តួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីមួយគ្រឿងនៅក្នុងខេត្តអ៊ីដលីបរបស់ស៊ីរីកាលពីថ្ងៃអង្គារទី៣មីនា ដោយកត់សម្គាល់នូវឧបទ្ទវហេតុបែបនេះជាលើកទី ៣ ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ខណៈការប៉ះទង្គិចគ្នាជាប្រចាំរវាងកងទ័ពជាតិទាំងពីរបានបន្តកើតឡើងជុំវិញការវាយលុករបស់រដ្ឋាភិបាលស៊ីរីគាំទ្រដោយរុស្ស៊ីនៅជិតព្រំដែនតួកគី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបាននិយាយថា កងទ័ពបានបាញ់ទម្លាក់ដ្រូនរបស់តួកគីមួយគ្រឿង ជាហេតុនាំឱ្យមានការបន្តប៉ះទង្គិចគ្នាតទៀតនៅលើមេឃភាគពាយព្យខេត្តអ៊ីដលីប ខណៈការប៉ះទង្គិចបានបន្តកើតឡើងជាច្រើនថ្ងៃ និងបង្ហាញនូវដំណាក់កាលថ្មីមួយទៀតនៅក្នុងសង្គ្រាម ៩ ឆ្នាំមកនេះ។
នៅមុនកិច្ចប្រជុំកំពូលដែលគេរំពឹងធ្វើនៅចុងសប្តាហ៍នេះរវាងប្រធានាធិបតីតួកគីនិងរុស្ស៊ីដែលជាមហាអំណាចសម្របសម្រួលដ៏សំខាន់ទាំងពីរនៅស៊ីរី រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ បានបន្ទោសតួកគីចំពោះការកើនឡើងភាពតានតឹងនេះ។
ក្រុមមន្រ្តីរុស្ស៊ីបាននិយាយថាពួកគេចាប់តួកគីឱ្យទទួលខុសត្រូវចំពោះការដួលរលំកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានសម្រេចនៅទីក្រុងសូជីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ ដោយនិយាយថារបបក្រុងអង់ការ៉ាមិនបានប្រកាន់ខ្ជាប់នូវការសន្យាររបស់ខ្លួនក្នុងការទប់ស្កាត់ក្រុមសកម្មប្រយុទ្ធកុំឱ្យបន្តវាយប្រហារគោលដៅរបស់ស៊ីរីនិងរុស្ស៊ីនោះទេ។
លោកឡាវរ៉ូវបានថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីហ្វាំងឡង់លោក ប៉េកកា ហាអាវីស្តូ នៅទីក្រុងហែលស៊ីនគី កាលពីថ្ងៃអង្គារថា “ដំណោះស្រាយចំពោះបញ្ហាគឺស្ថិតលើការអនុវត្តកិច្ចព្រមព្រៀង (ក្រុងសូជី)។ ពួកគេមិនបានអនុវត្តទេ”។ លោកសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំថ្ងៃព្រហស្បតិ៍ដែលបានគ្រោងទុករវាងប្រធានាធិបតីរុស្ស៊ីនិងតួកគីនៅទីក្រុងមូស្គូនឹងផ្លាស់ប្តូរស្ថានភាព។
បន្តដាក់សម្ពាធលើសមរភូមិ យោធាតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីមួយគ្រឿង ដែលជាការបាញ់ទម្លាក់លើកទីបីហើយគិតចាប់តាំងពីថ្ងៃអាទិត្យមក។ យោធាស៊ីរីបាននិយាយថាកងកម្លាំងតួកគីបានតម្រង់មីស៊ីលបាញ់លើយន្តហោះចម្បាំងមួយ ដែលកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករនៅក្នុងខេត្តអ៊ីដលីបកាន់កាប់ដោយក្រុមឧទ្ទាម ដោយបណ្តាលឱ្យយន្តហោះធ្លាក់នៅភាគពាយព្យនៃទីប្រជុំជនម៉ាអារ៉េតអាល់នូម៉ាន់។ ជោគវាសនារបស់អាកាសយានិកនៅមិនទាន់ដឹងទេ៕ ដោយ៖ កញ្ញាដាលីស