​ក៏មាន​ការយល់ច្រឡំ​ពី​បណ្តា​អ្នកដឹកនាំ​ផ្សេងទៀត គិតថា ឈូ​ឈូ ជា​តារា​ផ្តាច់មុខ​ប្រចាំ​ផលិតកម្ម​ហ្គោល ក្រោយ​ផលិតកម្ម​ប្រកាស​នូវ​តារា​ទាំង​១៥​រូប​រួចមក​។

​អ្នកនាង សឿង ផាន​ផា​ភួង បាន​បញ្ជាក់ថា ចំពោះ​ព័ត៌មាន​នេះ មិន​ពិត​ឡើយ កូនស្រី​របស់​អ្នក នាង​មិនបាន​ជាប់​កុង​តា​ផ្តាច់មុខ​ប្រចាំ​ឱ្យ​ផលិត​កម្មណា​ទាំងអស់ ព្រោះ​កូន​របស់​នាង​ជា​តួ សម្តែង​ដែល​ទទួល​ការថត​រឿង​ជាច្រើន ដូច្នេះ​មិនអាច​តម្រូវ​ចុះ​កុងត្រា​ផ្តាច់មុខ​បានឡើយ​។ ចំពោះ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហ្គោល គឺ​ច្រៀង​ទៅតាម​ចំនួន​បទ​ចម្រៀង​ដែលមាន ហើយ​អ្នកដឹកនាំ​ផលិតកម្ម​ហ្គោល​តម្រូវឱ្យ​ច្រៀង​ទៅតាម​បទ​ចម្រៀង​ដែលមាន​ប៉ុណ្ណោះ​។

​សូមបញ្ជាក់ថា យុវតី អាង សុជាតា ហៅ ឈូ​ឈូ ក្នុង​ផលិតកម្ម​ហ្គោល​មាន​បទ​ចម្រៀង​មួយ ចំនួន​បានចេញ​រួចជាស្រេច​ទាំង​បទ​មនោសញ្ចេតនា និង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​។ ថ្មីៗ​!​នេះ នាង​បានចេញ​បទ​ថ្មី​បែប​ចង្វាក់​ហ៊ី​ប​ហប​គឺ​បទ “​រាំ​ចង្វាក់​អែនអន​” របស់​នាង​ទទួល​បានការ ពេញចិត្ត​ច្រើន​ពី​ទស្សនិកជន​និង​ជាពិសេស​យុវវ័យ​។

​សូម​រំលឹក​ផងដែរ​ថា យុវតី ឈូ​ឈូ តាំងពី​ដើមឆ្នាំ​២០១៩​នេះ​មក​ទទួលបាន​ការថត​ខ្សែភាពយន្ត ជាច្រើន​ជា​ហូរហែ​រទាំង​រឿង​ភាគ និង​រឿង​ដុំ ហើយ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៩ នាង បាន​លេចមុខ​សម្តែង​ក្នុង​រឿង​ដុំ​របស់​ផលិតកម្ម Clips Media រឿង “​ក្មេង​ទី​៦” ។ កាលពី​ថ្មីៗ​នេះ នាង​ទើបតែ​ទទួលបាន​ការងារ​ធំ ក្លាយ​តារា​តំណាង​ការផ្សព្វផ្សាយ​ប្រចាំ​ផលិតផល​ថែរក្សា សម្រស់ ជី​ប៊ី ផងដែរ​។​

​យុវតី អាង សុជាតា ជា​ក្មេងស្រី​ស្រលាញ់​អាណិតម្តាយ​ចេញ​ថត ចេញ​សម្តែង​ជួយ​ម្តាយ​តាំង ពី​អាយុ​១២​ឆ្នាំ ហើយ​ជា​កូនសិស្ស​ម្នាក់​រៀន​ពូកែ​ក្នុង​សាលា​ប៊ែ​ល​ធី ខណៈ​មិត្ត​ភ័ក្ត្រ​ជាច្រើន ស្រលាញ់​រាប់អាន​នាង ក្រោម​ហេតុផល​គឺ​យុវតី ឈូ​ឈូ ជា​មនុស្ស​ចិត្តល្អ ចេះ​យក​ឧស្សាហ៍​គេ មិន​ប្រកាន់វណ្ណៈ មើលងាយ​គេ​៕ ដោយ​: បូ​រិ​ន​